សេដ្ឋកិច្ច

ណាហ្គាវើលដ៍ នឹងរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ

ដោយ៖ សិរីមតី

ភ្នំពេញ ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ឆ្នាំ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយចូលរួមលើកកម្ពស់វប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរដោយរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥។

ការសម្តែងនៅថ្ងៃទី៩ ឧសភា ២០២៥ ផ្តល់ជូនសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញប៉ុណ្ណោះ រីឯការសម្តែងនៅថ្ងៃទី១០ ឧសភា ផ្តល់ជូនសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីដោយតម្រូវឱ្យសាធារណជនអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី៥ ឧសភា ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្ត្រីដោយវង់តន្ត្រីយុវជនអង្គរ សមាគមសិល្បៈសុវណ្ណភូមិ និងសាលាគុនល្បុក្កតោជ័យតេជៈ។ បន្ថែមទៅលើការសម្តែងល្ខោនស្រមោលស្បែកធំ និងគុនល្បុក្កតោ វង់តន្ត្រីយុវជនអង្គរនឹងផ្តល់ជូនការប្រគំតន្ត្រីមរតកសំនៀងប្រពៃណីខ្មែរផងដែរ។ ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងផ្តល់ជាទស្សនីយភាពនៃសិល្បៈបុរាណខ្មែរដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ខណៈការសម្តែងគុនល្បុក្កតោនឹងបង្ហាញពីក្បាច់គុនបុរាណខ្មែរដែលមានស្នៀតប្រយុទ្ធ កម្លាំង និងកេរដំណែលវប្បធម៌ដ៏អស្ចារ្យ។

  • បន្ថែមអំពីក្រុមសម្តែងទាំង៣ ៖

វង់តន្ត្រីយុវជនអង្គរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជនជាតិជប៉ុនលោក ស៊ិនិឈិ មិណាមិ មានអ្នកសិល្បៈអាជីពប្រមាណ ៧០ នាក់ និងដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងលោក  រ៉ម តារាវង្ស ។ វង់តន្ត្រីនេះត្រូវបានគេស្គាល់តាមរយៈសមត្ថភាពប្រគំតន្ត្រីដ៏ពីរោះ និងការស្រឡាញ់វិស័យសិល្បៈដ៏ជ្រាលជ្រៅរបស់ពួកគេ។

សមាគមសិល្បៈសុវណ្ណភូមិ ដែលជាសមាគមសិល្បៈឯករាជ្យបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយទ្រទ្រង់វប្បធម៌ និងអរិយធម៌របស់ខ្មែរឱ្យឋិតថេរ និងដឹកនាំដោយស្ថាបនិក លោកស្រី Delphine Kassem និងនាយកសិល្បៈ លោក ម៉ាន់ កុសល ដែលផ្តល់ឱកាសឱ្យអ្នកសិល្បៈខ្មែរអាចសម្តែង ប្រកបរបរចិញ្ចឹមជីវិត និងចែករំលែកជំនាញរបស់ពួកគេ។

សាលាគុនល្បុក្កតោជ័យតេជៈ គឺជាសាលាគុនល្បុក្កតោដំបូងដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០២០។ គោលបំណងរបស់សាលាគុន គឺជួយអភិរក្សវប្បធម៌ខ្មែរដោយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌តាមរយៈការចូលរួម និងចែករំលែកវប្បធម៌ខ្មែរជាមួយទស្សនិកជនជាតិ និងអន្តរជាតិ។

  • កម្មវិធីនៃព្រឹត្តិការណ៍ទាំងមូល ៖

សាធារណជន អតិថិជន និងពុកម៉ែបងប្អូន នឹងទទួលបាននូវបទពិសោធន៍ដ៏សប្បាយរីករាយជាមួយការសម្តែងរបស់វង់តន្ត្រីយុវជនអង្គរ ឧបករណ៍ភ្លេងបុរាណ អ្នករបាំ និងក្រុមចម្រៀង។ ការសម្តែងនេះ រួមបញ្ចូលការរឭកដឹងគុណដល់កេរដំណែលរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។

សូមគោរពអញ្ជើញអ្នកដែលស្រឡាញ់វប្បធម៌ ក្បាច់គុន ការប្រគំតន្ត្រី និងសាធារណជនទូទៅ ចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យឱ្យបានគ្រប់ៗគ្នា។

  • បន្ថែមអំពីការផ្តល់ជូនក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ ៖

ការសម្តែងនេះគឺជាការសម្តែងទី១ក្នុងចំណោមការសម្តែងធំៗចំនួន៤នៅសាលមហោស្រពNABAដែល នឹងផ្តល់ជូនពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥។សម្រាប់ព័ត៌មានបន្ថែមអំពីការសម្តែងនិងប្រូម៉ូសិនផ្សេងៗក្នុងឱកាសខួប៣០ឆ្នាំរបស់ណាហ្គាវើលដ៍សូមចូលទៅកាន់គេហទំព័រwww. Naga World .com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ៕