ប្រែសម្រួល៖ស-សម្បត្តិ

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានប្រកាសឯកតោភាគីអំពីការផ្អាកបាញ់រយៈពេលបីថ្ងៃនៅអ៊ុយក្រែននៅខែក្រោយ ដែលជាជំហានមួយត្រូវបានមន្ត្រីអ៊ុយក្រែនចាត់ទុកថាមានភាពសង្ស័យ ហើយពួកគេបានទាមទារឱ្យមេដឹកនាំក្រឹមឡាំងភ្លាមៗទទួលយកសំណើផ្អាកបាញ់យូរជាងនេះ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដែលគាត់បានបដិសេធរហូតមកដល់ពេលនេះ។
ក្រុងមូស្គូបានឱ្យដឹងថា “រាល់សកម្មភាពយោធាទាំងអស់” នៅអ៊ុយក្រែននឹងត្រូវពន្យារពេលចាប់ពីយប់អធ្រាត្រថ្ងៃទី៨ ខែឧសភា រហូតដល់យប់អធ្រាត្រថ្ងៃទី១១ ខែឧសភា ដែលជាសេចក្តីសម្រេចមួយដែលត្រូវបានធ្វើឡើងដោយផ្អែកលើ “ការពិចារណាផ្នែកមនុស្សធម៌។” ការផ្អាកបាញ់នេះនឹងចំពេលជាមួយពិធីរំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទី២ របស់រុស្ស៊ីនៅថ្ងៃទី៩ ខែឧសភា និងខួបទី៨០ នៃការបរាជ័យរបបណាស៊ីអាល្លឺម៉ង់។
សេចក្តីប្រកាសរបស់លោក ពូទីន ដែលត្រូវបានសេតវិមានបន្តជំរុញឱ្យមាន “ការផ្អាកបាញ់អចិន្ត្រៃយ៍” កើតឡើងនៅពេលដែលរដ្ឋបាលលោក ត្រាំ បង្កើនសម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគៀវ ឱ្យឯកភាពលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ម៉ាកូ រូប៊ីអូ បាននិយាយថា សប្តាហ៍នេះនឹងមាន “សារៈសំខាន់ខ្លាំង” ក្នុងការកំណត់ថាតើសហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួលសន្តិភាពដែរឬទេ។
“ខណៈពេលដែលប្រធានាធិបតី ត្រាំ ស្វាគមន៍ការស្ម័គ្រចិត្តរបស់លោក វ្លាឌីមៀរ ពូទីន ក្នុងការផ្អាកជម្លោះ ប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់បានការផ្អាកបាញ់អចិន្ត្រៃយ៍ និងនាំយកជម្លោះនេះទៅរកដំណោះស្រាយដោយសន្តិវិធី” អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក ប្រាយអិន ហ៊្យូស បាននិយាយកាលពីថ្ងៃចន្ទ។
នៅពេលក្រោយមកនៅថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេឡេនស្គី បានហៅការប្រកាសផ្អាកបាញ់នេះថាជា “ការប៉ុនប៉ងក្នុងការរៀបចំល្បិច” ដោយចង្អុលបង្ហាញថា ទោះបីជាមេដឹកនាំក្រឹមឡាំងនិយាយថា គាត់ចង់បានសន្តិភាពក៏ដោយ ក៏គាត់មិនបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការផ្អាកបាញ់រយៈពេល៣០ថ្ងៃ ដែលទីក្រុងគៀវបានយល់ព្រមដែរ។
“រុស្ស៊ីបានបដិសេធយ៉ាងជាប់លាប់នូវអ្វីៗទាំងអស់ ហើយនៅតែបន្តរៀបចំល្បិចលើពិភពលោក ព្យាយាមបោកប្រាស់សហរដ្ឋអាមេរិក។ ឥឡូវនេះ ម្តងទៀតហើយ ការប៉ុនប៉ងរៀបចំល្បិចថ្មីមួយទៀត៖ ដោយហេតុផលអ្វីមួយ មនុស្សគ្រប់គ្នាត្រូវរង់ចាំរហូតដល់ថ្ងៃទី៨ ខែឧសភា មុនពេលផ្អាកការបាញ់ — គ្រាន់តែដើម្បីផ្តល់ភាពស្ងាត់ស្ងៀមដល់លោក ពូទីន សម្រាប់ការធ្វើព្យុហយាត្រារបស់គាត់” លោក សេឡេនស្គី បានសរសេរក្នុងការប្រកាសនៅលើបណ្តាញ X។
ប្រធានបុគ្គលិករបស់លោក សេឡេនស្គី គឺលោក អាន់ដ្រី យឺម៉ាក់ បានអរគុណលោក ត្រាំ កាលពីថ្ងៃចន្ទ ចំពោះ “ការគាំទ្រការផ្អាកបាញ់ពេញលេញ” ដោយសរសេរក្នុងការប្រកាសលើបណ្តាញ X ថា “មានតែការផ្អាកបាញ់អចិន្ត្រៃយ៍ គ្មានលក្ខខណ្ឌ និងគ្រប់ជ្រុងជ្រោយ — មិនមែនជាការផ្អាកបញ្ចោះអាសន្នទេ ដូចជាអ្វីដែលលោក ពូទីន ស្នើ — គឺមានភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាម។”
“ប្រសិនបើរុស្ស៊ីពិតជាចង់បានសន្តិភាព រុស្ស៊ីត្រូវតែផ្អាកការបាញ់ភ្លាមៗ” រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន អាន់ដ្រី ស៊ីប៊ីហា បាននិយាយ ឆ្លើយតបទៅនឹងសេចក្តីប្រកាសកាលពីថ្ងៃចន្ទរបស់ក្រឹមឡាំង។ “ហេតុអ្វីត្រូវរង់ចាំរហូតដល់ថ្ងៃទី៨ ខែឧសភា?”
“អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រការផ្អាកបាញ់យូរអង្វែង មាននិរន្តរភាព និងពេញលេញ។ ហើយនេះជាអ្វីដែលយើងស្នើជាប្រចាំ យ៉ាងហោចណាស់រយៈពេល៣០ថ្ងៃ” គាត់បានបន្ថែម។
- «គ្មានការផ្អាកបាញ់ក្នុងការពិត»
សេចក្តីប្រកាសនេះកើតឡើងបន្តិចលើសពីមួយសប្តាហ៍បន្ទាប់ពីក្រឹមឡាំងបានប្រកាសការផ្អាកបាញ់រយៈពេល៣០ម៉ោងក្នុងពិធីបុណ្យអ៊ីស្ទើរ ដែលក្រុងគៀវបានយល់ព្រមដោយប្រុងប្រយ័ត្ន។ កងទ័ពអ៊ុយក្រែននៅពេលក្រោយមកបានចោទប្រកាន់រុស្ស៊ីថាបានរំលោភការផ្អាកបាញ់នៅថ្ងៃទី១៩ ខែមេសានោះ ដោយមានការវាយប្រហារចំនួនជាង២,៩០០លើកនៅតាមបណ្តោយខ្សែប្រយុទ្ធដ៏ធំធេង។ ក្រុងមូស្គូក៏បានចោទប្រកាន់អ៊ុយក្រែនថាបានបំពានការផ្អាកបាញ់នោះដដែលៗ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ និយាយថា សប្តាហ៍ខាងមុខនឹងជាពេលវេលាសំខាន់ក្នុងការចរចាបញ្ចប់សង្គ្រាម លើសពីបីឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន។
“យើងស្ថិតនៅជិត ប៉ុន្តែយើងមិនទាន់នៅជិតគ្រប់គ្រាន់ទេ” លោក រូប៊ីអូ បាននិយាយនៅលើកម្មវិធី “ជួបប្រជុំសារព័ត៌មាន” របស់ NBC កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេ ឡាវរ៉ូវ។
ក្រុងមូស្គូបានពិពណ៌នាអំពី “ការផ្លាស់ប្តូរទស្សនៈដែលផ្តល់ផល” រវាងអ្នកទាំងពីរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីភាពខកចិត្តកាន់តែខ្លាំងឡើងចំពោះកិច្ចខិតខំប្រឹងប្រែងដែលបរាជ័យក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពក្នុងគោលដៅដែលគាត់បានកំណត់ដោយខ្លួនឯងគឺ១០០ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់គាត់។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានលើកឡើងពីការរិះគន់យ៉ាងច្បាស់ចំពោះលោក ពូទីន ក្នុងមតិដ៏មានឥទ្ធិពលបំផុតរបស់គាត់មកទល់នឹងពេលនេះ ដោយជំរុញឱ្យដៃគូរុស្ស៊ីរបស់គាត់ “ឈប់បាញ់ អង្គុយចុះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង”។
“យើងមានក្របខណ្ឌនៃកិច្ចព្រមព្រៀង ខ្ញុំជឿជាក់ ហើយខ្ញុំចង់ឱ្យគាត់ចុះហត្ថលេខាលើវា ហើយបញ្ចប់វា ហើយគ្រាន់តែត្រឡប់ទៅរកជីវិតធម្មតា” លោក ត្រាំ បាននិយាយ។
មតិយោបល់របស់លោក ត្រាំ កើតឡើងបន្ទាប់ពីគាត់បានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីធ្វើដំណើរទៅចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាបហ្វ្រង់ស៊ីសនៅវ៉ាទីកង់កាលពីថ្ងៃសៅរ៍។ គាត់បានជួបជាមួយលោក សេឡេនស្គី នៅតាមផ្លូវក្នុងពិធីនោះសម្រាប់ការពិភាក្សាខ្លីមួយ ដែលភាគីទាំងពីរបានពិពណ៌នាថាមានផលិតភាព។
ចាប់តាំងពីថ្ងៃទី១៩ ខែមេសា នៅពេលដែលលោក ពូទីន បានប្រកាសការផ្អាកបាញ់បណ្តោះអាសន្នក្នុងពិធីបុណ្យអ៊ីស្ទើរ ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៦២នាក់ និងបានរងរបួសអ្នកផ្សេងទៀត២៩០នាក់នៅអ៊ុយក្រែន យោងតាមការបូកសរុបរបស់ CNN នៃតួលេខពីអាជ្ញាធរមូលដ្ឋាន និងសេវាសង្គ្រោះបន្ទាន់។
“ការផ្អាកបាញ់ក្នុងពិធីបុណ្យអ៊ីស្ទើរបានបង្ហាញរួចមកហើយថា គ្មានការផ្អាកបាញ់ក្នុងការពិតទេ” មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងសេវាសន្តិសុខអ៊ុយក្រែន (SBU) ដែលមានឈ្មោះហៅក្រៅថា បង់គី ហើយបានចូលរួមប្រយុទ្ធនៅតំបន់ហសាប៉ូរីហ្សា បានប្រាប់ CNN កាលពីថ្ងៃចន្ទ។
“មានដ្រូនសត្រូវជាច្រើន ហើយកាំភ្លើងធំបានបន្តធ្វើការដោយមិនកាត់បន្ថយភាពញឹកញាប់” លោក បង់គី បានឆ្លុះបញ្ចាំង។ “ការផ្អាកបាញ់ក្នុងពិធីបុណ្យអ៊ីស្ទើរបានបង្ហាញថា វាគ្រាន់តែជាសេចក្តីថ្លែងការណ៍ជាសាធារណៈដែលមិនត្រូវបានបញ្ជាក់ក្នុងការអនុវត្តជាក់ស្តែងទេ៕”
