សេដ្ឋកិច្ច

សិក្ខាសាលាដ៏មានសារសំខាន់ស្ដីពីនិយោជិតរីករាយនិយោជករុងរឿង

ដោយ៖ប្រសិទ្ធ

សាលា LY HAW HR SOLUTION (លី ហាវ) បានរៀបចំសិក្ខាសាលាមួយស្ដីពីនិយោជិតរីករាយនិយោជករុងរឿង ក្រោមប្រធានបទ “សមត្ថភាពនិងឱកាស” កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងពិសេសទៅដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួម ដោយទទួលបាននូវការយល់ដឹងច្បាស់លាស់អំពី SWOT (ភាពខ្លាំង,ភាពទន់ខ្សោយ, ឱកាស ,ការគំរាមកំហែង) របស់ខ្លួន, ដឹងច្បាស់ខ្លួនឯងជាបុគ្គលិកសមត្ថភាពនិយម ឬឱកាសនិយម, ចេះប្រើសមត្ថភាពដើម្បីបង្កើតឱកាស និងចេះប្រើឱកាសដើម្បីបង្កើនសមត្ថភាព។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗចំនួន ៣ រូប រួមមាន ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សាអភិវឌ្ឍន៍មូលធនមនុស្ស, ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន USRV Group co., Ltd និងលោកគ្រូ លី ហាវ ស្ថាបនិក LY HAW HR SOLUTION ដែលជាអ្នករៀបចំសិក្ខាសាលានេះឡើង និងមានសាស្ត្រាចារ្យ និងសិក្ខាកាមចូលរួមជិត ១០០ នាក់។

លោកគ្រូ លី ហាវ

លោកគ្រូ លី ហាវ ដែលជាវិតគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងបីរូបនៅក្នុងកម្មវិធីសិក្ខាសាលាបានលើកឡើងថា បុព្វហេតុនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីឈ្វេងយល់អំពីពាក្យ សច្ចៈ ខន្តី និងកតញ្ញូ ដែលពាក្យទាំងបីនៅទីនេះ សុទ្ធតែពាក់ព័ន្ធជាមួយនិយោជិត និងនិយោជក។ សច្ចៈ គឺជាសេចក្តីពិត ត្រឹមត្រូវ ទៀងត្រង់ ច្បាស់លាស់ ថាយ៉ាងម៉េចធ្វើយ៉ាងនោះ សន្យាបែបណាគឺត្រូវអនុវត្តបែបនោះ មិនមែនសន្យាហើយ នៅពេលដែលផុតគ្រោះ ភ្លេចសន្យានោះ។ ទោះនិយោជិតសន្យាជាមួយនិយោជក ឬនិយោជកសន្យាជាមួយនយោជិត ក៏ដោយ។ ពាក្យថាខន្តី គឺជាការអត់ធ្មត់គ្រប់បែបយ៉ាង ទោះមានរឿងអ្វីក៏ដោយ ត្រូវព្យាយាមដោះស្រាយឱ្យបានល្អប្រសើរបំផុត។ ពីព្រោះវាផ្អែកទៅលើសច្ចភាព យើងមានសច្ចៈមិនប្រាកដថា គេមានសច្ចៈនោះទេ ដូច្នេះនៅពេលដែលគេមិនមានសច្ចៈដូចយើង ប្រាកដណាស់ យើងត្រូវមានខន្តី។ ចំណែកឯពាក្យថាកតញ្ញូ គឺសំដៅទៅលើការដឹងគុណដល់អ្នកដែលធ្លាប់បានជួយយើង ធ្លាប់បានផ្ដល់ឱកាសឲ្យយើង និយោជិតដឹងគុណនិយោជក  និយោជកក៏ត្រូវដឹងគុណ និងលើកទឹកចិត្តនិយោជិត។

វាគ្មិនមួយរូបទៀតដែលមានភាពឆ្នើមនៅក្នុងការចែករំលែកគន្លឹះសំខាន់ៗ គឺឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សាអភិវឌ្ឍន៍មូលធនមនុស្ស ដែលចែករំលែកផ្ដោតសំខាន់ទៅលើប្រធានបទ “មនុស្សមានសមត្ថភាព ទើបមានឱកាស”។ លោកបានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព គ្រាន់តែសមត្ថភាពទាំងនោះគឺខុសៗគ្នា ទៅតាមការប្រឹងប្រែងរបស់មនុស្សម្នាក់ៗ។ ដើម្បីធ្វើឲ្យខ្លួនមានសមត្ថភាពទៅបាន លុះត្រាតែមនុស្សម្នាក់ៗត្រូវអភិវឌ្ឍន៍ខ្លួន និងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសត្រូវចេះអភិវឌ្ឍន៍និងកែច្នៃពីភាពអវិជ្ជមានមកជាវិជ្ជមាន។ បន្ថែមពីនេះលោកក៏បានលើកឡើងទៀតថា នៅពេលដែលយើងបានអភិវឌ្ឍន៍ខ្លួនបានត្រឹមត្រូវ និងល្អប្រសើរ នោះឱកាសនឹងមានសម្រាប់យើង ដោយនៅលើលោកយើងនេះ អ្វីក៏ដោយសុទ្ធតែមានការប្រកួតប្រជែង ការប្រកួតប្រជែងនេះគឺជាឱកាស។ ក្នុងឱកាសនោះដែរ លោកក៏បានផ្ដល់ជូនសារដ៏សំខាន់មួយឃ្លាថា “ដើម្បីឲ្យខ្លួនឯងមានសមត្ថភាពត្រូវសួរខ្លួនឯងថា នៅពេលបច្ចុប្បន្ននេះ ខ្លួនយើងបានធ្វើល្អហើយឬនៅ ស្អាតនៅ ស្តង់ដានៅ អស្ចារ្យឬនៅ?”។

ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សាអភិវឌ្ឍន៍មូលធនមនុស្ស

មនុស្សភាគច្រើនគឺចេះប៉ុន្តែអត់ដឹង កាលដែលយើងកើតមកមិនដឹងមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហា គឺនៅត្រង់ថា មិនដឹងហើយនៅតែមិនចង់ដឹង។

ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន USRV Group co., Ltd

ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន USRV Group co., Ltd ដែលជាវាគ្មិនដ៏សំខាន់នៅក្នុងសិក្ខាសាលាខាងលើមួយរូបទៀត លោកបានចែករំលែកទៅលើប្រធានបទដ៏សំខាន់ដែលទាក់ទងទៅនឹង “មានឱកាស ទើបអាចបញ្ចេញសមត្ថភាព”។ លោកបានលើកឡើងថា ឱកាសគឺជាពេលវេលាណាមួយដែលបានផ្ដល់ឱ្យយើង បានទៅធ្វើអ្វីមួយដែលជាគោលដៅដ៏ត្រឹមត្រូវ។ លោកថា មានឱកាសរួមបញ្ចូលការបង្កើតសមត្ថភាព គឺយើងនឹងទទួលបានជោគជ័យទាំងក្នុងការបំពេញការងារ និងការធ្វើអាជីវកម្ម។

បន្ថែមពីនេះ លោកបានលើកឡើងទៀតថា ឱកាសគឺមានច្រើន ប៉ុន្តែនៅទីនេះលោកលើកឡើងអំពីឱកាសសំខាន់ៗចំនួន ៥ ដើម្បីយកមកធ្វើការចែករំលែក។ ដោយឱកាសទាំងនេះអាចជួយទៅដល់សិស្សនិស្សិត បុគ្គលិក ថ្នាក់ដឹកនាំក្រុមហ៊ុន ឬម្ចាស់អាជីវកម្មជាដើម ដោយឱកាសទាំងនោះរួមមាន ឱកាសកើតឡើងដោយឯងៗ (Natural Opportunity, ឱកាសដែលកើតមាននៅក្នុងពេលគ្រោះថ្នាក់បំផុត (Crashes Opportunity, ឱកាសនៃការអភិវឌ្ឍខ្លួន (Future Opportunity), ឱកាសដែលទទួលបានពីការផ្ដល់ឲ្យ (Given Opportunity), ឱកាសដែលយើងបង្កើតឡើងដោយខ្លួនឯង (Cell Created Opportunity)។

នៅក្នុងកម្មវិធីសិក្ខាសាលាដ៏វិសេសវិសាលនេះ មានការជជែកសួរដេញដោលពីសំណាក់សិក្ខាកាមដែលបានអញ្ជើញចូលរួមយ៉ាងផុសផុល។ ដោយសង្កេតឃើញថាសិក្ខាកាមដែលបានចូលរួម បានទទួលចំណេះដឹង និងយល់កាន់តែស៊ីជម្រៅអំពីប្រធានបទខាងលើ ដែលបានលើកឡើងអំពី មនុស្សមានសមត្ថភាព ទើបមានឱកាស និងមានឱកាសទើបអាចបញ្ចេញសមត្ថភាព។ ជាពិសេសបានយល់ដឹងអំពីថាតើក្នុងនាមជានិយោជិតត្រូវធ្វើយ៉ាងណាដើម្បីឲ្យនិយោជកសប្បាយចិត្ត ហើយប្រសិនបើក្នុងនាមជានិយោជក តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យនិយោជិតសប្បាយចិត្ត។ ដែលទាំងនេះគឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅលើសមត្ថភាពនិងឱកាស៕