សន្ដិសុខសង្គម

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្នុងខារ៉ាអូខេឈ្មោះ «ដឹឃ្វីន» នៅក្រុងប៉ោយប៉ែតឃាត់មនុស្សជិត៦០នាក់ , ជនជាតិចិន៦នាក់ដែលសង្ស័យប្រើប្រាស់សារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់សារធាតុញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ដឹឃ្វីន» (The Queen) ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់មនុស្សជិត៦០នាក់ក្នុងនោះជនជាតិចិនចំនួន៦នាក់។

ជនសង្ស័យចំនួន១៦នាក់ ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្ចាស់ទីតាំងម្នាក់ជាមេខ្លោង, បុគ្គលិកចំនួន១៣នាក់ (សមគំនិត) និងអ្នកជួញដូរគ្រឿងញៀនចំនួន២នាក់ ត្រូវបានចាប់បញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ដោយឡែកជនបរទេស(ចិន) ដែលប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យបញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត ដោយមិនឲ្យបញ្ជូនមកកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននោះទេ។

មនុស្សចំនួន ៣៤នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត។ ប្រតិបត្តិការនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាចមានមនុស្សជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួន ប៉ុន្តែមុនពេលកម្លាំងនគរបាលចុះបង្ក្រាប មានអ្នកលួចរាយការណ៍ទៅម្ចាស់ទីតាំង ទើបមានជនបរទេសជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួន។

សូមរំលឹកថា តាមបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីពេលកន្លងទៅ, សម្រាប់ជនបរទេសទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា រាប់ទាំងបទល្មើសគ្រឿងញៀនផងនោះ ត្រូវតែផ្តន្ទាទោសតាមច្បាប់ រួចហើយធ្វើការបណ្តេញចេញពីប្រទេស ហើយសម្រាប់ជនបរទេសដែលប្រើប្រាស់ក៏ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ ដោយមិនបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ៕