ប្រែសម្រួល៖ស-សម្បត្តិ

ចៅក្រមតុលាការក្រុង Milwaukee County Hannah Dugan ត្រូវបានចាប់ខ្លួនដោយ FBI និងត្រូវបានចោទប្រកាន់នៅតុលាការសហព័ន្ធពីបទដែលត្រូវបានចោទប្រកាន់ថាបានជួយជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ឱ្យគេចពីអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ Dugan ប្រឈមមុខនឹងការចោទប្រកាន់ពីរបទពីបទរារាំង និងលាក់បាំងបុគ្គលពីការចាប់ខ្លួន ប៉ុន្តែនាងត្រូវបានដោះលែងបន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅតុលាការ។
យោងតាមឯកសារចោទប្រកាន់ ភ្នាក់ងារសហព័ន្ធស្លៀកពាក់ជាជនស៊ីវិលបានទៅកាន់បន្ទប់សវនាការរបស់ Dugan នៅថ្ងៃទី១៨ ខែមេសា ដោយមានបំណងចាប់ខ្លួន Eduardo Flores-Ruiz ជាជនអន្តោប្រវេសន៍ជនជាតិម៉ិកស៊ិក ដែលត្រូវបាននិរទេសពីមុននៅឆ្នាំ ២០១៣ ប៉ុន្តែបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកដោយខុសច្បាប់។ បន្ទាប់ពីត្រូវបានជូនដំណឹងអំពីវត្តមានរបស់ភ្នាក់ងារដោយអនុចៅក្រមបន្ទប់សវនាការរបស់នាង សាក្សីបានអះអាងថា ចៅក្រម Dugan បានខឹងយ៉ាងខ្លាំង ប្រឈមមុខជាមួយភ្នាក់ងារនៅក្នុងផ្លូវរបៀង និងបានទាមទារឱ្យពួកគេចាកចេញពីតុលាការ។
សាក្សីជាច្រើននាក់ រួមទាំងអនុ្រធានបន្ទប់សវនាការរបស់ Dugan ព្រះរាជអាជ្ញាម្នាក់ និងអ្នកឯកទេសជនរងគ្រោះសាក្សីម្នាក់ បានរាយការណ៍ថា Dugan បានណែនាំឱ្យ Flores-Ruiz និងមេធាវីរបស់គាត់ចេញតាម “ទ្វារគណៈវិនិច្ឆ័យ” ដែលនាំទៅកាន់តំបន់មិនសាធារណៈនៃតុលាកា។ សាក្សីម្នាក់បានលើកឡើងថា Dugan បានបញ្ឈប់ពួកគេពីការប្រើប្រាស់ច្រកចេញធម្មតា ដោយនិយាយអ្វីមួយដូចជា “ចាំ មកជាមួយខ្ញុំ។” ភ្នាក់ងារសហព័ន្ធចុងក្រោយបានរកឃើញ Flores-Ruiz នៅខាងក្រៅតុលាការ ជាកន្លែងដែលគាត់បានព្យាយាមគេចខ្លួនមុនពេលត្រូវចាប់ខ្លួន។
នាយក FBI Kash Patel បានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ចៅក្រម Dugan បានណែនាំភ្នាក់ងារសហព័ន្ធដោយចេតនាឱ្យចេញឆ្ងាយពីជនដែលត្រូវចាប់ខ្លួននៅក្នុងតុលាការរបស់នាង” ដែលអនុញ្ញាតឱ្យ “ជនបរទេសខុសច្បាប់” គេចវេះពីការចាប់ខ្លួន។ Patel បានបន្ថែមថា ទោះបីជាភ្នាក់ងារចុងក្រោយបានចាប់ខ្លួន Flores-Ruiz ក៏ដោយ “ការរារាំងរបស់ចៅក្រមបានបង្កើតគ្រោះថ្នាក់កើនឡើងដល់សាធារណជន។”
ការចាប់ខ្លួននេះតំណាងឱ្យការកើនឡើងនៃការផ្តោតរបស់រដ្ឋបាល Trump លើការប្រព្រឹត្តរបស់តុលាការពាក់ព័ន្ធនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។ ក្រសួងយុត្តិធម៌បានអះអាងជាបន្តបន្ទាប់ថា វានឹងស៊ើបអង្កេតមន្ត្រីមូលដ្ឋានដែលមិនជួយអាជ្ញាធរសហព័ន្ធលើបញ្ហាអន្តោប្រវេសន៍។ មន្ត្រីរដ្ឋបាល Trump រួមទាំងអគ្គមេធាវី Pam Bondi និងអ្នកគ្រប់គ្រងព្រំដែន Tom Homan បានចាត់ទុកការចាប់ខ្លួននេះថាជាការអនុវត្តច្បាប់ចាំបាច់ប្រឆាំងនឹងមន្ត្រីដែលរារាំងប្រតិបត្តិការអន្តោប្រវេសន៍។
ទោះយ៉ាងណាក៏ដោយ ការចាប់ខ្លួននេះបានទទួលការរិះគន់ពីអ្នកប្រឆាំងនឹងរដ្ឋបាល។ អភិបាលរដ្ឋ Wisconsin Tony Evers ជាសមាជិកគណបក្សប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា រដ្ឋបាល Trump បានប្រើប្រាស់ “ការនិយាយគំរាមកំហែងដើម្បីវាយប្រហារ និងព្យាយាមបំផ្លាញបណ្ដាញតុលាការរបស់យើងគ្រប់កម្រិត” ខណៈដែលសង្កត់ធ្ងន់លើការសន្មតនៃភាពគ្មានទោស។ អភិបាលក្រុង Milwaukee Cavalier Johnson បានសម្តែងការព្រួយបារម្ភថា ការចាប់ខ្លួននេះអាចធ្វើឱ្យប្រជាពលរដ្ឋរាថយពីការមកតុលាការ ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ តំណាងរាស្ត្រប្រជាធិបតេយ្យ Gwen Moore ដែលមណ្ឌលរបស់នាងរួមបញ្ចូលទាំង Milwaukee បានពិពណ៌នាការចាប់ខ្លួននេះថា “គួរឱ្យភ្ញាក់ផ្អើល” ដោយមាន “លក្ខណៈទាំងអស់នៃការលើសពីសិទ្ធិអំណាច។”
មេធាវីរបស់ Dugan បានថ្លែងនៅក្នុងតុលាការថា ចៅក្រម “សោកស្តាយយ៉ាងខ្លាំង និងតវ៉ាចំពោះការចាប់ខ្លួនរបស់នាង” ដោយអះអាងថា “វាមិនមែនធ្វើឡើងដើម្បីផលប្រយោជន៍នៃសុវត្ថិភាពសាធារណៈទេ។” ក្នុងពេលជាមួយគ្នានេះ Flores-Ruiz នៅតែត្រូវបានឃុំខ្លួនក្នុងបទចោទប្រកាន់សហព័ន្ធដាច់ដោយឡែកទាក់ទងនឹងការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីគេចពីការចាប់ខ្លួន៕
