សេដ្ឋកិច្ច

វៀតណាមប្រមូលផ្តុំគ្រប់កម្លាំងដើម្បីជំរុញប្រទេសជាតិផ្លាស់ប្តូរថ្មី

ដោយ៖ សិរីមតី

ឆ្នាំ២០២៥ គឺជាឆ្នាំសំខាន់ និងមានអត្ថន័យជាច្រើនសម្រាប់ប្រជាជនវៀតណាមគ្រប់រូប ដោយមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា៖ ខួបលើកទី៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ១៩៣០ – ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥) ខួបលើកទី៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ – ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥) និងខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ – ថ្ងៃទី៣០ មេសា ២០២៥)។

ក្រោយរយៈពេលជិត៤០ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មីក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសនេះបានជំនះរាល់ការលំបាក និងសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើនជាប្រវត្តិសាស្ត្រ។ ពីប្រទេសក្រីក្រ បំផ្លិចបំផ្លាញដោយសង្គ្រាម ឡោមព័ទ្ធ និងឯកោ ហើយដល់នាបច្ចុប្បន្ន វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលជាមធ្យម ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងទូលំទូលាយទៅក្នុងសេដ្ឋកិច្ចពិភពលោក បំពេញបេសកម្មអន្តរជាតិសំខាន់ៗជាច្រើន និងដើរតួនាទីយ៉ាងសកម្មនៅក្នុងអង្គការអន្តរជាតិជាច្រើន និងវេទិកាពហុភាគី។ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីត្រូវបានធានា ផលប្រយោជន៍ជាតិ និងជនជាតិត្រូវបានធានា។ ទំហំសេដ្ឋកិច្ចនៅឆ្នាំ២០២៤ កើនឡើងដល់ជាង ៤៧០ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់លេខ ៣២ លើពិភពលោក និងក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង ២០ ទាក់ទងនឹងពាណិជ្ជកម្ម និងទាក់ទាញវិនិយោគបរទេស។ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ អត្រានៃភាពក្រីក្របានថយចុះយ៉ាងគំហុក ឥឡូវនេះមានត្រឹមតែ ១,៩៣% ធៀបនឹង ៦០% ក្នុងឆ្នាំ ១៩៨៦ ។ សក្តានុពលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងឥតឈប់ឈរ។ កិត្យានុភាពអន្តរជាតិត្រូវបានពង្រីក និងផ្សព្វផ្សាយឥតឈប់ឈរ រួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក ហើយបានបំពេញការងារជាច្រើនក្នុងនាមជាសមាជិកអាស៊ាន អង្គការសហប្រជាជាតិ និងអង្គការ ស្ថាប័នអន្តរជាតិផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។

សមិទ្ធផលដ៏អស្ចារ្យដែលទទួលបានក្រោយរយៈពេល៨០ឆ្នាំនៃការបង្កើតប្រទេសជាតិ ជាមួយនឹងជំហរកម្លាំងដែលបានប្រមូលផ្តុំ ឱកាស និងជោគវាសនាថ្មី វៀតណាមបានប្រមូលផ្តុំគ្រប់លក្ខខណ្ឌ និងកំពុងឈានទៅមុខនឹងឱកាសជាប្រវត្តិសាស្ត្រ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកយុគសម័យថ្មី យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ យុគសម័យនៃការអភិវឌ្ឍន៍ វិបុលភាព សម្រេចបាននូវបំណងប្រាថ្នារបស់ប្រធានហូជីមិញ និងសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល កសាងប្រទេសវៀតណាមដ៏រឹងមាំ សង្គមប្រជាធិបតេយ្យ យុត្តិធម៌ ស៊ីវិល័យស្មើនឹងមហាអំណាចពិភពលោក។

ចាប់តាំងពីមហាសន្និបាទមជ្ឈិមបក្សលើកទី១០ អាណត្តិទី១៣ មក ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ បានលើកឡើងម្តងហើយម្តងទៀត និងវិភាគយ៉ាងស៊ីជម្រៅអំពីយុគសម័យថ្មី ដែលជា      យុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ។ នេះជាសារដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម បង្ហាញនូវសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងមូល ទំនុកចិត្ត និងស្មារតីជំនះរាល់បញ្ហាប្រឈម ដើម្បី“កសាងជោគជ័យនូវប្រទេសសង្គមនិយមវៀតណាមប្រកបដោយជោគជ័យ ប្រទេសខ្លាំងក្លាមាំមួល ប្រជាជនមានបាន ប្រជាធិបតេយ្យ យុត្តិធម៌ សង្គមស៊ីវិល័យស្មើទៅនឹងមហាអំណាចនានាលើពិភពលោក”។

ដើម្បីឈានចូលយុគសម័យនៃការរីកចម្រើនរបស់ប្រទេសជាតិ ដោយចាប់ផ្តើមពីមហាសន្និបាតបក្សលើកទី១៤ ឯកឧត្តម តូ ឡឹម អគ្គលេខាបក្ស បានលើកឡើងនូវខ្លឹមសារគោលសំខាន់ៗចំនួន ៧ គឺ៖ ការកែលម្អវិធីសាស្រ្តដឹកនាំរបស់បក្ស; ពង្រឹងស្មារតីបក្សក្នុងការកសាង និងបំពេញគ្រប់ជ្រុងជ្រោយនូវនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន; បង្រួមក្បាលម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព; ការងារបុគ្គលិក; ការអភិវឌ្ឍសេដ្ឋកិច្ច; ការផ្លាស់ប្តូរឌីជីថល; ប្រឆាំងរខ្ជះខ្ជាយ។ ទាំងនេះមិនត្រឹមតែជា   ទិសដៅយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណោះស្រាយជាមូលដ្ឋាន និងមានប្រសិទ្ធភាពផងដែរ ដើម្បីជួយឱ្យការធ្វើដំណើរទៅកាន់យុគសម័យថ្មី “នៅលើផ្លូវដែលត្រឹមត្រូវ” និងទៅដល់គោលដៅទាន់ពេល      វេលា។ ការលម្អតិដូចខាងក្រោម៖

ទីមួយ៖ កែលម្អវិធីសាស្រ្តដឹកនាំរបស់បក្ស។ ក្នុងរយៈពេលជាង៩៤ ឆ្នាំនៃការដឹកនាំបដិវត្តន៍ បក្សកុម្មុយនីស្តវៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលដៅរំដោះជាតិ កសាងសង្គមនិយម និងនាំមកនូវភាពរុងរឿង និងសុភមង្គលជូនប្រជាជន។ ដើម្បីធ្វើដូច្នេះបាន បក្សត្រូវរិះរក អភិវឌ្ឍ បំពេញបន្ថែម ល្អឥតខ្ចោះ និងកែប្រែវិធីសាស្ត្រដឹកនាំ លើកកំពស់សមត្ថភាពដឹកនាំ គ្រប់គ្រងនិងកែខ្លួន កសាងបក្សឱ្យស្អាតស្អំ ដើម្បីបន្តដឹកនាំប្រទេសជាតិលើមាគ៌ាអភិវឌ្ឍន៍ឈានចូលយុគសម័យថ្មី សម្រេចគោលដៅប្រជាជនមាន ប្រទេសខ្លាំងក្លា ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

ទីពីរ៖  ពង្រឹងស្មារតីបក្សក្នុងការកសាងនិងធ្វើឱ្យគ្រប់ជ្រុងជ្រោយនូវនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ឯកឧត្តម តូ ឡឹម អគ្គលេខាធិកា បានសង្កត់ធ្ងន់ថា ច្បាប់ក្នុងរបបនីតិរដ្ឋសង្គមនិយម ចាំបាច់ត្រូវកែលម្អជាបន្តបន្ទាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធ និងគោលនយោបាយរបស់បក្ស លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ បម្រើប្រជាជន ទទួលស្គាល់ គោរព ធានា និងការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។

ទីបី៖ បង្រួមក្បាលម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមអគ្គលេខាធិកាបានបញ្ជាក់ថា នេះជាបញ្ហាបន្ទាន់ដែលត្រូវធ្វើ ហើយបើធ្វើបានឆាប់ វានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ នៅក្នុងមហាសន្និបាតថ្មីៗនាពេលកន្លងមកនេះ ឯកសារមហាសន្និបាតរបស់បក្សកុម្មុយនីស្តវៀតណាមបានសង្កត់ធ្ងន់លើការងារជាក់លាក់លើការសម្រួលកាលម៉ាស៊ីននយោបាយ ឬស្រាវជ្រាវ និងកសាងគំរូដ៏ទូលំទូលាយនៃយន្តការរៀបចំរបស់ប្រព័ន្ធនយោបាយក្នុងសម័យកាលថ្មី។ បក្សក៏បានបន្តចេញនូវសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានជាច្រើន ដើម្បីដឹកនាំការអនុវត្តគោលនយោបាយនវានុវត្តន៍ និងការរៀបចំប្រព័ន្ធនយោបាយឡើងវិញ។ នេះជាកិច្ចការពិសេសដ៏សំខាន់ ជាការបដិវត្តន៍ក្នុងការបង្រួមក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ។ នេះមិនមែនគ្រាន់តែជាទំហំ ឬបរិមាណប៉ុណ្ណោះទេ ប៉ុន្តែជាការស៊ីជម្រៅជាងនេះទៀត គឺត្រូវបង្កើតការផ្លាស់ប្តូរអំពីគុណភាពនៅក្នុងប្រព័ន្ធនយោបាយ។ ដូច្នេះ បក្សកុម្មុយនីស្តវៀតណាមកំណត់យ៉ាងច្បាស់នូវភារកិច្ចសំខាន់ក្នុងសម័យកាលបច្ចុប្បន្ន និងពេលខាងមុខគឺការកសាង និងរៀបចំការអនុវត្តគំរូគ្រប់ជ្រុងជ្រោយនៃការរៀបចំប្រព័ន្ធនយោបាយវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការ និងភារកិច្ចនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី។

ទីបួន៖ យកចិត្តទុកដាក់កសាងក្រុមកម្មាភិបាល ជាពិសេសកម្មាភិបាលសំខាន់ៗគ្រប់លំដាប់ថ្នាក់។ ប្រឈមនឹងតម្រូវការអភិវឌ្ឍន៍ និងសមាហរណកម្មកាន់តែខ្លាំងឡើង កម្មាភិបាលសំខាន់ៗគ្រប់លំដាប់ថ្នាក់ត្រូវតែបំពេញតាមស្តង់ដារសំខាន់ៗ៖ មានឆន្ទៈនយោបាយរឹងមាំ; មានក្រមសីលធម៌ច្បាស់លាស់; មានទំនួលខុសត្រូវខ្ពស់; ជាគំរូស្មោះត្រង់ ឧស្សាហ៍បម្រើប្រជាពលរដ្ឋ មិនអាត្មានិយម មិនពុករលួយ និងអវិជ្ជមាន; មានគំនិតច្នៃប្រឌិត; ចេះចាប់យកឱកាស ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវចំពោះប្រយោជន៍រួម មិនគេចវេស ជាប់គាំង ឬអសកម្មក្នុងការប្រឈមមុខនឹងបញ្ហាដែលកើតឡើងថ្មី; មានសមត្ថភាពអនុវត្តជាក់ស្តែង ភាពជាអ្នកដឹកនាំ និងសមត្ថភាពគ្រប់គ្រង។ ដើម្បីធ្វើដូច្នេះបាន ចាំបាច់ត្រូវបង្កើតគំនិតច្នៃប្រឌិតយ៉ាងខ្លាំងក្នុងការងារកម្មាភិបាល។

ទីប្រាំ៖ លើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ បានលើកឡើងថា ទោះបីជាមានអត្រាកំណើនខ្ពស់ក៏ដោយ ក៏ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅតែមាន ដោយមាន ហានិភ័យនៃសេដ្ឋកិច្ច វៀតណាមធ្លាក់ចូលក្នុងអន្ទាក់ចំណូលមធ្យម និងពិបាកចូលទៅជិតប្រទេសកំពុងអភិវឌ្ឍន៍។ ដូច្នេះហើយ ត្រូវធ្វើការទម្លាយឱ្យកាន់តែរឹងមាំនៅក្នុងស្ថាប័នអភិវឌ្ឍន៍ បំបាត់ភាពរាំងស្ទះ និងឧបសគ្គ យកប្រជាជន និងអាជីវកម្មជាមជ្ឈមណ្ឌល ប្រមូលផ្តុំ និងបញ្ជេញរាល់ធនធានខាងក្នុង និងខាងក្រៅ ធនធានក្នុងប្រជាជន អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសជាតិ និងលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន; ការធ្វើសមកាលកម្ម និងរបកគំហើញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម គឺជាអាទិភាពខ្ពស់បំផុត។

ទីប្រាំមួយ៖ ពង្រឹងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជា និងការផ្លាស់ប្តូរឌីជីថល។ អនុវត្តបដិវត្តន៍បំប្លែងឌីជីថលដោយកំណែទម្រង់ដ៏រឹងមាំ និងទូលំទូលាយ ដើម្បីកែសម្រួលទំនាក់ទំនងផលិតកម្ម បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍន៍ ទាញយកប្រយោជន៍ពេញលេញពីឱកាស និងគុណសម្បត្តិដែលនាំមកដោយបដិវត្តន៍ឧស្សាហកម្មទី៤ ហើយនាំប្រទេសឱ្យមានការរីកចម្រើន និងរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តម តូ ឡឹម អគ្គលេខាធិកា បានចុះហត្ថលេខា និងចេញសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

ទីប្រាំពីរ៖ ពង្រឹងការទប់ស្កាត់ការខ្ជះខ្ជាយស្មើនឹងការទប់ស្កាត់អំពើពុករលួយ និងភាពអវិជ្ជមាន។ ចាប់ពីការផ្សព្វផ្សាយបទប្បញ្ញត្តិរបស់បក្សដល់ការកំណត់យុទ្ធសាស្ត្រជាតិ បទប្បញ្ញត្តិច្បាប់ និងការអនុវត្តទូទាំងបក្ស ប្រជាជន និងកងទ័ព; ដោះស្រាយយ៉ាងតឹងរ៉ឹងបុគ្គល និងក្រុមដែលមានអាកប្បកិរិយា និងសកម្មភាពធ្វើឱ្យបាត់បង់ និងខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈក្នុងស្មារតី “ដោះស្រាយករណីមួយដើម្បីព្រមានទាំងតំបន់ និងទាំងវិស័យ”។

នៅឆ្នាំ ២០២៥ វៀតណាមត្រូវ“ពន្លឿន និងបោះជំហ៊ានខ្លាំង” ផ្តោតលើការខិតខំដើម្បីសម្រេចអោយបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច អាណត្តិ ២០២១ – ២០២៥ ទាំងមូល ហើយក៏ត្រូវអនុវត្តការរៀបចំក្បាលម៉ាស៊ីនរដ្ឋ រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ ប្រកបដោយជោគជ័យ។ ឈរលើមូលដ្ឋាននោះ យើងបង្កើតមូលដ្ឋាន និងគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសឈានចូលយុគសម័យថ្មី យុគសម័យនៃការខិតខំដើម្បីក្លាយជាប្រទេសអ្នកមាន និងខ្លាំងក្លា និងដើម្បីប្រជាជនកាន់តែមានសុភមង្គល និងរីកចម្រើន។

ពិភពលោកស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរថ្មីនិងការវិវឌ្ឍន៍ដែលមិនអាចទាយទុកជាមុនបាន ជាពិសេសជម្លោះប្រដាប់អាវុធកាន់តែខ្លាំងឡើងនៅក្នុងតំបន់ជាច្រើន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតសេដ្ឋកិច្ច និងនយោបាយពិភពលោក។ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា និងគោលដៅដែលបានកំណត់ គ្មានវិធីណាផ្សេងក្រៅពី៖បក្សទាំងមូល ប្រជាជនទាំងមូល រាប់លាននាក់ជាធ្លុងតែមួយ ប្រមូលផ្តុំស្មារតីជាតិ ភាពជឿជាក់លើខ្លួនឯង ពង្រឹងខ្លួនឯង ពង្រីកកម្លាំងផ្ទៃក្នុង ទាញយកប្រយោជន៍ពីកម្លាំងខាងក្រៅ យកធនធានផ្ទៃក្នុង ធនធានមនុស្សជាមូលដ្ឋានគ្រឹះ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ជារបកគំហើញដើម្បីនាំប្រទេសជាតិឈានទៅមុខ។ នោះគឺជាមេរៀនដ៏មានតម្លៃដែលប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាមនាំយកមក ហើយក៏ជាតម្រូវការបន្ទាន់ពីដំណើរការបង្កើតថ្មីនាពេលបច្ចុប្បន្នផងដែរ។ ជាមួយនឹងការគិតបែបវិទ្យាសាស្ត្រយ៉ាងមុតស្រួច តាមរយៈការអនុវត្តន៍សង្ខេប និងជាមួយនឹងចក្ខុវិស័យរយៈពេលវែង អគ្គលេខាធិការ To Lam បានកំណត់បញ្ហាសំខាន់ៗ និងបានចង្អុលបង្ហាញនូវអ្វីដែលចាំបាច់ត្រូវធ្វើ ដើម្បីអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស និងនិរន្តរភាព។ វាគឺជាការអំពាវនាវនៃដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍៕