អន្តរជាតិ

ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ទៀតបានស្លាប់ក្នុងការបំផ្ទុះឡាននៅជាយក្រុងម៉ូស្គូមុនពេលកិច្ចប្រជុំរវាងតំណាងពិសេសលោកត្រាំប្រធានាធិបតីអាមេរិកវីតខូហ្វ និងពូទីន

ប្រែសម្រួល៖ស-សម្បត្តិ

ឧត្តមសេនីយ៍រុស្ស៊ីជាន់ខ្ពស់ម្នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកក្នុងឡាននៅក្រុងបាឡាស៊ីខាក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ ដោយអាជ្ញាធរបានឲ្យដឹងថា ព័ត៌មាននៃការផ្ទុះនេះបានចេញផ្សាយភ្លាមៗមុនពេលលោក ស្ទីវ វីតខូហ្វ អ្នកតំណាងពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទៅជួបជាមួយលោក វ្លាឌីមៀរ ពូទីន ប្រមុខដឹកនាំរុស្ស៊ីនៅក្នុងក្រុងម៉ូស្គូ។

វីតខូហ្វស្ថិតនៅក្នុងរដ្ឋធានីរុស្ស៊ីសម្រាប់ការចរចាសំខាន់ៗអំពីសក្តានុពលនៃការបញ្ឈប់បាញ់នៅអ៊ុយក្រែន ខណៈពេលដែលការកំណត់ពេលវេលាដោយលោកត្រាំខ្លួនឯងក្នុងការបញ្ចប់សង្រ្គាមក្នុងរយៈពេល១០០ថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតីរបស់គាត់កំពុងខិតជិតមកដល់។

អ្នកតំណាងពិសេសនេះត្រូវបានទទួលដោយលោកពូទីននៅក្នុងវិមានក្រឹមឡាំងនាពេលរសៀលថ្ងៃសុក្រ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថា វីតខូហ្វក៏បានជួបជាមួយលោក គីរីល ឌីមីទ្រីយេវ អ្នកចរចាជាន់ខ្ពស់របស់រុស្ស៊ីផងដែរ។

លោកឌីមីទ្រីយេវ និងលោកយូរី អ៊ូសាខូវ ជំនួយការប្រធានាធិបតីរុស្ស៊ី និងជាអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវ៉ាស៊ីនតោន បានចូលរួមក្នុងកិច្ចប្រជុំជាមួយលោកពូទីន ដូចបានរាយការណ៍ដោយទីភ្នាក់ងារ Tass។

នេះគឺជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោកវីតខូហ្វមកប្រទេសរុស្ស៊ីចាប់តាំងពីលោកត្រាំវិលត្រឡប់មកចូលកាន់ដំណែងក្នុងខែមករា និងជាដំណើរទស្សនកិច្ចលើកទីពីរក្នុងខែនេះ។

លោក សែរហ្ការ ឡាវរូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ក្រុងម៉ូស្គូ “រួចរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀង” ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានបន្ថែមថា នៅមានចំណុចជាក់លាក់មួយចំនួនដែលត្រូវការ “កែតម្រូវបន្តិចបន្តួច”។

កិច្ចប្រជុំដែលត្រូវបានរំពឹងទុកយ៉ាងខ្ពស់នៅថ្ងៃសុក្រ បានកើតឡើងភ្លាមៗបន្ទាប់ពីការប្រកាសថា ឧត្តមសេនីយ៍ យ៉ារូស្លាវ ម៉ូស្កាលិក អនុប្រធាននាយកដ្ឋានប្រតិបត្តិការសំខាន់ៗនៃសេនាធិការទូទៅនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់ក្នុងការផ្ទុះឡាន Volkswagen Golf មួយគ្រឿងក្នុងក្រុងបាឡាស៊ីខា ដែលស្ថិតនៅចម្ងាយតិចជាង ២០ ម៉ាយ ភាគខាងកើតក្រុងម៉ូស្គូ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានអះអាងពីការស្លាប់របស់លោកម៉ូស្កាលិក ដោយបន្ថែមថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់បែកកែច្នៃដែលបានផ្ទុកជាមួយកំទេចសម្ភារៈ។

គ្មាននរណាម្នាក់ទទួលខុសត្រូវចំពោះការឧបឃាតនេះទេ។ ការវាយប្រហារបែបនេះហាក់ដូចជាស្រដៀងគ្នាទៅនឹងការឃាតកម្មមន្ត្រីរុស្ស៊ីពីមុនៗ រួមទាំងការឃាតកម្មលើឧត្តមសេនីយ៍ទោ អ៊ីហ្គរ គីរីឡូវ ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់ដែលត្រូវបានចោទប្រកាន់ពីការរៀបចំការប្រើប្រាស់អាវុធគីមីនៅសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។

លោកគីរីឡូវ ដែលជាមេដឹកនាំកងកម្លាំងការពារវិទ្យុសកម្ម ជីវសាស្ត្រ និងគីមីរបស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ក្នុងខែធ្នូ បន្ទាប់ពីគ្រាប់បែកដែលត្រូវបានដាក់នៅក្នុងកង់អគ្គិសនីមួយដែលបញ្ជាពីចម្ងាយ បានផ្ទុះនៅខាងក្រៅអគារផ្ទះល្វែងមួយក្នុងក្រុងម៉ូស្គូ។

ប្លក់យោធារុស្ស៊ីមានឥទ្ធិពលដែលមានឈ្មោះថា Rybar បាននិយាយថា លោកម៉ូស្កាលិកមិនស្ថិតក្នុងឡាននៅពេលដែលវាផ្ទុះទេ ប៉ុន្តែស្ថិតនៅជិតវាបន្ទាប់ពីដើរចេញពីអគារមួយនៅជិតនោះ។ CNN មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយឯករាជ្យបានទេ។

ពត៌មានតិចតួចត្រូវបានដឹងអំពីលោកម៉ូស្កាលិក ដែលមានងារជាឧត្តមសេនីយ៍ទោ។

Rybar បានពិពណ៌នាថាលោកជាមនុស្ស “មានសមត្ថភាព និងតម្រូវការខ្ពស់” ហើយបាននិយាយថា “គាត់មិនសូវជាទទួលបានការស្រលាញ់” ព្រោះគាត់ “តឹងរឹងចំពោះអ្នកក្រោមបង្គាប់របស់គាត់”។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា វាបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មអំពីការផ្ទុះនេះ។ វាបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេត រួមទាំងអ្នកជំនាញនីតិវិទ្យា និងមន្ត្រីអនុវត្តច្បាប់ បានចាប់ផ្តើមពិនិត្យមើលទីតាំងនោះ។

Tass បានរាយការណ៍កាលពីមុនថា ឧបករណ៍ផ្ទុះនោះគឺ “ធ្វើដោយដៃ”។

ការផ្ទុះដែលត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ កើតឡើងពីរថ្ងៃបន្ទាប់ពីភ្លើងឆេះនៅកន្លែងចតឡានក្រោមដីក្នុងស្រុកធុរកិច្ចម៉ូស្គូ បន្ទាប់ពីមានការផ្ទុះនៅទីនោះ៕