អន្តរជាតិ

សម្ព័ន្ធមិត្តអាមេរិកកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីក្របខណ្ឌស្វែងរកសន្តិភាពឲ្យអ៊ុយក្រែនរបស់លោក ត្រាំ

ប្រែសម្រួល៖ស-សម្បត្តិ

រដ្ឋាភិបាលលោក ត្រាំ បានស្នើក្របខណ្ឌសម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារវាតម្រូវឱ្យអ៊ុយក្រែនបោះបង់ទឹកដីសំខាន់ៗឱ្យរុស្ស៊ី រួមទាំងការទទួលស្គាល់របស់អាមេរិកថាឧបទ្វីបគ្រីមៀជាដែនដីរុស្ស៊ី។

អនុប្រធានាធិបតី ជេឌី វេនស៍ បានស្នើឱ្យ “បង្កក​ខ្សែព្រំដែនទឹកដី” នៅជិតទីតាំងបច្ចុប្បន្ន ខណៈដែលលោក ត្រាំ បានចាត់ទុកការសម្របសម្រួលរបស់រុស្ស៊ីគ្រាន់តែជា “ការបញ្ឈប់សង្គ្រាម” ជាជាង “ការយកប្រទេសទាំងមូល”។

អ្នកការទូតសម្ព័ន្ធមិត្តជាច្រើនបានព្រមានថា វិធីសាស្ត្រនេះអាចផ្ញើសារគ្រោះថ្នាក់មួយដែលការឈ្លានពានខុសច្បាប់នឹងត្រូវបានផ្តល់រង្វាន់ ដែលជាការលើកទឹកចិត្តដល់មេដឹកនាំផ្ដាច់ការលោកពូទីន។

សម្ព័ន្ធមិត្តនៅអឺរ៉ុបនិងអាស៊ីបានបង្ហាញថា ការដោះស្រាយបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ និងគំរាមកំហែងសន្តិសុខប្រទេសផ្សេងទៀត។ ទោះបីជាអ្នកចរចារាយការណ៍ពីការរីកចម្រើនខ្លះនៅក្នុងការពិភាក្សាថ្មីៗនេះ ដោយអ៊ុយក្រែនបង្ហាញភាពបត់បែន អ្នកនយោបាយអ៊ុយក្រែនបានបង្ហាញថា ការបោះបង់ដីធ្លីសំខាន់ៗណាមួយនឹងប្រឈមនឹងការបដិសេធក្នុងស្រុក។

អ្នករិះគន់បានពិពណ៌នាអំពីវិធីសាស្ត្រការទូតរបស់អាមេរិកថាជា “តាមតែនឹកឃើញ” “គ្មានទិសដៅ” និងផ្តោតសំខាន់លើការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ជាជាងការអនុវត្តដំណោះស្រាយយុទ្ធសាស្ត្រដែលមាននិរន្តរភាព៕