អន្តរជាតិ

មន្រ្តីប៉ូលីសថៃប្រាំមួយនាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះកំឡុងពេលហ្វឹកហាត់

ប្រែសម្រួល៖ស-សម្បត្តិ

បាងកក៖ មន្រ្តីប៉ូលីសថៃប្រាំមួយនាក់បានស្លាប់នៅពេលយន្តហោះតូចមួយធ្លាក់ចូលទៅក្នុងសមុទ្រអំឡុងពេលហ្វឹកហាត់លោតឆត្រនៅជិតតំបន់រមណីយដ្ឋាននៅថ្ងៃសុក្រ (ថ្ងៃទី២៥ ខែមេសា) នេះ តាមការបញ្ជាក់របស់ប៉ូលីស។

គ្រោះថ្នាក់នេះបានកើតឡើងប្រហែលម៉ោង៨ព្រឹក  នៅឆ្នេរខេត្តប្រជួបគិរីខន្ធ ភាគខាងត្បូងរាជធានីបាងកក។

អ្នកនាំពាក្យប៉ូលីស លោក អាឆាយ៉ន ក្រៃថុង បានមានប្រសាសន៍ថា មន្រ្តីប៉ូលីសប្រាំនាក់ក្នុងចំណោមមន្រ្តីទាំងប្រាំមួយនាក់ដែលជិះយន្តហោះនោះបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ មន្រ្តីទី៦បានស្លាប់នៅពេលក្រោយក្នុងមន្ទីរពេទ្យ ដូចបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់អគ្គស្នងការដ្ឋាននគរបាលថៃនៅលើហ្វេសប៊ុក។

អាជ្ញាធរកំពុងពិនិត្យទិន្នន័យប្រអប់ខ្មៅរបស់យន្តហោះដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ។

ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា យន្តហោះបានធ្លាក់ប្រហែល១០០ម៉ែត្រពីឆ្នេរនៅស្រុកឆាអាម ដែលជាតំបន់កម្សាន្តដ៏ពេញនិយមសម្រាប់ចុងសប្តាហ៍ ប្រហែល១៣០គីឡូម៉ែត្រភាគនិរតីនៃរាជធានី។

វីដេអូដែលបានចែករំលែកលើបណ្តាញសង្គមបង្ហាញពីយន្តហោះវិលមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ ដោយអ្នកខ្លះដើរលុយទឹកជ្រៅដល់ទ្រូងដើម្បីទៅដល់កន្លែងកើតហេតុ។

ប្រធានប៉ូលីស លោក គីត្រាត ផានផេត បានសន្យាធ្វើការស៊ើបអង្កេតពេញលេញ។

“អគ្គស្នងការដ្ឋាននគរបាលថៃសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីដ៏ក្លាហានដែលបានបាត់បង់ជីវិត” សេចក្តីថ្លែងការណ៍បានបញ្ជាក់៕

ប្រភព៖ AFP/dc