ព័ត៌មានជាតិ

កម្ពុជានិងថៃចូលរួមអបអរបុណ្យសង្រ្កាន្តរួមនៅច្រកព្រំដែនអន្តរជាតិ ជាំ-សាងុំា ដើម្បីបង្កើនមិត្តភាពនិងសន្តិភាព

ដោយ៖ ឧត្តរ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ជាំ-សាងុំា ដែលជាច្រកសំខាន់មួយនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ (ព្រះរាជាណាចក្រកម្ពុជា) និងខេត្តស៊ីសាកេត (ព្រះរាជាណាចក្រថៃ) បានប្រារព្ធកម្មវិធីសាសនានិងវប្បធម៌រួមគ្នា ដោយមានការចូលរួមយ៉ាងសកម្មពីភាគីទាំងពីរ។

ពិធីសាសនានេះ ភាគីកម្ពុជាវត្តមានឯកឧត្តម អ៊ុន សុភ័ក្រ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការ និងកងកម្លាំងសន្តិសុខ ចូលរួមក្នុងពិធីសាសនាដ៏អធិកអធមនេះ។ ពិធីនេះក៏ត្រូវបានរៀបចំដើម្បីអបអរបុណ្យសង្រ្កាន្ត ក៏ដូចជាស្រង់ទឹកព្រះ និងរាប់បាត្រដល់ព្រះសង្ឃ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃកម្ពុជា ៣៦អង្គ និងព្រះសង្ឃថៃ ៣៦អង្គ។

ភាគីថៃដឹកនាំដោយលោកស្រី ឆុនម៉ាណាត់ រ៉តប៊ុនថាំ អភិបាលរងខេត្តស៊ីសាកេត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងសន្តិសុខ និងប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់បានចូលរួមពិធីដ៏មានន័យមួយនេះ។ ហើយការអនុវត្តកម្មវិធីកើតឡើងក្នុងបរិយាកាសដោយសន្តិភាព និងសេចក្តីរីករាយរវាងប្រជាជនទាំងពីរ។

កម្មវិធីនាំឱ្យមានការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងល្អ និងការអភិវឌ្ឍភាពជាដៃគូសេដ្ឋកិច្ចសង្គមនានា ក៏ដូចជាជំរុញឱ្យមានការចូលរួមរវាងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងពីរជាតិសាសន៍នេះ ដើម្បីអភិរក្សសន្តិភាពនៅតំបន់ព្រំដែន។ពិធីនេះបានបញ្ចប់យ៉ាងរលូននៅវេលាម៉ោង ១០:០០ ព្រឹក ដោយទទួលបានការពេញចិត្ត និងការកោតសរសើរពីអ្នកចូលរួមទាំងមូល៕