សន្ដិសុខសង្គម

ជនសង្ស័យវាយប្រពន្ធស្លាប់ក្រោយមករត់ទៅចងកសម្លាប់ខ្លួន

ដោយៈសុខុម

ស្វាយរៀង ៖ បុរសម្នាក់ជាប្ដីត្រូវបានគេប្រទះឃើញចងកបញ្ចប់ជីវិតនៅក្នុងព្រៃចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ។ហេតុការណ៍ប្រទះឃើញនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីស្រ្តីជាប្រពន្ធបានឃើញស្លាប់នៅក្នុងផ្ទះជនរងគ្រោះទល់មុខវត្តក្រោលគោ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រោយពីមានព័ត៌មាន សមត្ថកិច្ចក៏បានចុះទៅដល់ពិនិត្យរកឃើញថាគឺជាករណីឃាតកម្ម។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបាននិយាយថា៖ ជនសង្ស័យបានយកខ្សែពួរចងកនឹងដើមស្តៅសម្លាប់ខ្លួនឯង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ នូ សុជាតិ អាយុ៤៣ឆ្នាំ មុខរបរលក់កាហ្វេ គុយទាវ ស៊ុប ។ចំណែកជនសង្ស័យជាប្ដី មានឈ្មោះប្រែង ផល្លា អាយុ៥៦ឆ្នាំ ។

អ្នកជិតខាងបាននិយាយប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុពួកគាត់តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។ នៅថ្ងៃកើតហេតុគេឮសំឡេងឈ្លោះប្រកែកគ្នា តែគេមិនចាប់អារម្មណ៍ លុះមួយសន្ទុះក្រោយមកក៏ស្ងាត់លែងឮមាត់ បន្ទាប់មកគេឃើញបុរសជាប្ដីបានចេញមកខាងក្រៅផ្ទះ ហើយចាក់សោផ្ទះពីខាងក្រៅរួចគេចខ្លួនទៅចូលក្នុងព្រៃ។

លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា៖ សង្ស័យឈ្មោះ ប្រែង ផល្លាបានយកសោដែក (ម៉ាឡេត)វាយលើប្រពន្ធស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីប្រព្រឹត្តបទល្មើសរួចជនសង្ស័យបានរត់គេចខ្លួន និងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងតាមក្រោយ។ករណីនេះកើតឡើងដោយសារភ្លើងប្រចណ្ឌ៕