បច្ចេកវិទ្យា

ក្រុមហ៊ុន Samsung នឹងវិនិយោគ១១៧លានដុល្លារនៅមូលដ្ឋានភាគខាងត្បូងប្រទេសឥណ្ឌា

ប្រែសម្រួល៖ លន​ ស្រស់

ក្រុមហ៊ុនអេឡិចត្រូនិក Samsung នៃកូរ៉េខាងត្បូងនឹងវិនិយោគប្រាក់ចំនួន១០ពាន់លានរូពី (១១៧,០៩លានដុល្លារ) នៅមូលដ្ឋានរបស់ខ្លួននៅភាគខាងត្បូងប្រទេសឥណ្ឌា រដ្ឋមន្ត្រីម្នាក់បានថ្លែងនៅថ្ងៃសុក្រ ប៉ុន្មានខែបន្ទាប់ពីរោងចក្រនេះបានប្រឈមនឹងការតវ៉ារបស់កម្មករដែលបណ្តាលមកពីការព្យួរការងារបុគ្គលិក។

រោងចក្រនៅជិតក្រុង Chennai បានទទួលការចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីកម្មករបានធ្វើការតវ៉ាអង្គុយអំពីការព្យួរការងារបុគ្គលិកនៅខែកុម្ភៈ ដែលជាជម្លោះពលកម្មសំខាន់ទី២នៅទីនោះក្នុងរយៈពេលតិច៦ខែហើយ។

កាលពីខែកញ្ញាឆ្នាំមុន កម្មកររាប់រយនាក់បានធ្វើកូដកម្មរយៈពេល៥សប្តាហ៍នៅរោងចក្រនោះ ដោយទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងការទទួលស្គាល់សហជីព មុនពេលក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកយល់ព្រមដោះស្រាយការទាមទាររបស់កម្មករ។ ការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន “បញ្ជាក់ជាថ្មីនូវជំនឿរបស់ពួកគេលើកម្លាំងពលកម្មរបស់រដ្ឋ Tamil Nadu ” លោក ធី.អា.ប៊ី. រ៉ាចា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរបស់រដ្ឋ បានថ្លែងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបន្ថែមថា សាំស៊ុងនឹងបន្ថែមការងារ១០០តំណែងទៀតនៅមូលដ្ឋាននោះ។

សហជីពកម្មករមានជម្លោះជាមួយ Samsung ដោយចោទប្រកាន់ក្រុមហ៊ុននេះថាប្រើយុទ្ធសាស្ត្រទប់ស្កាត់សហជីព។ ទោះជាយ៉ាងណាក៏ដោយ Samsung បានអះអាងថាខ្លួន “គោរពតាមច្បាប់ដែលអាចអនុវត្តបានទាំងអស់”។

បច្ចុប្បន្ន ក្រុមហ៊ុនជួលបុគ្គលិកជាង២០០០នាក់។ ក្រុមហ៊ុន Samsung មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយទេ។ រដ្ឋមន្ត្រីមិនបានផ្តល់ពេលវេលាសម្រាប់ការវិនិយោគទេ។

រោងចក្រនោះផលិតទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនបោកគក់ ហើយបានរួមចំណែក១ភាគ៥នៃការលក់របស់ Samsung នៅឥណ្ឌាចំនួន១២ពាន់លានដុល្លារក្នុងឆ្នាំ២០២២-២០២៣៕
ប្រភព៖ រ៉យទ័រ