ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានហៅម្ចាស់តាក់ស៊ីដឹកពលករម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AT-8571 រួមនឹងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថា ពលករចំនួន១៣នាក់ មានបំណងឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ។
បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការណែនាំឲ្យធ្វើកិច្ចសន្យានិងបានឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ។
ជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើតភូមិចំណោមកំពែង ឃុំចំណោម ខេត្តតាកែវ និងលំនៅបច្ចុប្បន្ននៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងបានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ។ខ្លួនធ្លាប់បានដឹកពលករចំនួន២លើករួចមកហើយដែរ ហើយលើកទី៣នេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា : ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕
