ដោយ៖ សហការី

ភ្នំពេញ: កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះឆ្មក់បង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ដែលបម្រើការងារក្នុងភោជនីយដ្ឋានយីហោត្នោតផ្អែមមួយកន្លែង។
ហេតុការណ៍ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងអមផ្លូវរថភ្លើង ចំណុចភូមិព្រៃសាលាក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីខាងមន្រ្តីជំនាញបានឲ្យដឹងថា៖ ដោយទីតាំងភោជនីដ្ឋានយីហោត្នោតផ្អែមខាងលើសង្ស័យថាមានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំងជំនាញសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់ចុះបង្រ្កាបជាក់ស្តែងតែម្តង និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ដែលពាក់ព័ន្ធ ព្រមទាំងដកហូតសម្ភារផ្សេងៗមួយចំនួនធំ ចំណែកអ្នកដែលមិនមានការពាក់ព័ន្ធត្រូវបានឲ្យត្រឡប់ទៅវិញធម្មតា។
ក្រោយពីឃាត់ខ្លួនរួច សមត្ថកិច្ចក៏បាននាំខ្លួនបុរសនិងនារីជាច្រើននាក់ខាងលើរួមមានសម្ភារមួយចំនួនដឹកយកទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសួរនាំបន្តនិងចាត់ការតាមនីតិវិធីច្បាប់៕
