ប្រែសម្រួល៖ លន ស្រស់

ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាមបានចេញសេចក្តីណែនាំមួយដើម្បីបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មដទៃទៀត ខណៈពេលដែលវៀតណាមព្យាយាមជៀសវាងពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក យោងតាមឯកសារដែលបានពិនិត្យដោយសារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់នៅក្នុងសេចក្តីណែនាំដែលបានចុះកាលបរិច្ឆេទ និងចូលជាធរមានថ្ងៃទី១៥ ខែមេសា ថាការក្លែងបន្លំពាណិជ្ជកម្មទំនងជានឹងកើនឡើង ក្នុងបរិបទនៃភាពតានតឹងដែលបណ្តាលមកពីពន្ធគយរបស់សហរដ្ឋអាមេរិក។
ការណ៍នេះនឹងធ្វើឱ្យ “កាន់តែស្មុគស្មាញក្នុងការជៀសវាងការដាក់ទណ្ឌកម្មដែលប្រទេសនានានឹងអនុវត្តលើទំនិញនាំចូល” ប្រសិនបើការក្លែងបន្លំមិនត្រូវបានទប់ស្កាត់ទេ សេចក្តីណែនាំបានបញ្ជាក់។ សេចក្តីណែនាំនេះមិនបានបញ្ជាក់ជាក់លាក់អំពីប្រទេសណាមួយដែលការក្លែងបន្លំការដឹកជញ្ជូនអាចកើតមានឡើងទេ។ ទោះយ៉ាងណាក៏ដោយ វៀតណាមនាំចូលប្រហែល ៤០ភាគរយនៃទំនិញពីប្រទេសចិន ហើយវ៉ាស៊ីនតោនបានចោទប្រកាន់យ៉ាងចំហលើប៉េកាំងថាប្រើប្រាស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះជាមជ្ឈមណ្ឌលដឹកជញ្ជូនដើម្បីគេចវេះពន្ធគយរបស់សហរដ្ឋអាមេរិក។
វៀតណាមត្រូវបានរដ្ឋបាលរបស់លោក Trump ដាក់ពន្ធគយ “តបស្នង” ៤៦ភាគរយ ដែលបច្ចុប្បន្នត្រូវបានផ្អាករហូតដល់ខែកក្កដា ដែលប្រសិនបើត្រូវបានអនុវត្ត អាចនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គំរូកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងការវិនិយោគធំៗនៅក្នុងប្រទេសដោយក្រុមហ៊ុនផលិតបរទេស។
ក្រោមសេចក្តីណែនាំនេះ មន្ត្រីនៅក្រសួងពាណិជ្ជកម្ម គយ និងទីភ្នាក់ងារផ្សេងទៀតត្រូវបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យ និងការត្រួតពិនិត្យលើទំនិញនាំចូលដើម្បីបញ្ជាក់ប្រភពរបស់ពួកវា “ជាពិសេសវត្ថុធាតុដើមនាំចូលដែលប្រើសម្រាប់ការផលិត និងការនាំចេញ”។
នីតិវិធីតឹងរឹងថ្មីត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យរោងចក្រ និងត្រួតពិនិត្យការចេញស្លាក “ផលិតនៅប្រទេសវៀតណាម” “ជាពិសេសសម្រាប់សហគ្រាសដែលមានការកើនឡើងភ្លាមៗនៃចំនួនពាក្យស្នើសុំវិញ្ញាបនបត្រប្រភពដើម” ឯកសាររបស់ក្រសួងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់។
វាណែនាំមន្ត្រីឱ្យស្នើនៅពេលចាំបាច់ “វិធានការជាក់លាក់ដើម្បីទប់ស្កាត់ការដឹកជញ្ជូនខុសច្បាប់”។ សេចក្តីណែនាំនេះត្រូវបានចេញបន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយដែលបានធ្វើឡើងដោយការិយាល័យរដ្ឋាភិបាលវៀតណាមនៅដើមខែមេសា ប៉ុន្មានម៉ោងក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសអំពីពន្ធគយនេះ៕
ប្រភព៖ Reuters/ec
