សន្ដិសុខសង្គម

ពលរដ្ឋរងគ្រោះបិទផ្លូវស្នើសុំជួយអន្តរាគមន៍បន្ទាប់ពីឃាត់ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍ឆបោកប្រាស់ជិត១៦លានដុល្លារ

ដោយ៖សហការី

ភ្នំពេញៈប្រជាពលរដ្ឋប្រមាណ៤០ នាក់ក្នុងចំណោមពលរដ្ឋប្រមាណ ២០០០នាក់ដែលរងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីនិងដាក់លុយបានការប្រាក់បាននាំគ្នាតវ៉ាដោយបិទផ្លូវទទូចស្នើសុំឲ្យជួយអន្តរាគមន៍រកយុត្តិធម៌បន្ទាប់ពីពួកគេបានឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.កម្នាក់ដែលបានឃុបឃិតគ្នាបោកប្រាស់យកលុយពីប្រជាពលរដ្ឋដែលគិតជាទឹកប្រាក់ប្រមាណជិត១៦លានដុលារហើយសមត្ថកិច្ចមិននាំខ្លួនយកទៅចាត់ការ។

ការតវ៉ាបិទផ្លូវនេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២១ខែមេសា នៅមុខទីស្នាក់ការក្រុមហ៊ុន ដែលស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ២០ ខែមេសាឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនហើយឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនម្នាក់ឈ្មោះទូច សុភាព ដែលបានឃុបឃិតគ្នាឆបោកប្រាក់របស់ពួកគាត់អស់រយៈពេលប្រមាណជាង ២ឆ្នាំមកហើយ។បន្ទាប់ពីឃាត់ខ្លួនទុកនៅមុខស្នាក់ការរហូតដល់ព្រឹកថ្ងៃទី២១ខែមេសានេះពុំមានសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមច្បាប់ឡើយរង់ចាំបញ្ជាពីតុលាការ។ដោយសារតែពុំមានដំណោះស្រាយ នៅវេលាម៉ោង១រសៀលប្រជាពលរដ្ឋរងគ្រោះក៏បាននាំគ្នាកាន់រូបថតសម្ដេចតេជោ, សម្តេចបវរធិបតី និងរូបថតជនដែលឆបោក ព្រមទាំងឯកសារនាំគ្នាបិទផ្លូវដើម្បីឲ្យសមត្ថកិច្ចនិងតុលាការជួយអន្តរាគមន៍ដើម្បីនាំខ្លួនជននោះទៅចាត់ការតាមច្បាប់។

តាមប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា៖ កាលពីអំឡុងឆ្នាំ ២០២២ ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលោកដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន,លោកទូច សុភាព ជាស្ថាបនិកក្រុមហ៊ុននិងលោកម៉ៅ ជាតិតា ជាប្រធានទីផ្សារនិងបានអូសទាញឆបោកដោយឲ្យពួកគាត់ទិញដីនិងដាក់លុយដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ យកលុយ ខ្លះ៥ពាន់ដុល្លារ ខ្លះ១ម៉ឺន ២ម៉ឺនដុល្លារ រហូតទៅដល់ខ្លះជាង ១០ម៉ឺនដុល្លារក៏មាន ហើយបានយកលុយមកវិនិយោគជាមួយក្រុមហ៊ុនដើម្បីយកការប្រាក់។នៅក្នុងការវិនិយោគនោះដោយមានកិច្ចសន្យាត្រឹមត្រូវ។

ប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងទៀតថា៖ នៅពេលដាក់លុយបានការប្រាក់ ខ្លះបានពីរ បីខែ ខ្លះរហូតដល់ ១០ខែ ស្រាប់តែក្រុមហ៊ុនបានរើទីស្នាក់ការវេចបង្វេចរត់បាត់។ក្រោយមកទើបដឹងថាក្រុមហ៊ុនគេចមកនៅខណ្ឌសែនសុខក៏បាននាំគ្នាមកតាមរកតែបិទស្នាក់ការរហូត ហើយនៅល្ងាចថ្ងៃទី២០ខែមេសា ប្រជាពលរងគ្រោះក៏បានឃើញបើកទ្វារនិងឃើញស្ថាបនិកក្រុមហ៊ុនឈ្មោះទូច សុភាព ក៏បានឃាត់ខ្លួនហើយទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែពុំត្រូវបានសមត្ថកិច្ចនាំខ្លួនទៅចាត់ការឡើយ។

តាមប្រជាពលរដ្ឋរងគ្រោះបានឱ្យដឹងទៀតថា៖ ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ២០០០នាក់ដែលមានទឹកប្រាក់ចំនួន១៥.៨៧០.០០០ដុល្លារដែលបានចាញ់បោកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.កនេះ។

ព័ត៌មានចុងក្រោយ នៅវេលាម៉ោង៣ រសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៥នេះស្ថាបនិកក្រុមហ៊ុនដែលប្រជាពលរដ្ឋរងគ្រោះចោទថាជាជនឆបោកយកប្រាក់ប្រមាណជិត១៦លានដុល្លារនោះត្រូវបានលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខទទួលបញ្ជា ដឹកនាំកម្លាំងចុះទៅនាំខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ការនាំខ្លួនស្ថាបនិកបោកប្រាស់រូបនោះត្រូវគេដឹងថា បន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាតវ៉ាបិទផ្លូវដើម្បីទទួចស្នើសុំឱ្យសមត្ថកិច្ចនិងតុលាការជួយអន្តរាគមន៍ដើម្បីនាំខ្លួនបុគ្គលរូបនោះទៅចាត់ការតាមច្បាប់។

ជុំវិញករណីប្រជាពលរដ្ឋឃាត់ខ្លួនស្ថាបនិកនិងចោទប្រកាន់ក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ពីបទឆបោកប្រាស់ជិត១៦លានដុល្លារនេះគិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គឺនៅមិនទាន់មានការបញ្ជាក់ឆ្លើយតបណាមួយពីតំណាងក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.កនៅឡើយទេ៕