ព័ត៌មានជាតិ

អាជ្ញាធរសាទរនឹងសប្បុរសជននិងពុទ្ធបរិស័ទ ពេលសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ស្រុកព្រះនេត្រព្រះ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖សមិទ្ធផលនានានៅវត្តគិរីញាណក្ខន្ធបទារាមហៅវត្តកក់ ស្ថិតនៅភូមិកក់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានធ្វើពិធីសម្ពោធឆ្លងក្រោមអធិបតីភាពលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ។

លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានអោយដឹងនៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៥ ថា : ប្រវត្តិ ការសាងសង់ព្រះវិហារ និងសមិទ្ធផលផ្សេងៗនៅវត្តគិរីញាណក្ខន្ធបទគឺវត្តមានផ្ទៃដីសរុប ១៨២,១៦០ ម៉ែត្រការ៉េ មានទទឹង៣៣០ម៉ែត្រ បណ្តោយ ប្រវែង៥៥២ម៉ែត្រ ព្រះវិហារត្រូវបាន សាងសង់នៅលើដីទួលលើក ដែលជីកពីស្រះខាងជើងសាលាធម្មសភា ។

ទីតាំងជាព្រៃរហោឋាន ។ មកដល់ឆ្នាំ១៩៩៤ មានព្រះសង្ឃ ព្រះនាម ស៊ី ដៀម និមន្ត មកឯកភាពជាមួយអាជ្ញាធរភូមិ ឃុំ និងចាស់ព្រឹទ្ធចារ្យលោក វ៉ា ឌឿន និងព្រឹទ្ធាចារ្យនាមសឿ ទ្រ លោកតា ហួក យុត លោកតានួន ម៉ី លោកតា ភឿន បានព្រមព្រៀងគ្នានិមន្តព្រះអង្គនេះគង់ចាំព្រះវស្សានិងបានសង់អាស្រម១ ។ ឆ្នាំដដែលព្រះអង្គប៉ាន ឡាន ក៏មកគង់នៅអាស្រមនេះ ដោយមានសិស្ស ម្នាក់និងដូនជី២នាក់។


នៅឆ្នាំ១៩៩៨ ព្រះអង្គប៉ាន ឡាន តស៊ូ ព្យាយាមគង់និងកសាងបន្តជាមួយអ្នកខាងលើ ក្នុងបំណងធ្វើអោយទីអាស្រមនេះក្លាយទៅជាវត្ត។


នៅឆ្នាំ២០០៧ បានរៀបចំតែងតាំងគណៈកម្មការ អាចារ្យជាថ្មី ដើម្បីដឹកនាំពុទ្ធបរិស័ទកសាងវត្តមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដោយមានព្រះគ្រូ នឹង បូរះ ជាព្រះគ្រូចៅអធិការវត្តនិងមានព្រះសង្ឃចំនួន១៧ អង្គ អាចារ្យ៦នាក់ គណៈកម្មការ៥នាក់។

ព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០០០ ក្រោមការដឹកនាំរបស់សប្បុរជនទាំង៥នាក់ រួមមាន : ១- លោកគារ សួគ៌ ២-លោកអ៊ឹង ឆុង ៣-លោក ជុំ នូវ ៤-លោក លីម លីអៃ ៥លោក លីម តិចឆេង ។


សមិទ្ធផលក្នុងនោះ ១-ព្រះវិហារមានទទឹង៨ម៉ែត្រគុណបណ្តោយ១៦ ម៉ែត្រ មានរបងព័ទ្ធជុំវិញចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់៧០,១៨២.៤៥US$ដុល្លារ ។
២-កុដិមួយខ្នងទំហំទទឹង ៥ម៉ែត្រ គុណ បណ្តោយ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ US$ ជាប្រាក់ផ្ទាល់ខ្លួនរបស់លោកទី អេង នៅរាជធានីភ្នំពេញ ដែលត្រូវជាក្មួយរបស់លោកលីម លីអៃ ។ក្រោយពីលោកទី អេងធ្វើមរណកាលទៅបង ប្អូនយកប្រាក់នោះកសាងកុដិ ដើម្បីឧទ្ទិស កុសលជូនគាត់ ។
៣-បន្ទប់ទឹក១បន្ទប់ និងបង្គន់អនាម័យ១បន្ទប់ ទឹកប្រាក់ ៣,១៥០US$ ។
៤-ស្រះទឹកមុខព្រះវិហារទទឹង ២០ម៉ែត្រគុណ បណ្តោយ ៤០ ម៉ែត្រ ជម្រៅ ៣,៥០ ម៉ែត្រ។
មានជណ្តើរបេតុងមួយ មានចាក់សាបនៅមុខជណ្តើរ និងជីកស្រះមួយនៅជ្រុងខាងជើងឆៀងខាងលិចដីវត្តមួយកន្លែង រួមទាំងការកាយពង្រាបដី ទិញដី ក្រហម ចាក់ក្រាលផង អស់ទឹកប្រាក់សរុប ៧,០០០US$ ។ ក្នុងនោះប្រមូលបានពីសប្បុរសជនមួយចំនួន នៅខ្វះជាង៤.០០០US$ ទៀត ។
៥-ខ្លោងទ្វារចូលវត្តនៅស្របនឹងផ្លូវជាតិលេខ៦ អស់ទឹកប្រាក់ ៣,៨០០US$ ដឹកនាំកសាងដោយលោកកោ ហឺ និងកុដិថ្មថ្មី,១ខ្នង មាន៥បន្ទប់ ទំហំទទឹង៧,៥ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ។

សមិទ្ធផលខាងលើរួចជាស្ថាពរនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០១១ អស់ទឹកប្រាក់សរុបចំនួន៨៧,៦៣២.៤៥ ដុល្លារសហរដ្ឋអាមេរិក ។

សូមជម្រាបជូនដែរថា សមិទ្ធផលទាំងឡាយ នៅក្នុងវត្តអារាមនេះ ក៏មានការរួមចំណែកជាង២ម៉ឺនដុល្លាសរអា ពីលោកអ៊ុ រាត្រី តាំងពីលោកនៅជាអភិបាលរងស្រុក អភិបាលស្រុក អភិបាលក្រុងសិរីសោភ័ណមកម្ល៉េះ។

នាឱកាសនោះលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានលេីកឡេីងថា : សុខសន្តិភាព ស្ថិរភាពការជាមូលដ្ឋានគ្រឹះនិងជាកាលានុវត្តភាពយ៉ាងធំធេង សម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងមូលដ្ឋានលើគ្រប់វិស័យ ។ក្នុងនោះវិស័យសាសនាក៏មានការរីចម្រើនយ៉ាងខ្លាំងទាំងបរិមាណនិងគុណភាព។

ផ្អែកលើគុណតម្លៃ និងតួនាទី របស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ថា”ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ”  ។

ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តសាទរ លើកទឹកចិត្តដល់ព្រះសង្ឃ អាចារ្យ គណៈ:កម្មការ សប្បុរសជននិងពុទ្ធបរិស័ទ គ្រប់បណ្តាវត្តអារាមនានា រួមទាំងវត្តគិរីញាណក្ខន្ធបទារាម ហៅវត្តកក់ននៅភូមិកក់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ នេះសូមបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំកសាង អភិវឌ្ឍន៍ និងចូលរួមថែរក្សា លើកតម្កើង គោរពសក្ការ: ព្រះពុទ្ធសាសនាឱ្យនៅគង់វង្ស រុងរឿងឡើងបន្ថែមទៀត ៕