ពន្ធដារ

អត្ថប្រយោជន៍ជាមូលដ្ឋានមួយចំនួនសម្រាប់អ្នកជាប់ពន្ធពីកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ( Double Taxation Agreement –DTA )

ភ្នំពេញ៖ ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement –DTA )ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗមួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន ៖
– ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤ %មក ១០%
– ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ពី ១៤%មក១០% ឬលើកលែងពន្ធ
– ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពី ប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក៥០ %
– ទទួលបានការលើកលែពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍អន្តរជាតិក្រោម DTA
– ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។
សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវត្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា ៖

សម្រាប់នីតិបុគ្គល ៖
១ . វិញ្ញាបនបត្រនិវាសនជន ( Certificate of Residence ) ច្បាប់ដើម
២ . វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម ( Certificate of Incorporation ) ថតចម្លង និងមានបញ្ជាក់
៣ . លក្ខន្តិកៈក្រុមហ៊ុន ( Company Statute ) ថតចម្លង និងមានបញ្ជាក់
៤ . កិច្ចសន្យា \ ឯកសារពាក់ព័ន្ធនឹងការទូទាត់ ( Document related to income payment) ថតចម្លង និងមានបញ្ជាក់
៥ . លិខិតផ្ទេរសិទ្ធិ ( Authorization Letter ) ច្បាប់ដើម
៦ . បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក ( អ្នកទូទាត់) ( Patent Tax) ថតចម្លង

សម្រាប់រូបវន្តបុគ្គល ៖
១ . អត្តសញ្ញាណប័ណ្ណ \ លិខិតឆ្លងដែន ( Identification Card\Passport) ថតចម្លង និងមានបញ្ជាក់
២ . វិញ្ញាបនបត្រនិវាសនជន ( Certificate of Residence ) ច្បាប់ដើម
៣ . កិច្ចសន្យា \ ឯកសារពាក់ព័ន្ធនឹងការទូទាត់ ( Document related to income payment ) ថតចម្លង និងមានបញ្ជាក់
៤ . លិខិតផ្ទេរសិទ្ធិ ( Authorization Letter) ច្បាប់ដើម
៥ . បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក ( អ្នកទូទាត់) ( Patent Tax) ថតចម្លង៕