សន្ដិសុខសង្គម

អតីតកីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ជិះម៉ូតូធ្លាក់ចូលទឹកប្រឡាយលង់ទឹកស្លា.ប់

ដោយ៖ សហការី

ភ្នំពេញ​ ៖​ អតីតកីឡាករបាល់ទាត់ជម្រើសជាតិម្នាក់ បានជិះម៉ូតូធ្លាក់ទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់កាលពីយប់វេលាម៉ោង១០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ  ស្ថិតនៅភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងលើមានឈ្មោះ ទេស សម្បត្តិ អាយុ២៨ឆ្នាំ ស្នាក់នៅបុរីទីលាង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ADV ពាក់ផ្លាកលេខ ភ្នំពេញ1KY-4937 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនហើយយប់ងងិតផងនោះបណ្តាលឲ្យជ្រុលចង្កូតរអិលធ្លាក់ចូលទឹកប្រឡាយជម្រៅប្រហែល៤ម៉ែត្ររបស់ក្រសួងធនធានទឹកបាត់មួយយប់។

លុះដល់ព្រឹកឡើងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយក្រុមគ្រួសាររកសាកសពនិងម៉ូតូរបស់ជនរងគ្រោះ ក៏រកឃើញសពជនរងគ្រោះនៅក្នុងទឹក ហើយបានស្រង់យកមកលើគោកធ្វើការពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ស្ពឺ៕