អន្តរជាតិ

ហ្សេឡេនស្គីនៃអ៊ុយក្រែនថា ការវាយប្រហាររបស់រុស្ស៊ីនៅតែបន្តទោះបីជាមានការប្រកាសឈប់បាញ់ក្នុងពិធីបុណ្យអ៊ីស្ទ័ររបស់លោក ពូទីនក៏ដោយ

ប្រែសម្រួល៖ស-សម្បត្តិ

គីវ៖ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយនៅថ្ងៃអាទិត្យ (ថ្ងៃទី២០ ខែមេសា) ថា កងកម្លាំងរុស្ស៊ីកំពុងធ្វើពុតជាអនុវត្តការឈប់បាញ់មួយថ្ងៃនៅពិធីបុណ្យអ៊ីស្ទ័រដែលប្រកាសដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ខណៈពួកគេនៅតែបន្តព្យាយាមបង្កការខាតបង់នៅសមរភូមិមុខដល់អ៊ុយក្រែន តាមរយៈប្រតិបត្តិការពេលយប់។

លោក ពូទីន បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួន “បញ្ឈប់សកម្មភាពយោធាទាំងអស់” នៅតាមបណ្តោយខ្សែសមរភូមិនៃសង្រ្គាមដែលមានរយៈពេលបីឆ្នាំនេះ រហូតដល់ពេលអធ្រាត្រនៅម៉ូស្គូថ្ងៃអាទិត្យ ប៉ុន្មានម៉ោងមុនពេលលោកចូលរួមពិធីបុណ្យអ៊ីស្ទ័រអរថូដុក នៅល្ងាចថ្ងៃសៅរ៍។

ការធ្វើបែបនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា អាចនឹងបោះបង់ការចរចាសន្តិភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើម៉ូស្គូនិងគីវមិនបង្ហាញថា ពួកគេមានចេតនាចូលរួមក្នុងការចរចាដោយហ្មត់ចត់ទេនោះ។

“ជាទូទៅ គិតត្រឹមព្រឹកថ្ងៃបុណ្យអ៊ីស្ទ័រ យើងអាចនិយាយបានថា កងទ័ពរុស្ស៊ីកំពុងព្យាយាមបង្កើតការយល់ឃើញទូទៅអំពីការឈប់បាញ់ ប៉ុន្តែនៅកន្លែងខ្លះ ពួកគេមិនបានបោះបង់ការព្យាយាមឈ្លានពាននិងបង្កការខាតបង់ដល់អ៊ុយក្រែនទេ” លោក ហ្សេឡេនស្គី បាននិយាយក្នុងការចុះផ្សាយលើបណ្តាញសង្គម។

ប៉ុន្តែលោកបានឱ្យដឹងថា មានករណីបាញ់ផ្លោងរាប់រយករណីកាលពីល្ងាចថ្ងៃសៅរ៍។

នៅព្រឹកថ្ងៃអាទិត្យ កងកម្លាំងអ៊ុយក្រែនបានរាយការណ៍ពីករណីបាញ់ផ្លោងចំនួន ៥៩ ករណី និងការព្យាយាមវាយប្រហារចំនួន ៥ លើកនៅតាមបណ្តោយខ្សែសមរភូមិមុខ លោកបានបន្ថែម។

យោធាអ៊ុយក្រែនបានបញ្ជាក់ថា សកម្មភាពនៅសមរភូមិមុខបានថយចុះ ប៉ុន្តែការប្រយុទ្ធគ្នាមិនបានបញ្ឈប់ទេ។

“វាកំពុងថយចុះ ប៉ុន្តែមិនទាន់បាត់នៅឡើយទេ។ ដោយស្មោះត្រង់ យើងមិនសូវមានសង្ឃឹមថា រឿងនេះនឹងកើតឡើងមែនទេ” លោក វិកទ័រ ត្រេហ៊ូបុវ អ្នកនាំពាក្យយោធាសម្រាប់សមរភូមិភាគខាងកើតរបស់អ៊ុយក្រែនបានប្រាប់ទូរទស្សន៍ជាតិ។

នៅក្នុងតំបន់ដូនេតស្ក៍ភាគខាងកើតអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី យ៉ាងហោចណាស់មានការផ្ទុះបីលើកត្រូវបានឮនៅព្រឹកថ្ងៃអាទិត្យ ប្រភពព័ត៌មានរុស្ស៊ីបានរាយការណ៍។

រ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍សមរភូមិដោយឯករាជ្យភ្លាមៗបានទេ។

  • កិច្ចខិតខំរកសន្តិភាពរបស់លោក ត្រាំ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសន្យាថា នឹងនាំមកនូវការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ខណៈដែលគោលនយោបាយអាមេរិកផ្លាស់ប្តូរពីការគាំទ្រគីវយ៉ាងមុតមាំ ទៅជាការទទួលយកការរៀបរាប់របស់ម៉ូស្គូអំពីជម្លោះនេះ។

កាលពីខែមុន បន្ទាប់ពីអ៊ុយក្រែនទទួលយកសំណើរបស់លោក ត្រាំ សម្រាប់ការឈប់បាញ់រយៈពេល ៣០ ថ្ងៃ ប៉ុន្តែម៉ូស្គូបដិសេធ ភាគីទាំងពីរបានព្រមព្រៀងតែលើការផ្អាកការវាយប្រហារគោលដៅថាមពល និងនៅសមុទ្រក្នុងកម្រិតកំណត់ប៉ុណ្ណោះ ដែលភាគីនីមួយៗចោទប្រកាន់មួយទៀតថាបានបំពាន។

លោក ហ្សេឡេនស្គី បានបញ្ជាក់ម្តងទៀតថា គីវមានឆន្ទៈក្នុងការពន្យារពេលឈប់បាញ់រយៈពេល ៣០ ថ្ងៃ ប៉ុន្តែលោកបាននិយាយថា ប្រសិនបើរុស្ស៊ីនៅតែប្រយុទ្ធនៅថ្ងៃអាទិត្យ អ៊ុយក្រែនក៏នឹងប្រយុទ្ធដែរ។

“អ៊ុយក្រែននឹងបន្តធ្វើសកម្មភាពដោយឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក” លោកបាននិយាយ។

សហភាពអឺរ៉ុបបានឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះសេចក្តីប្រកាសឈប់បាញ់របស់លោក ពូទីន ដោយនិយាយថា ម៉ូស្គូអាចបញ្ឈប់សង្រ្គាមភ្លាមៗបាន ប្រសិនបើពួកគេចង់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារិក បានបញ្ជាក់ម្តងទៀតពីការគាំទ្ររបស់អង្គការសហប្រជាជាតិ “សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ ឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ ជាប់លាប់ និងគ្រប់ជ្រុងជ្រោយ ដែលគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន”។

បុណ្យអ៊ីស្ទ័រធ្លាក់នៅថ្ងៃតែមួយក្នុងឆ្នាំនេះសម្រាប់ព្រះវិហារអរថូដុក និងព្រះវិហារលោកខាងលិច ហើយលោក ហ្សេឡេនស្គី បានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនក្នុងសារបុណ្យអ៊ីស្ទ័រ កុំបោះបង់ក្តីសង្ឃឹមថា សន្តិភាពនឹងត្រឡប់មកប្រទេសរបស់ពួកគេវិញ។

“យើងដឹងថា យើងកំពុងការពារអ្វី។ យើងដឹងថា យើងកំពុងប្រយុទ្ធដើម្បីអ្វី។ ដើម្បីនរណា និងដើម្បីប្រយោជន៍របស់នរណា” លោកបាននិយាយក្នុងវីដេអូលើបណ្តាញសង្គម ស្លៀកពាក់អាវម៉ូដអ៊ុយក្រែនប្រពៃណី និងឈរនៅមុខព្រះវិហារសំខាន់របស់គីវគឺព្រះវិហារ សេន្ត សូហ្វៀ៕

ប្រភព៖ រ៉យទ័រ