កីឡា

អ្នកចាត់ការទូទៅនិយាយថារៀលឈឺចាប់បន្ទាប់ពីចាកចេញពីអឺរ៉ុប ប៉ុន្តែគ្មានបញ្ហាជាមួយក្លិបទេ

ប្រែសម្រួល៖ស្រីនិច

ម៉ាឌ្រីដ៖ អ្នកគ្រប់គ្រងរៀល ម៉ាឌ្រីដ កាលូ អានឆេឡូតេ បាននិយាយថា ក្រុមរបស់លោកនៅតែឈឺចាប់ បន្ទាប់ពីអ្នកការពារតំណែងត្រូវបានបណ្តេញចេញពីការប្រកួត Champions League នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ប៉ុន្តែមិនមានជម្លោះជាមួយមន្ត្រីជាន់ខ្ពស់របស់ក្លិបបន្ទាប់ពីការចាកចេញពីអឺរ៉ុបរបស់ពួកគេទេ។

អាសេណល់បានយកឈ្នះអ្នកជើងឯកអឺរ៉ុប១៥ដងនៅទាំងពីរជើង ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងជ័យជម្នះសរុប ៥-១ ដែលធ្វើឱ្យក្រុមរបស់អានឆេឡូតេប្រយុទ្ធតែនៅរណសិរ្សក្នុងស្រុកប៉ុណ្ណោះ។

រៀលនឹងចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដែលពួកគេប្រឈមមុខនឹងបាសេឡូណា ក្រុមដែលកំពុងនាំមុខក្រុមរបស់អានឆេឡូតេ៤ពិន្ទុក្នុងលីគ LaLiga។ រៀលធ្វើជាម្ចាស់ផ្ទះអាត់តេលទិក ប៊ីលបៅ ដែលឈរនៅលំដាប់ទី៤ នៅថ្ងៃអាទិត្យ។

ប្រធានក្លិបរៀល ម៉ាឌ្រីដ ហ្វ្លូរិនទីណូ ប៉េរេស មានកេរ្តិ៍ឈ្មោះក្នុងការបណ្ដេញគ្រូបង្វឹកដែលបរាជ័យ ប៉ុន្តែជនជាតិអ៊ីតាលី អានឆេឡូតេ គ្រូបង្វឹកតែម្នាក់គត់ដែលឈ្នះ Champions League ៥ដង បាននិយាយថា ពាក្យចចាមអារាមអំពីជម្លោះជាមួយក្លិបគឺជារឿងមិនពិត។

“ខ្ញុំបាននិយាយជាមួយកីឡាករ និងខ្ញុំបាននិយាយជាមួយក្លិប។ យើងទាំងអស់គ្នាឈរនៅលើគំនិតដូចគ្នា។ យើងទាំងអស់គ្នាឈឺចាប់ ព្រោះយើងបានចាកចេញពីការប្រកួតដែលយើងធ្លាប់ទទួលបានជោគជ័យបំផុត។ អ្នកមិនអាចឈ្នះជានិច្ចទេ” អានឆេឡូតេ បានប្រាប់អ្នកកាសែត។

“យើងមានគំនិតដូចគ្នា គ្មានជម្លោះជាមួយក្លិបទេ។ អ្នកណាដែលនិយាយថាមានជម្លោះគឺជាព័ត៌មានមិនពិត ប្រធានក្លិបបង្ហាញនូវក្តីស្រលាញ់ច្រើននៅពេលទាំងនេះជាងពេលយើងឈ្នះ។”

“Champions League គឺជាការប្រកួតដ៏សំខាន់បំផុតសម្រាប់ទាំងអស់គ្នា។ ហើយ Champions League គឺជាប្រវត្តិសាស្ត្រដ៏សំខាន់បំផុតរបស់ម៉ាឌ្រីដ។ ប៉ុន្តែវាមិនពិតទេដែលថាការប្រកួតផ្សេងទៀតមិនរាប់”។

អានឆេឡូតេបាននិយាយថា អ្វីដែលឈឺចាប់បំផុតគឺការរិះគន់យ៉ាងខ្លាំងដែលបានកើតឡើងបន្ទាប់ពីការចាកចេញរបស់ពួកគេ ប៉ុន្តែបុរសវ័យ៦៥ឆ្នាំរូបនេះបានបដិសេធមិនស្តីបន្ទោសក្រុមទេ ដោយនិយាយថា លោកមាន “ទំនាក់ទំនងដ៏ល្អ” ជាមួយកីឡាកររបស់លោក។

“ការពិតគឺថា នៅក្នុងពិភពលោកនេះ គ្រប់យ៉ាងត្រូវបានចោទជាសំណួរ” លោកបាននិយាយ។ “ការសួរសំណួរអំពីក្លិបដែលបានឈ្នះពានជិត៣០នៅទសវត្សរ៍ចុងក្រោយនេះធ្វើឱ្យខ្ញុំយល់ច្រឡំ។”

“អ្វីតែមួយគត់ដែលខ្ញុំចង់ធ្វើគឺថ្លែងអំណរគុណដល់កីឡាករទាំងអស់នេះ ព្រោះខ្ញុំបានរីករាយយ៉ាងខ្លាំងរហូតមកដល់ពេលនេះ ហើយខ្ញុំចង់បន្តធ្វើបែបនេះ… កីឡាករទាំងនេះបានផ្តល់ឱកាសឱ្យខ្ញុំឈ្នះពាន Champions League ពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។

ផ្ទុយទៅវិញ ក្រុមអាត់តេលទិកដែលជាគូប្រកួតនៅថ្ងៃអាទិត្យ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ហើយអានឆេឡូតេបានអបអរសាទរពួកគេ។

“វានឹងជាការប្រកួតដ៏ខ្លាំងមួយ ក្រុមទាំងពីរបានលេងក្នុងសប្តាហ៍នេះ” លោកបាននិយាយ។ “ពួកគេកំពុងខិតជិតដល់ការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៅសាន ម៉ាមេស។ យើងចង់បន្តការប្រកួតប្រជែងសម្រាប់ LaLiga”៕

ប្រភព៖ រ៉យទ័រ