សេដ្ឋកិច្ច

កិច្ចប្រជុំរបស់តំណាងកម្ពុជានិងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក

ដោយ : បន្ទាយ

ភ្នំពេញ៖ ភាគីកម្ពុជាអះអាងថា កិច្ចពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក បានផ្តល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា។នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ជុំវិញការជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយលោកឯកអគ្គរដ្ឋទូត ចាមីសុន ជ្រា ( Jamieson Greer ) ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។

(រូបភាពឯកសារ)

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារថា : នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយលោកឯកអគ្គរដ្ឋទូត ចាមីសុន ជ្រា ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

(រូបភាពឯកសារ)

កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានផ្តល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។

រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕