កម្សាន្ដ

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនជិត២៤លាននាក់លើពលរដ្ឋកម្ពុជាសរុប១៧លាននាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ ។កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់)។ ចំនួនភ្ញៀវទេសចរឆ្លងកាត់និងលេងកម្សាន្តចំនួន២៤លាននាក់នោះ ខណ:ចំនួនប្រជាពលរដ្ឋកម្ពុជាយើងសរុបចំនួន១៧លាននាក់ ។នេះបើតាមការប្រកាសរបស់ក្រសួងទេសចរណ៍ ដែលសារព័ត៌មានក្នុងស្រុកទទួលបានកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ។

យោងប្រកាសនោះ ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ជិត២៤លាននាក់នោះ មានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។

ដោយតួលេខប្រចាំថ្ងៃនិមួយៗនៃ៣ថ្ងៃ រួមមាន៖  ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់ , ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់ ,ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។

ក្នុងរយៈពេល០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖  រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់ ,ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់ , ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់ ,ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់ , ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។

ក្រសួងទេសចរណ៍បានឲ្យដឹងដែរថា : ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

ជាក់ស្តែង  រាជធានីភ្នំពេញ មានការរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ  ។  ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត , ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ ,ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួនចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។

បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។

វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍលើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមនឹងនោះសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ៕