អន្តរជាតិ

ក្រុមហ៊ូធីនិយាយថាការវាយប្រហាររបស់អាមេរិកលើកំពង់ផែប្រេងនៅយេម៉ែន សម្លាប់មនុស្សយ៉ាងតិច ៣៨នាក់

ប្រែសម្រួល៖ ស-សម្បត្តិ

ការវាយប្រហាររបស់អាមេរិកលើកំពង់ផែប្រេងនៅយេម៉ែន បានសម្លាប់មនុស្សយ៉ាងតិច ៣៨នាក់ តាមការប្រកាសរបស់ក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃសុក្រ (១៨ មេសា) ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយនៃយុទ្ធនាការថ្មីរបស់វ៉ាស៊ីនតោនប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់នេះ។

ការវាយប្រហារនេះក៏បានបណ្តាលឱ្យរបួសមនុស្សជាង ១០០នាក់ផងដែរ យោងតាមស្ថានីយទូរទស្សន៍ក្រោមការគ្រប់គ្រងរបស់ហ៊ូធី ដែលបានផ្សាយរូបភាពអណ្តាតភ្លើងធំៗបំភ្លឺមេឃនាពេលយប់។

កងទ័ពអាមេរិកបានឱ្យដឹងថា ការវាយប្រហាររបស់ខ្លួនពេលយប់លើកំពង់ផែប្រេងរ៉ាស់អ៊ីសា មានគោលបំណងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ និងមូលនិធិសម្រាប់ក្រុមហ៊ូធី ដែលគ្រប់គ្រងតំបន់ដ៏ធំនៃប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់។

“កម្មករនិងបុគ្គលិក ៣៨នាក់ត្រូវបានសម្លាប់ និង ១០២នាក់ផ្សេងទៀតរងរបួស តាមតួលេខបឋមនៃការវាយប្រហាររបស់អាមេរិកលើកន្លែងផលិតប្រេងរ៉ាស់អ៊ីសា” នេះបើតាមការអះអាងរបស់ទូរទស្សន៍អាល់-មាស៊ីរ៉ា ដែលដកស្រង់សម្តីរបស់អាជ្ញាធរសុខាភិបាលនៅតំបន់ហូដេដា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម។

ទីភ្នាក់ងារសារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ចំនួនអ្នករងគ្រោះដោយឯករាជ្យបានទេ។

កងទ័ពអាមេរិកបានវាយប្រហារក្រុមហ៊ូធីស្ទើរតែរាល់ថ្ងៃតាំងពីថ្ងៃទី ១៥ មីនា ក្នុងកិច្ចខិតខំបញ្ចប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនតាមសមុទ្រនៅសមុទ្រក្រហម និងឈូងសមុទ្រអាដេន។

ដោយអះអាងថាសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្រុមឧទ្ទាមបានចាប់ផ្តើមវាយប្រហារលើផ្លូវសមុទ្រសំខាន់ៗ និងអ៊ីស្រាអែល បន្ទាប់ពីសង្គ្រាមហ្គាហ្សាបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣ ហើយនៅពេលក្រោយមក បានផ្អាកការវាយប្រហាររបស់ពួកគេអំឡុងពេលបញ្ឈប់បាញ់រយៈពេលពីរខែកន្លងទៅ។

ក្នុងសេចក្តីថ្លែងការណ៍មួយ កងបញ្ជាការកណ្តាលរបស់អាមេរិក (CENTCOM) បានមានប្រសាសន៍ថា៖ “កងកម្លាំងអាមេរិកបានចាត់វិធានការដើម្បីលុបបំបាត់ប្រភពប្រេងឥន្ធនៈសម្រាប់ភេរវករហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ និងដកហូតប្រាក់ចំណូលខុសច្បាប់ដែលបានផ្តល់មូលនិធិដល់កិច្ចខិតខំរបស់ក្រុមហ៊ូធីក្នុងការបង្កភេរវកម្មនៅទូទាំងតំបន់អស់រយៈពេលជាង ១០ឆ្នាំ។

“គោលបំណងនៃការវាយប្រហារទាំងនេះ គឺដើម្បីបំផ្លាញប្រភពអំណាចសេដ្ឋកិច្ចរបស់ក្រុមហ៊ូធី ដែលបន្តកេងប្រវ័ញ្ច និងបង្កការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរួមជាតិរបស់ពួកគេ។”

នាវា “បានបន្តផ្គត់ផ្គង់ប្រេងតាមរយៈកំពង់ផែរ៉ាស់អ៊ីសា” ទោះបីជាវ៉ាស៊ីនតោនកាលពីឆ្នាំនេះបានកំណត់ថាក្រុមឧទ្ទាមជាអង្គការភេរវកម្មបរទេសក៏ដោយ នេះបើតាម CENTCOM ដែលបានបន្ថែម ដោយមិនបានបញ្ជាក់ពីប្រភពនៃប្រេងឥន្ធនៈ។

  • “អ្វីៗទាំងអស់កំពុងឆេះ”

ក្នុងរូបភាពដែលបានផ្សាយកាលពីព្រឹកថ្ងៃសុក្រដោយទូរទស្សន៍អាល់-មាស៊ីរ៉ា គេឃើញមានបាល់ភ្លើងដ៏ធំមួយឆេះនៅតាមឆ្នេរសមុទ្រ ខណៈពេលដែលសសរផ្សែងក្រាស់ៗ​លើភ្លើងដែលហាក់ដូចជាកំពុងឆេះយ៉ាងខ្លាំង។

ស្ថានីយទូរទស្សន៍ហ៊ូធី បានផ្សាយការសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីការវាយប្រហារដែលកំពុងដេកលើគ្រែសង្គ្រោះ រួមទាំងបុរសម្នាក់ដែលមានរលាកនៅលើដៃរបស់គាត់។

“យើងបានរត់គេចខ្លួន។ ការវាយប្រហារមកជាប់ៗគ្នា ហើយបន្ទាប់មកអ្វីៗគ្រប់យ៉ាងត្រូវឆេះ” នេះបើតាមការនិយាយរបស់បុរសម្នាក់ដែលបាននិយាយថា គាត់ធ្វើការនៅកំពង់ផែ ដែលប្រាប់ទៅកាន់ទូរទស្សន៍អាល់-មាស៊ីរ៉ា។

ការវាយប្រហាររបស់អាមេរិកលើក្រុមហ៊ូធី បានចាប់ផ្តើមក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ចូ បៃដិន ប៉ុន្តែបានចាប់ផ្តើមឡើងវិញ និងកាន់តែខ្លាំងឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

រលកថ្មីនៃការវាយប្រហារ កើតឡើងបន្ទាប់ពីក្រុមហ៊ូធីគំរាមថានឹងបន្តបាញ់ដ្រូន និងមីស៊ីលប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ ដើម្បីប្រឆាំងនឹងការហាមឃាត់ជំនួយមនុស្សធម៌របស់អ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សា។

អ៊ីស្រាអែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងអស់ទៅហ្គាហ្សានៅដើមខែមីនា និងបានបន្តការវាយប្រហាររបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីននៅថ្ងៃទី ១៨ ខែមីនា ដែលនាំឱ្យខូចការបញ្ឈប់បាញ់។

នៅថ្ងៃសុក្រនេះដែរ កងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានទប់ស្កាត់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ដែលបានបង្កើតសំឡេងព្រមានក្នុង “តំបន់ជាច្រើន”។

  • “ការប្តេជ្ញាចំពោះសេរីភាពនាវាចរណ៍”

ការវាយប្រហាររបស់ក្រុមហ៊ូធី បានរាំងស្ទះការដឹកជញ្ជូនតាមប្រឡាយស៊ុយអេស ដែលជាផ្លូវសំខាន់មួយដែលជាធម្មតាដឹកជញ្ជូនប្រមាណ ១២ភាគរយនៃការដឹកជញ្ជូនពិភពលោក ដែលបង្ខំឱ្យក្រុមហ៊ុនជាច្រើនធ្វើការវាងចាក់ចោលផ្លូវដែលមានតម្លៃថ្លៃ ដោយត្រូវធ្វើដំណើរជុំវិញចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។

ប្រធានាធិបតីត្រាំ បានសន្យាថាសកម្មភាពយោធាប្រឆាំងនឹងក្រុមឧទ្ទាមនឹងបន្តរហូតដល់ពួកគេលែងជាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមសមុទ្រ។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្ទៀន ឡឺខូនូ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងបារាំងមួយនៅសមុទ្រក្រហមបានបំផ្លាញដ្រូនមួយដែលបានបាញ់ចេញពីប្រទេសយេម៉ែន។

“កងកម្លាំងប្រដាប់អាវុធរបស់យើងបន្តការប្តេជ្ញារបស់ពួកគេក្នុងការធានាសេរីភាពនៃចលនានាវាចរណ៍” លោកបានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយ X។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថេមី ប្រូស បានថ្លែងថា ក្រុមហ៊ុនផ្កាយរណបចិន Chang Guang Satellite Technology Company កំពុង “គាំទ្រដោយផ្ទាល់ដល់ការវាយប្រហារភេរវកម្មរបស់ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ប្រឆាំងនឹងផលប្រយោជន៍អាមេរិក”។

“សកម្មភាពរបស់ពួកគេ និងការគាំទ្ររបស់ប៉េកាំងចំពោះក្រុមហ៊ុន បើទោះបីជាមានការជួបប្រជុំឯកជនរបស់យើងជាមួយពួកគេក៏ដោយ គឺជាឧទាហរណ៍មួយទៀតនៃការអះអាងដ៏ទទេរបស់ប្រទេសចិនក្នុងការគាំទ្រសន្តិភាព” នាងបានប្រាប់ទៅកាន់អ្នកកាសែត។

កញ្ញាប្រូស ដំបូងឡើយមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃការគាំទ្ររបស់ក្រុមហ៊ុនចំពោះក្រុមឧទ្ទាមទេ ប៉ុន្តែក្រោយមកបានយោងទៅលើ “ក្រុមហ៊ុនចិនមួយដែលផ្តល់រូបភាពផ្កាយរណបដល់ក្រុមហ៊ូធី”៕

ប្រភព៖ AFP/fh