ប្រែសម្រួល៖ ស-សម្បត្តិ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រថាប្រសិនបើមិនអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានទេ សហរដ្ឋអាមេរិកត្រូវបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងរយៈពេល «ប៉ុន្មានថ្ងៃ» ហើយបន្តទៅមុខទៀត។
«យើងត្រូវសម្រេចឲ្យបានយ៉ាងឆាប់រហ័សឥឡូវនេះ ហើយខ្ញុំនិយាយអំពីរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ថាតើរឿងនេះអាចធ្វើទៅបានឬអត់» លោកបាននិយាយទៅកាន់អ្នកកាសែតមុនពេលចាកចេញពីទីក្រុងប៉ារីស ជាកន្លែងដែលលោកបានធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអឺរ៉ុប និងអ៊ុយក្រែន។
មតិទាំងនេះបានចេញមកមួយថ្ងៃបន្ទាប់ពីលោក និងអ្នកតំណាងពិសេស ស្ទីវ វីតខព បានជួបជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនិងអ៊ុយក្រែន ខណៈពេលដែលរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជំរុញឲ្យមានការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
សេចក្តីសង្ខេបរបស់ក្រសួងការបរទេសបានឲ្យដឹងថា គ្រោងការណ៍សន្តិភាពដែលនិពន្ធដោយសហរដ្ឋអាមេរិក បានទទួល «ការស្វាគមន៍គួរឲ្យលើកទឹកចិត្ត» នៅក្នុងកិច្ចពិភាក្សា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីគ្រោងការណ៍នោះទេ។ Marco Rubio ក៏បាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សែរហ្គេយ ឡាវរ៉ូវ និងបានប្រគល់គ្រោងការណ៍ដូចគ្នា ដូចដែលបានបញ្ជាក់ក្នុងសេចក្តីសង្ខេបនោះដែរ។
និយាយកាលពីថ្ងៃសុក្រ Marco Rubio បាននិយាយថា លោក និងវីតខព បានមកទីក្រុងប៉ារីសដើម្បី «ចាប់ផ្តើមនិយាយអំពីគ្រោងការណ៍ជាក់លាក់បន្ថែមអំពីអ្វីដែលអាចនឹងត្រូវការដើម្បីបញ្ចប់សង្គ្រាម» និងថាតើសង្គ្រាមនេះអាចបញ្ចប់បានឬអត់។
«ប្រសិនបើវាមិនអាចធ្វើទៅបាន ប្រសិនបើយើងនៅឆ្ងាយពីគ្នាមែនទែនហើយរឿងនេះមិនអាចកើតឡើងបានទេ នោះខ្ញុំគិតថាប្រធានាធិបតីប្រហែលជានៅចំណុចដែលលោកនឹងនិយាយថា យើងឈប់ហើយ» លោកបាននិយាយ។
«វាមិនមែនជាសង្គ្រាមរបស់យើងទេ។ យើងមិនបានចាប់ផ្តើមវាទេ។ សហរដ្ឋអាមេរិកបានជួយអ៊ុយក្រែនអស់រយៈពេលបីឆ្នាំកន្លងមកហើយ ហើយយើងចង់ឲ្យវាបញ្ចប់ ប៉ុន្តែវាមិនមែនជាសង្គ្រាមរបស់យើងទេ» លោកបានបន្ថែម។
«ប្រធានាធិបតី (ត្រាំ) បានចំណាយពេល ៨៧ ថ្ងៃនៅកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាលនេះ ដោយខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការនាំសង្គ្រាមនេះមកបញ្ចប់។ យើងកំពុងឈានដល់ចំណុចមួយដែលយើងត្រូវសម្រេចចិត្ត និងកំណត់ថាតើរឿងនេះអាចធ្វើទៅបានឬក៏អត់។ ហេតុនេះហើយបានជាយើងកំពុងចូលរួមជាមួយភាគីទាំងសងខាង។»
ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីបានបើកការវាយប្រហារមីស៊ីលមកលើអ៊ុយក្រែនកាលពីយប់មិញ ដោយបានបាញ់ត្រូវតំបន់លំនៅដ្ឋាននៅទីក្រុងខាកីវ។ អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃសុក្រថា ការវាយប្រហារនោះបានសម្លាប់មនុស្សម្នាក់ និងបណ្តាលឲ្យរបួស ៦៧ នាក់ផ្សេងទៀត ដោយបន្ថែមថា ពួកគេខ្លាចថាមនុស្សកាន់តែច្រើននាក់អាចជាប់នៅក្រោមបំណែកនៃអគារផ្ទះល្វែងដែលខូចខាត។
- ជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងធនធានរ៉ែ
ពាក្យព្រមានរបស់ Marco Rubio នៅថ្ងៃសុក្រ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ុយក្រែន បានឈានកាន់តែជិតទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែ កាលពីយប់ថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន យូលីយ៉ា ស្វីរីដេនកូ បាននិយាយថា ក្រុងគីវនិងវ៉ាស៊ីនតោន ឥឡូវនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលបានស្នើឡើង។
«យើងមានសេចក្តីរីករាយក្នុងការប្រកាសអំពីការចុះហត្ថលេខា ជាមួយដៃគូអាមេរិកាំងរបស់យើង នូវអនុស្សរណៈនៃការយោគយល់ ដែលបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច និងការបង្កើតមូលនិធិវិនិយោគសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ» លោកស្រីស្វីរីដេនកូ បាននិយាយក្នុងប្រកាសមួយនៅលើបណ្តាញ X។
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍មុននេះថា អនុស្សរណៈទាក់ទងនឹងកិច្ចព្រមព្រៀងនោះអាចនឹងត្រូវបានចុះហត្ថលេខាពីចម្ងាយនៅថ្ងៃនោះ។
«ឯកសារនេះគឺជាលទ្ធផលនៃការងារវិជ្ជាជីវៈរបស់ក្រុមចរចា ដែលទើបតែបានបញ្ចប់ជុំពិភាក្សាបច្ចេកទេសមួយទៀតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន» ស្វីរីដេនកូ បានបន្ត។ «ខាងមុខនេះគឺជាការបញ្ចប់អត្ថបទនៃកិច្ចព្រមព្រៀង និងការចុះហត្ថលេខាលើវា — ហើយបន្ទាប់មកគឺជាការផ្តល់សច្ចាប័នដោយសភា។»
«នៅមានការងារច្រើនត្រូវធ្វើ ប៉ុន្តែល្បឿនបច្ចុប្បន្ននិងការរីកចម្រើនគួរឲ្យកត់សម្គាល់ ផ្តល់ហេតុផលដើម្បីរំពឹងថា ឯកសារនេះនឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ» ស្វីរីដេនកូ បានសរុប។
កំណែមុនៗនៃកិច្ចព្រមព្រៀងរ៉ែនេះ មិនត្រូវបានចុះហត្ថលេខាទេ បន្ទាប់ពីមានការជជែកគ្នាជាសាធារណៈរវាងហ្សេឡេនស្គី និងត្រាំ កាលពីខែកុម្ភៈ។
ប្រភពបានប្រាប់ CNN ថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលបានស្នើនោះ មានការប្រែប្រួលតាំងពីពេលនោះមក ដោយមន្ត្រីរតនាគារបានជួបគណៈប្រតិភូអ៊ុយក្រែននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍នេះ ដើម្បីបញ្ចប់វា៕
