ប្រែសម្រួល៖ស-សម្បត្តិ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio និងអ្នកតំណាងពិសេស Steve Witkoff បានជួបជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុបនៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អ្វីដែលត្រូវបានពិពណ៌នាថាជា “ការផ្លាស់ប្តូរដ៏ល្អប្រសើរ” – ជាការចរចាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្នុងខណៈដែលប្រធានាធិបតី Trump កំពុងជំរុញឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ផ្តល់នូវអ្វីដែលប្រភពពីវិមានអេលីសេនៃប្រទេសបារាំងហៅថា “ឱកាសយុទ្ធសាស្ត្រដ៏រឹងមាំបំផុត”។
ក្នុងអំឡុងពេលនៃការចរចា សហរដ្ឋអាមេរិកបានបង្ហាញគ្រោងផែនការសន្តិភាពមួយ ដែលត្រូវបានរាយការណ៍ថាទទួលបាន “ការស្វាគមន៍គួរឱ្យលើកទឹកចិត្ត” ទោះបីជាមិនមានការបង្ហាញព័ត៌មានលម្អិតជាក់លាក់ក៏ដោយ។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីស លោក Rubio បានទំនាក់ទំនងគ្រោងផែនការដូចគ្នានេះទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។ សេចក្តីសង្ខេបរបស់ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា “ប្រធានាធិបតី Trump និងសហរដ្ឋអាមេរិកចង់ឱ្យសង្គ្រាមនេះបញ្ចប់ ហើយឥឡូវនេះបានបង្ហាញដល់គ្រប់ភាគីនូវគ្រោងនៃសន្តិភាពដែលមាននិរន្តរភាពនិងយូរអង្វែង”។
សម្រាប់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន កិច្ចប្រជុំកំពូលនេះផ្តល់នូវការយល់ដឹងសំខាន់អំពីវិធីសាស្ត្ររបស់រដ្ឋបាល Trump ចំពោះជម្លោះនេះ។ ប្រទេសទាំងនេះ រួមជាមួយអ៊ុយក្រែន បានសម្តែងការព្រួយបារម្ភចំពោះការនិយាយដដែលៗរបស់លោក Trump និងលោក Witkoff នូវចំណុចសន្ទនារបស់ក្រឹមឡាំង។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលមិនមានវត្តមាននៅក្នុងកិច្ចចរចា បានរិះគន់លោក Witkoff ចំពោះ “ការផ្សព្វផ្សាយការនិយាយរបស់រុស្ស៊ី”។
កិច្ចខិតខំការទូតនឹងបន្តជាមួយនឹងកិច្ចប្រជុំបន្ថែមដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយនៅក្នុងទីក្រុងឡុងដ៍ ដោយអនុវត្តតាមទម្រង់ដូចគ្នា។ ប្រធានាធិបតីបារាំង Emmanuel Macron បានពិពណ៌នាការពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ថាជា “ថ្ងៃនៃការប្រមូលផ្តុំការទូត” ហើយបានកត់សម្គាល់ថាពួកគេបានចូលរួមក្នុង “ការពិភាក្សាវិជ្ជមាននិងស្ថាបនាអំពីរបៀបសម្រេចបាននូវការឈប់បាញ់គ្នា និងសន្តិភាពគ្រប់ជ្រុងជ្រោយនិងយូរអង្វែង”។
ទន្ទឹមនឹងនេះ ប្រធានាធិបតី Trump បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹង “ឮ” ពីទីក្រុងម៉ូស្គូ “នៅសប្តាហ៍នេះ” ទាក់ទងនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការឈប់បាញ់គ្នា។ គាត់បានថ្លែងថា “យើងចង់ឱ្យវាឈប់។ យើងចង់ឱ្យការស្លាប់និងការសម្លាប់ឈប់”។ ខណៈដែលលោក Trump រក្សាថាគាត់មិនមែនជា “អ្នកគាំទ្រធំ” ចំពោះលោក Zelensky ទេ គាត់បានបញ្ជាក់ថាគាត់មិនទទួលខុសត្រូវចំពោះមេដឹកនាំអ៊ុយក្រែនចំពោះសង្គ្រាមនោះទេ ដោយនិយាយថា “នោះគឺជាសង្គ្រាមមួយដែលនឹងមិនដែលចាប់ផ្តើមទេ ប្រសិនបើខ្ញុំជាប្រធានាធិបតី”។
ទោះបីជាការសន្យាដំបូងរបស់រដ្ឋបាលក្នុងការបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស សូម្បីតែពេលចុងសប្តាហ៍បុណ្យអ៊ីស្ទើរក៏ដោយ មហិច្ឆតាបែបនេះកាន់តែមិនទំនងជាកើតឡើងបាន។ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាមានការប៉ុនប៉ងផ្នែកការទូតរបស់វ៉ាស៊ីនតោនក៏ដោយ។ លោក Witkoff ថ្មីៗនេះបានស្នើថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនឹងផ្តោតលើ “ដែនដីដែលគេហៅថាប្រាំតំបន់” – ឧទាហរណ៍ ឧបទ្វីបគ្រីមេ៉អា ដែលរុស្ស៊ីបានដេញចូលក្នុងឆ្នាំ ២០១៤ និងតំបន់ដីគោកអ៊ុយក្រែនចំនួនបួន ដែលត្រូវបានកាន់កាប់តាំងពីការឈ្លានពានឆ្នាំ ២០២២ – ដែលបង្ហាញថាអ៊ុយក្រែនប្រហែលជាត្រូវផ្តល់ទឹកដីក្រោមកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលអាចកើតមាន។
រដ្ឋបាល Trump បានជួបប្រទះបញ្ហាប្រឈមក្នុងការធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពដែលមាននិរន្តរភាព ដោយអ្នករិះគន់លើកឡើងថា វាមានភាពតឹងរឹងចំពោះអ៊ុយក្រែន ខណៈផ្តល់ការលើកលែងដល់រុស្ស៊ី។ នៅពេលដែលសេតវិមានបានផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ផ្គង់អាវុធនិងការចែករំលែកព័ត៌មានសម្ងាត់ទៅអ៊ុយក្រែនក្នុងខែមីនា ទីក្រុងគីវបានយល់ព្រមភ្លាមៗចំពោះសំណើឈប់បាញ់គ្នារយៈពេល ៣០ ថ្ងៃ។ ទោះបីជាភាគីទាំងសងខាងត្រូវបានរាយការណ៍ថាបានយល់ព្រមចំពោះការឈប់បាញ់គ្នាលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងក្នុងសមុទ្រខ្មៅក៏ដោយ ក្រឹមឡាំងបានថ្លែងនៅពេលក្រោយមកថា នឹងអនុវត្តកិច្ចព្រមព្រៀងតែក្នុងករណីដែលការដាក់ទណ្ឌកម្មលើធនាគារនិងការនាំចេញរបស់រុស្ស៊ីត្រូវបានដកចេញ។
យោងតាមមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់អ៊ុយក្រែន ការឈប់បាញ់គ្នាដែលត្រូវបានសន្មត់នោះបានធ្វើបានតិចតួចក្នុងការកាត់បន្ថយការឈ្លានពានរបស់រុស្ស៊ី។ ក្នុងរយៈពេល ២២ ថ្ងៃបន្ទាប់ពីការប្រកាស កងកម្លាំងរុស្ស៊ីត្រូវបានរាយការណ៍ថាបានសម្លាប់ជនជាតិអ៊ុយក្រែនច្រើនជាង ២.៥ ដងបើធៀបនឹងអំឡុងពេលស្មើគ្នាពីមុន។
ខណៈពេលដែលការចរចានៅទីក្រុងប៉ារីសកំពុងដំណើរការ អ្នកចរចារបស់រុស្ស៊ី លោក Kirill Dmitriev បានអះអាងថា ប្រទេសជាច្រើនកំពុងព្យាយាម “រំខាន” កិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ គាត់បានពិពណ៌នាអំពីកិច្ចប្រជុំចុងក្រោយរវាងលោក Putin និងលោក Witkoff ថាមាន “ផលិតភាពខ្ពស់បំផុត” ប៉ុន្តែបានទទួលស្គាល់ថាការពិភាក្សាកំពុងកើតឡើងក្នុង “លក្ខខណ្ឌដែលពិបាកខ្លាំង”៕
