កម្សាន្ដ

សកម្មភាពកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការ ការពារសណ្តាប់ធ្នាប់ជូនភ្ញៀវមកលេងសង្ក្រានថ្ងៃទី៣និងថ្ងៃបង្ហើយ នៃពិធីបុណ្យចូលឆ្នាំថ្មី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត សង្ក្រានថ្ងៃទី៣និងថ្ងៃបង្ហើយនៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២៥។

កម្លាំងនគរបាលទាំងអស់ រួមមានផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងកម្លាំងវរសេនាតូចការពារនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវបានដាក់ពង្រាយ តាមទីប្រជុំជន តាមវត្តអារាម តាមរមនីយដ្ឋាន តាមដងផ្លូវជាតិ និងតាមទីតាំងប្រារព្ធពិធីសង្ក្រាន ។


គឺដើម្បីចេញប្រតិបត្តិការយាមល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងកម្លាំងមួយចំនួនប្រចាំការនៅកន្លែងសម្រាប់ចេញអន្តរាគមន៍ បង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ ឬអគ្គីភ័យជាយថាហេតុ។

និងក៏ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពល្អជូនប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យទាំងមូល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ តែងតែដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាល គ្រប់អង្គភាព ចំណុះ ពង្រឹងការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ពេលរាត្រី ទប់ស្កាត់ និងបង្ក្រាប អ្នកបើកបរមានជាតិស្រវឹង(មានជាតិអាល់កុលលើសកម្រិត) ដែលងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕