ដោយ : បន្ទាយ

ភ្នំពេញ :រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ (ថ្ងៃទី១៤-១៦ខែមេសាឆ្នាំ២០២៥) កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តក្នុងកម្មវិធី “សង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រូវបានបញ្ចប់ដោយជោគជ័យ ។
ពោលគឺក្រោមស្មារតី ទទួលខុសត្រូវខ្ពស់ ប្រកបដោយស្នាមញញឹម និងមានមោទនភាព បើទោះបី ជាកម្លាំងម្នាក់ៗ មិនបានទៅចូលរួមជួបជុំគ្រួសារ ដូចគេឯងក៏ដោយ។
ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញ ចុះត្រួតពិនិត្យដោយផ្ទាល់ លើកម្លាំងក្រោមឱវាទ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពការងារ ឲ្យប្រព្រឹត្តទៅដោយរលូន និងសម្រេចជោគជ័យ តាមផែនការ សក្តឹសមជាមេបញ្ជាការដ៏ម៉ត់ចត់ និងមានការយកចិត្តទុកដាក់ខ្ពស់ ។
ដោយតែងតែគិតគូដល់កូនចៅ ជាក់ស្តែងនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដោយភ្ជាប់ជាមួយអំណោយគ្រប់គ្នា រួមមាន ទឹកក្រូចដប, អាវយឺតបោះពុម្ពឡូកូអាវុធហត្ថ, ទឹកដោះគោបឺត ទឹកសុទ្ធ និងបាន ជប់លៀងជូនកងកម្លាំង ដើម្បីលើកទឹកចិត្ត ក្នុងការលះបង់ពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ មកការពារប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕
