អាករលើតម្លៃបន្ថែមគឺជាយន្តការសម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឲ្យមានការអភិវឌ្ឍខាងធុរកិច្ចដោយបានបំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឲ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាសូន្យ។ ជាមួយគ្នានេះទំនិញឬសេវា និងសកម្មភាពសំខាន់ៗមួយចំនួនដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក៍ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ ផងដែរក្នុងនោះមាន ៖
១ . សេវាសិក្សាអប់រំ
២ . សេវាប្រៃសណីយ៍សាធារណៈ
៣ . សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រនិង ទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
៤ . សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
៥ . សេវាធានារ៉ាប់រង
៦ . ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត
៧ . ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក
៨ . សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ
៩ . សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១០ . ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១១ . សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ដើម្បីលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតអាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួនដែលធ្វើការផ្គត់ផ្គង់ ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុតសត្វចិញ្វឹមគ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋលើការនាំចូលនិងផ្គត់ផ្គង់ទំនិញមួយចំនួនរួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឳសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។ ជាមួយគ្នានេះ ការអនុវត្តអាករលើតម្លៃបន្ថែមចំពោះការផលិតផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញនូវផលិតផលកសិកម្មមួយចំនួនផ្សេងទៀត រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៍ត្រូវបានចាត់ទុកជាបន្ទុករដ្ឋផងដែរ ៕
