ប្រែសម្រួល៖ស-សម្បត្តិ

កម្ពុជាកំពុងសង្ឃឹមថានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមពីប្រទេសចិន រួមទាំងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលប្រធានាធិបតី ស៊ី ជីនភីង មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃព្រហស្បតិ៍ (១៧ មេសា) ជាចុងបញ្ចប់នៃដំណើរទស្សនកិច្ចក្នុងបីប្រទេសនៅអាស៊ីអាគ្នេយ៍ នេះបើតាមប្រសាសន៍អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
ប្រទេសកម្ពុជាដែលជាប្រទេសនាំចេញសម្លៀកបំពាក់ និងស្បែកជើងសំខាន់មួយទៅកាន់សហរដ្ឋអាមេរិក ត្រូវបានដាក់ពន្ធ «ប្រហាក់ប្រហែល» ៤៩ភាគរយដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាអត្រាខ្ពស់បំផុតមួយក្នុងពិភពលោក មុនពេលពន្ធភាគច្រើនត្រូវបានផ្អាករហូតដល់ខែកក្កដា។
រាជធានីភ្នំពេញក៏ជាដៃគូជិតស្និទ្ធរបស់ចិនផងដែរ ដែលបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងគម្រោងនានា រួមទាំងផ្លូវថ្នល់ និងព្រលានយន្តហោះ ហើយជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសនេះ។
«យើងរំពឹងទុកថានឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត រួមទាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ» នេះបើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានថ្លែងប្រាប់ Reuters នៅថ្ងៃមុនការមកដល់របស់លោក ស៊ី ក្នុងរាជធានីភ្នំពេញ។
លោកបានឆ្លើយនឹងសំណួរថាតើកម្ពុជារំពឹងថាប៉េកាំងនឹងប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងព្រែកទឹកសាបប្រវែង ១៨០គីឡូម៉ែត្រ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមហិច្ឆតាបំផុតរបស់ប្រទេសនេះដែរឬទេ។
ក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ លើប្រព័ន្ធផ្សព្វផ្សាយកម្ពុជា លោក ស៊ី បានជំរុញកម្ពុជាឱ្យប្រឆាំងនឹង «ការគ្រប់គ្រងតែម្នាក់ឯង» និង «ការការពារនិយម» ដោយបានលើកឡើងសារដដែលៗដែលលោកបានផ្ញើទៅប្រទេសវៀតណាម និងម៉ាឡេស៊ីកាលពីដើមសប្តាហ៍នេះ។
លោកបានរៀបរាប់អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធចិនកន្លងមកនៅកម្ពុជា ដែលបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក ប៉ុន្តែមិនបានលើកឡើងអំពីគម្រោងថ្មីៗជាក់លាក់ណាមួយនៅក្នុងអត្ថបទរបស់លោកឡើយ។
រដ្ឋាភិបាលកម្ពុជាបាននិយាយថា ចិននឹងផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងហូរចេញពីទន្លេមេគង្គនៅជិតរាជធានីភ្នំពេញ រហូតដល់សមុទ្រនៅឆ្នេរឈូងសមុទ្រថៃ ដែលនឹងអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមរយៈកំពង់ផែវៀតណាម។
រហូតមកដល់ពេលនេះ ចិនមិនទាន់បានប្រកាសជាផ្លូវការអំពីការប្តេជ្ញាផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនេះទេ ខណៈដែលរដ្ឋាភិបាលកម្ពុជាបានផ្លាស់ប្តូរសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការចូលរួមរបស់ចិន ពីការចំណាយ ១០០ភាគរយ មកនៅត្រឹម ៤៩ភាគរយនៃថ្លៃចំណាយសរុបប្រមាណ ១,៧ ពាន់លានដុល្លារ (ស្មើនឹងជាង ៣,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់កម្ពុជា)។
ទស្សនកិច្ចរបស់លោក ស៊ី មកកម្ពុជា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចដែលបានគ្រោងទុកជាយូរមកហើយ ដែលត្រូវបានគេមើលឃើញថាជាការបង្ហាញឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយសហរដ្ឋអាមេរិក។ លោកបានទៅទស្សនាប្រទេសម៉ាឡេស៊ី និងវៀតណាម ដែលបានបង្ហាញការព្រួយបារម្ភអំពីគម្រោងព្រែកជីកហ្វូណនតេជោ។
ចិនបានផ្តល់កម្ចីថ្មីក្នុងចំនួនតិចតួចដល់កម្ពុជាកាលពីឆ្នាំមុន បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ដែលខុសពីឆ្នាំមុនៗដែលចិនបានផ្តល់កម្ចីរាប់រយលានដុល្លារដល់ប្រទេសនេះ។
ការថយចុះនៃមូលនិធិនេះបានកើតឡើងខណៈពេលដែលចិនបានកាត់បន្ថយការវិនិយោគបរទេសជារួម ដោយសារបញ្ហាសេដ្ឋកិច្ចក្នុងស្រុក និងការព្រួយបារម្ភអំពីគម្រោងដែលមិនទទួលបានជោគជ័យ។
ចិននិងកម្ពុជាបានលើកឡើងជាញឹកញាប់ថា ពួកគេជា «មិត្តដែកថែប» ទោះបីជាមានភាពតានតឹងថ្មីៗនេះលើបញ្ហាមជ្ឈមណ្ឌលបោកប្រាស់នៅកម្ពុជា ដែលជាញឹកញាប់ត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន និងមានគោលដៅលើជនជាតិចិន ទាំងជាជនរងគ្រោះ ឬជាកម្មករដែលត្រូវបានឃុំឃាំង។
មុនពេលលោក ស៊ី មកដល់ កម្ពុជាបាននិយាយថា ប្រទេសនេះបាននិរទេសមនុស្សដែលហៅថា «ឧក្រិដ្ឋជនចិន» មួយចំនួនទៅកាន់ប្រទេសចិន រួមទាំងមនុស្សមកពីតៃវ៉ាន់ផងដែរ ក្នុងចលនាមួយដែលបានបង្កឱ្យតៃប៉ិខឹង។
ក្នុងអត្ថបទដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមុនពេលការមកដល់របស់លោក លោក ស៊ី បានជំរុញឱ្យកម្ពុជាបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដូចជាការបោកប្រាស់តាមអ៊ីនធឺណិត។
កាលពីដើមខែមេសា ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នានៅឯមូលដ្ឋានទ័ពជើងទឹកដែលត្រូវបានពង្រីកថ្មីៗនៅឆ្នេរសមុទ្រកម្ពុជា ដែលជាមូលដ្ឋានមួយដែលសហរដ្ឋអាមេរិកព្រួយបារម្ភថាអាចក្លាយជាមូលដ្ឋានយោធារបស់ចិន៕
