ដោយ : បន្ទាយ

បន្ទាយមានជ័យ: នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់ កម្លាំងនគរបាលផែនជំនាញ កម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទូទាំងខេត្ត ដាក់ពង្រាយកម្លាំងយាមល្បាត ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ ដែលឆ្លងកាត់ និងមកកំសាន្ត តាមរមណីយដ្ឋាន តាមទីកន្លែងប្រារព្ធពិធីសង្ក្រាន្ត ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មន្ត្រីនគរបាលនៃស្នងការដ្ឋានអោយដឹងថ្ងៃទី១៤ខែមេសាថា: តាមគោលដៅសំខាន់ៗ ពិសេសផ្លូវជាតិនិងផ្លូវបំបែក ទីតាំងប្រារព្ធពិធីសង្គ្រាន កម្លាំងនគរបាលផែនជំនាញ កម្លាំងនគរបាលផែនចរាចរណ៍ កម្លាំងអធិការដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ បានចេញយាមល្បាត និងបើករថយន្តចល័ត កម្លាំងមួយចំនួនបានចេញសម្រួលចរាចរណ៍តាមផ្លូវបំបែក និងលើដងផ្លូវជាតិលេខ៥ លេខ៦ ពិសេសចំនុចជុំវិញសួនមានជ័យតេជោ ឈ្នះ ឈ្នះ ដើម្បីតំរ៉ាយផ្លូវបញ្ជៀសការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ។
ជាលទ្ធផលកិច្ចប្រតិបត្តិការក្នុងសង្ក្រាន្តថ្ងៃទី១ សមត្ថកិច្ចយើង បានស្ទាក់ឃាត់អ្នកបើកបរម៉ូតូស៊ីម៉ាំងប្រេន ខុសលក្ខណៈបច្ចេកទេសដែលច្បាប់អនុញ្ញាត ចំនួន១១នាក់ ដករហូតម៉ូតូ ចំនួន ១១គ្រឿង បច្ចុប្បន្នអ្នកបើកបរត្រូវបានសួរនាំនិងចាត់ការតាមនីតិវិធី។
មន្ត្រីបានបន្តថា: ក្នុងករណីមានអាសន្ន ឬជួបបទល្មើសផ្សេងៗ ដែលសង្ស័យនាំឲ្យមានអំពើរអសន្តិសុខ, មានករណីអំពើហឹង្សា, មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើងអុកឡុកតាមមូលដ្ឋាន ករណីលួច ឆក់ ប្លន់ នានា សូមចូលរួមសហការ និងរាយការណ៍ មកកាន់យើងខ្ញុំ តាមរយះលេខសព្ទ័ប្រចាំបញ្ជា 097 778 0017 ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ ទប់ស្កាត់ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា៕
