ដោយៈសុខុម
ក្រចេះ៖ រថយន្តមួយគ្រឿងផ្ទុះកង់ក្រោយក្រឡាប់ធ្លាក់ចេញពីលើកំណាត់ផ្លូវជាតិលេខ៧ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បណ្តាលឱ្យអ្នករួមដំណើរស្លាប់ម្នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៥នាក់ត្រូវបានជួយសង្រ្គោះ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា៖ មានរថយន្តតាក់ស៊ីប្រភេទសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2L 50-27 គោលដៅពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តត្បូងឃ្មុំ ដឹកអ្នកដំណើរជាច្រើននាក់។លុះមកដល់ត្រង់ចំណុចបែកចាន ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ផ្ទុះកង់ក្រោយ ផ្នែកខាងឆ្វេង រួចក៏រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ជាច្រើនត្រឡប់។នៅពីក្រោយរថយន្តគេឃើញមានចងម៉ូតូចំនួន២គ្រឿងនិងផ្ទុកអីវ៉ាន់ជាច្រើនផងដែរ។
នៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចិត្របុរីកំពុងបន្តនីតិវិធីលើអ្នកបើកបរថយន្ត៕
