ប្រែសម្រួល៖តារា

ពានរង្វាន់ពិភពលោកអេស្ប៉តនឹងត្រឡប់មកទីក្រុងរីយ៉ាដក្នុងរដូវក្តៅនេះ ជាមួយនឹងប្រាក់រង្វាន់កំណត់ត្រាលើសពី ៧០ លានដុល្លារ ដែលអ្នករៀបចំបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសអារ៉ាប៊ីសាអូឌីតបន្តការជំរុញរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលហ្គេមសកល។
ការប្រកួតឆ្នាំនេះនឹងពង្រីកដល់ ២៤ ហ្គេម ដោយបន្ថែមហ្គេមអុក និងហ្គេមបាញ់គ្នាដ៏ពេញនិយមរបស់ក្រុមហ៊ុន Riot Games គឺ “Valorant” បន្ថែមលើបញ្ជីហ្គេមចំនួន ២១ កាលពីឆ្នាំមុន។
ខណៈពេលដែលហ្គេមប្រកួតប្រជែងកំពុងចូលទៅក្នុងចរន្តសំខាន់ និងទាក់ទាញវិនិយោគិនដែលមានទុនច្រើន ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងភ្នាល់យ៉ាងធំលើឧស្សាហកម្មនេះ និងនឹងរៀបចំព្រឹត្តិការណ៍អូឡាំពិកអេស្ប៉តលើកដំបូងនៅឆ្នាំ ២០២៧ ក្រោមកិច្ចព្រមព្រៀងរយៈពេល ១២ ឆ្នាំជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
“អ្វីដែលបានកសាងដោយធម្មជាតិក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ឥឡូវទទួលបានការគាំទ្រពីចំណាប់អារម្មណ៍សាធារណៈ” លោក Ralf Reichert នាយកប្រតិបត្តិនៃមូលនិធិពានរង្វាន់ពិភពលោកអេស្ប៉តបានប្រាប់កាសែត Reuters ដោយបន្ថែមថា ការវិនិយោគនេះគឺជាផ្នែកមួយនៃ “របៀបវារៈសេដ្ឋកិច្ចច្បាស់លាស់”។
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច “ចក្ខុវិស័យ ២០៣០” របស់អារ៉ាប៊ីសាអូឌីត ដែលបានវិនិយោគរាប់ពាន់លានដុល្លារក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗ ក្នុងបរិបទនៃការរិះគន់អំពី “ការលាងសម្អាតឈ្មោះតាមរយៈកីឡា” ទាក់ទងនឹងកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។
ការបញ្ចូលហ្គេមអុក ដែលជាល្បែងក្ដារជាច្រើនសតវត្សរ៍ ក្នុងការប្រកួតអេស្ប៉តនេះ កើតឡើងបន្ទាប់ពីហ្គេមនេះបានទទួលការរស់ឡើងវិញយ៉ាងខ្លាំងក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ និងបន្តរីកចម្រើនតាមរយៈការប្រកួតដែលរៀបចំនៅលើវេទិកាដូចជា Chess.com។
លោក Reichert បាននិយាយថា កីឡាករចំណាត់ថ្នាក់កំពូល ៨ នាក់ក្នុងចំណោម ១០ នាក់នៅលើពិភពលោក បានចុះហត្ថលេខាជាមួយក្លិបអេស្ប៉ត ដោយលោក Magnus Carlsen និងលោក Arjun Erigaisi បានបញ្ជាក់ថានឹងចូលរួមប្រកួតនៅឆ្នាំនេះ។
ប្រាក់រង្វាន់សរុប ដែលកើនឡើងពី ៦០ លានដុល្លារកាលពីឆ្នាំមុន នឹងត្រូវបែងចែករវាងជើងឯកហ្គេម និងមូលនិធិចំនួន ២៥ លានដុល្លារដែលបម្រុងទុកសម្រាប់ក្លិបដើម្បីបណ្តុះទេពកោសល្យ និងគាំទ្រអ្នកលេង។
ការផ្តល់មូលនិធិនោះអាចជាគន្លឹះសម្រាប់ឧស្សាហកម្មមួយដែលរងផលប៉ះពាល់ដោយសារអស្ថិរភាពហិរញ្ញវត្ថុ ដោយក្រុមជាច្រើនដែលកើនឡើងប្រជាប្រិយភាពក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ បានធ្លាក់ចុះក្នុងឧស្សាហកម្មដែលត្រូវការទុនច្រើននេះ។
កាលពីខែមុន មូលនិធិវិនិយោគសាធារណៈរបស់ព្រះរាជាណាចក្រ ដែលជាម្ចាស់ក្រុមហ៊ុន Scopely បានទិញផ្នែកហ្គេមរបស់ក្រុមហ៊ុន Niantic Labs ដែលជាកម្លាំងជំរុញពីក្រោយហ្គេមពិតបន្ថែមដ៏ពេញនិយម “Pokemon Go” ក្នុងតម្លៃ ៣,៥ ពាន់លានដុល្លារ៕
ប្រភព៖ Reuters
