ដោយ៖ ស-សម្បត្តិ

អាជ្ញាធរស្រុករួមជាមួយនឹងសប្បុរសជន បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលានិងសមិទ្ធផលនានានៅវត្តសិរីឧត្តម ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រែវែង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងលោកជំទាវកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានឲ្យដឹងថាស្រុកនេះមានវត្តសរុបចំនួន៤៧វត្ត,មានអាស្រមចំនួន១កន្លែង។នៅក្នុងនោះវត្តធម្មយុត្តិមានចំនួន៥វត្ត មានព្រះសង្ឃសរុបចំនួន៥០៥អង្គ ភិក្ខុ១០២អង្គ មានគណៈធម្មយុត្តិ ២៦អង្គ ភិក្ខុ១៥អង្គ។
លោកអភិបាលស្រុកកំពង់ត្រែបែកបានឲ្យដឹងទៀតថា ដោយឡែកកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅវត្តសិរីឧត្តម ឈ្មោះដើមហៅថាវត្តសិរីឧត្តមមានជ័យ មានបណ្តោយប្រវែង២០៥ម៉ែត្រ ទទឹងប្រវែង១៨៥ម៉ែត្រ ដែលស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែកបានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អៀង ចន្ថា និងលោកជំទាវបានកសាងឧបដ្ឋានសាលាថ្មី រួចរាល់ជាស្ថាពរដោយចំណាយអស់ទឹកប្រាក់សរុបចំនួនៈ ៦១២ ១២៥ដុល្លារ។

លោកយ៉ាវ សានិន បានឲ្យដឹងទៀតថា ក្នុងនោះអ្នកដែលបានចូលរួមសាងសង់មាន៖ ឯកឧត្តមបណ្ឌិតអៀង ចន្ថា និងលោកជំទាវថវិកាផ្ទាល់ខ្លួនចំនួនៈ១១៤ ០២៨ដុល្លារ, ឯកឧត្តម គិន ឆេងលី និងលោជំទាវថវិកាចំនួនៈ៧៣ ៥០០ដុល្លារ,លោកពេជ្រ ចិត្រា និងអ្នកស្រី ច័ន្ទ ដាវី ថវិកាចំនួនៈ៣២៨៨៥ដុល្លារ, ឯកឧត្តមទិត ឌីណា និងលោកជំទាវថវិកាចំនួនៈ២១ ៥០០ដុល្លារ។
ក្រៅពីនោះនៅមានសប្បុរសជនជាច្រើនរូបទៀតបានចូលរួមជួយឧបត្ថម្ភក្នុងការសាងសង់នូវសមិទ្ធផលនានាក្នុងវត្តមានដូចជា៖ទិញដីចាក់ពង្រីកទីធ្លាវត្ត,សាងសង់បន្ទប់ទឹក,រោងទទួលភ្ញៀវ,រោងបាយ,សួនច្បារ,រូបសំណាកព្រះអង្គប្រោសសត្វនិងសាវ័កចំនួន៨អង្គ។

ឯកឧត្តមបណ្ឌិត អៀង ចន្ថា ដែលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលានិងសមិទ្ធផលនានានៅវត្តឧត្តមសិរី បានកោតសរសើរនិងថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលមានសទ្ធាជ្រះថ្លាបានជួយចូលរួមបរិច្ចាគនូវសម្ភារនិងថវិកាទៅតាមលទ្ធភាពផ្ទាល់ខ្លួនក្នុងការកសាងនូវឧបដ្ឋានសាលានិងសមិទ្ធផលនានាដែលបានលេចចេញជារូបរាងជាក់ស្តែងនៅពេលនេះ។
ឯកឧត្តមបណ្ឌិតក៏បានសំណូមពរទៅដល់ប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវនាំគ្នាចូលរួមថែរក្សានូវសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងតរៀងទៅ សម្រាប់ទុកជាកន្លែងជួបជុំគោរពប្រណិប័តន៍ធម៌វិន័យទៅតាមគន្លងនៃព្រះពុទ្ធសាសនាពីពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមបណ្ឌិត អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក ក៏បានចូលរួមប្រគេននិងបំពាក់គ្រឿងឥស្សរិយយសដល់ព្រះសង្ឃនិងសប្បុរសជនដែលមានស្នាដៃល្អក្នុងការចូលរួមកសាងសមិទ្ធផលនានាជាច្រើននៅវត្តឧត្តមសេរី។
លើពីនោះទៅទៀតឯកឧត្តម បណ្ឌិតអៀង ចន្ថា និងលោកជំទាវក៏បានចូលរួមប្រគេននិងផ្តល់ជូននូវសម្ភារនិងថវិកាទៅដល់ព្រះសង្ឃគង់ប្រចាំវត្តឧត្តមសេរី យាយជីតាជី សិស្សានុសិស្ស និងអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនដែលបានចូលរួមនៅក្នុងកម្មវិធីនោះផងដែរ៕
