ប្រែសម្រួល៖រតនា

មហាសេដ្ឋីបច្ចេកវិទ្យា និងជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Musk បានធ្វើការអំពាវនាវដោយផ្ទាល់ តែមិនបានជោគជ័យទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យផ្លាស់ប្តូរពន្ធថ្មីឡើងវិញនាពេលចុងសប្តាហ៍កន្លងទៅ នេះបើតាមការរាយការណ៍របស់កាសែត Washington Post កាលពីថ្ងៃចន្ទ (ថ្ងៃទី ៧ ខែមេសា) យោងតាមប្រភពពីរនាក់ដែលជិតស្និទ្ធនឹងបញ្ហានេះ។
ការផ្លាស់ប្តូរនេះគឺជាការមិនយល់ស្របគ្នាដ៏ធំបំផុតរវាងប្រធានាធិបតី និងលោក Musk តាមរបាយការណ៍នោះ។ វាកើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសដាក់ពន្ធគយមូលដ្ឋាន ១០ ភាគរយលើការនាំចូលទាំងអស់ទៅសហរដ្ឋអាមេរិក ព្រមទាំងពន្ធខ្ពស់ជាងមុនលើប្រទេសផ្សេងៗជាច្រើនទៀត។
សេតវិមាន និងលោក Musk មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។
លោក ម៉ាស ដែលជាទីប្រឹក្សារបស់លោក ត្រាំ ដែលកំពុងធ្វើការលើការកាត់បន្ថយការចំណាយសាធារណៈឥតប្រយោជន៍របស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានការលុបចោលពន្ធគយរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញក្នុងសន្និសីទនៅទីក្រុងហ្វ្លូរ៉ង់ របស់គណបក្សលីក (League Party) ស្តាំនិយមកំពុងកាន់អំណាចរួមនៅប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍។
ក្រុមហ៊ុន Tesla បានឃើញការលក់ប្រចាំត្រីមាសធ្លាក់ចុះយ៉ាងខ្លាំង នៅកណ្តាលការប្រឆាំងនឹងការងាររបស់លោក Musk ជាមួយ “ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល” ថ្មី។ ភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងជួញដូរក្នុងតម្លៃ ២៣៣,២៩ ដុល្លារអាមេរិក គិតត្រឹមការបិទដំណើរការជួញដូរចុងក្រោយកាលពីថ្ងៃចន្ទ ដែលធ្លាក់ចុះជាង ៤២ ភាគរយចាប់តាំងពីដើមឆ្នាំមក។
លោក Musk បាននិយាយកន្លងមកថា ផលប៉ះពាល់នៃពន្ធគយលើរថយន្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទៅលើក្រុមហ៊ុន Tesla គឺ “សំខាន់ណាស់”។
អ្នកសេដ្ឋកិច្ចនិយាយថា ពន្ធគយទាំងនោះអាចបណ្តាលឱ្យអតិផរណាកើនឡើងវិញ បង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងបង្កើនការចំណាយសម្រាប់គ្រួសារជនជាតិអាមេរិកាំងជាមធ្យមរាប់ពាន់ដុល្លារ ដែលអាចជាបំណុលសក្តានុពលសម្រាប់ប្រធានាធិបតីដែលបានឃោសនាលើការសន្យាបញ្ចុះថ្លៃចំណាយជីវភាព៕
ប្រភព៖ Reuters/ec
