ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សដឹកនាំកម្លាំងផែនការងារសណ្តាប់ធ្នាប់ចូលរួមគោរពវិញ្ញាណក្ខន្ធនិងប្រគល់ថវិកាចំនួន ៩,៩០០,០០០រៀល(ប្រាំបួនលានប្រាំបួនសែនរៀលគត់) ក្នុងនោះថវិកាចំនួន៦,០០០,០០០រៀលជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជានិង៣,៩០០,០០០រៀលជាថវិកាបានមកពីការចូលរួមរបស់កងកម្លាំងក្នុងផែនការងារសណ្តាប់ធ្នាប់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី អែម ពេញចិត្ត ដែលបានទទួលមរណភាពនៅថ្ងៃទី ០៥ខែមេសា ឆ្នាំ២០២៥ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នេះបើតាមមន្ត្រីនគរបាលបានឲ្យដឹងកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានពាំនាំការចូលរួមមរណទុក្ខនិងចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារនៃសពពីសំណាក់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តចំពោះការបាត់បង់ស្វាមីជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងធ្លាប់ផ្ដល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក៕
