ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសពីរនាក់ស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះទាំងបួននាក់ បានធ្វើដំណើរតាមរថយន្តធុនទេសចរណ៍មួយគ្រឿង ហើយអ្នកបើកបរបានប្រើប្រាស់ល្បឿនលឿននៅលើផ្លូវកោង បានជ្រុលចង្កូតទៅបុកគល់ឈើមួយដើមនៅក្បែរចិញ្ចើមផ្លូវ នៅម៉ោងប្រមាណ ១យប់ឈានចូលថ្ងៃទី ៩ មេសានេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបណ្តាលស្លាប់ និងរបួសមនុស្សនេះ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៦-២០៧ ស្ថិតក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់។
ប្រភពព័ត៌មានពីស្រុកមេមត់បានឱ្យដឹងថា៖ ជនរងគ្រោះដែលបាត់បង់ជីវិតពេលបញ្ជួនទៅសង្រ្គោះនៅឯមន្ទីរពេទ្យចំនួន ២ នាក់ ឈ្មោះ រ៉ែន ភូរ៉ាត់ អាយុ ២១ ឆ្នាំមានទីលំនៅភូមិជាំម្អោរ ឃុំមេមត់ដែរ និងម្នាក់ទៀតឈ្មោះ ហន សុខចាន់ អាយុ ១៩ ឆ្នាំ មានទីលំនៅឃុំព្រែកផ្តៅ ឃុំពាមជីលាំង ស្រុកត្បូងឃុំ។ ចំណែកអ្នករបួសធ្ងន់ឈ្មោះ ហេង សុវណ្ណរាជ អាយុ ២០ ឆ្នាំ មានទីលំនៅភូមិត្បូងវត្ត ឃុំមេមត់ និងម្នាក់ទៀតរបួសធ្ងន់ដូចគ្នាឈ្មោះ បញ្ញា មិនស្គាល់ទីលំនៅ។ ប៉ុន្តែខាងជំនាញនៅមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះទាំង ៤ មួយណាជាអ្នកបើកបររថយន្តម៉ាកហ្គីលីខូលរេ( GEELY COOLRAY) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BX-5771 ទៅបុកគល់ឈើនោះនៅឡើយទេ៕
