ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យត្រូវបានប្រកាសទទួលស្គាល់ជា“ខេត្តស្អាត”បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ដោយ៖ឧត្តរ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់ជាខេត្តមួយទទួលបានជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីនេះត្រូវបានប្រព្រឹត្តទៅយ៉ាងស្ដង់ដារ នៅលើតំបន់សួនបឹងស្នោរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

កិច្ចពិធីមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ឃិន ញាណ អភិបាលរង តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត, ព្រមទាំងអង្គភាពមន្ទីរជាតិ-ថ្នាក់ក្រោមជាតិ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរូប។

ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការទទួលស្គាល់ជាខេត្តដែលសម្រាប់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺជាជោគជ័យមួយដ៏ល្អឥតខ្ចោះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាជនក្នុងការលើកស្ទួយគុណភាពរស់នៅ សុខាភិបាលសាធារណៈ និងបរិស្ថានស្អាតស្អំ។

ឯកឧត្តមបញ្ជាក់ថា សកម្មភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺជាផ្នែកមួយនៃយុទ្ធនាការជាតិ ដើម្បីពង្រឹងការអភិវឌ្ឍជនបទឲ្យបានចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកតម្កើងអនាម័យសាធារណៈក្នុងសង្គម៕