សន្ដិសុខសង្គម

តុលាការកំពូលសម្រេចផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិតដដែលនិងបិទផ្លូវតវ៉ាក្នុងរឿងឃាតកជាកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក

ដោយ : បន្ទាយ 

ភ្នំពេញ៖នៅទីបំផុត ! តុលាការកំពូលបានសម្រេចផ្តល់នូវយុត្តិធម៌ដល់អតីតមន្រ្តីនគរបាល ដែលកូនដើមបានចាក់សម្លាប់យ៉ាងព្រៃផ្សៃនៅស្រុកភ្នំព្រឹក ដោយតុលាការបានផ្តន្ទាទោសឃាតកជាកូនដើមឲ្យជាប់គុកអស់មួយជីវិត និងត្រូវចេញសំណងជំងឺចិត្តដល់ទៅចំនួន៦០០លានរៀលឲ្យដើមបណ្តឹងរដ្ឋប្បវេណី។

ជនជាប់ចោទឈ្មោះវណ្ណាវី វជ្ជន: ហៅដែន អាយុ៣៦ឆ្នាំបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារ

នេះបើយោងតាមការប្រកាសសាលដីការបស់ចៅក្រមតុលាការកំពូល ដែលធ្វើឡើងនៅចំពោះមុខភាគីបណ្តឹងនៅសាលសវនាការទី១ តុលាការកំពូល នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។

ការប្រកាសនេះបានបញ្ជាក់ថា : សំណុំរឿងព្រហ្មទណ្ឌលេខ ៨៨២ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់មហាអយ្យការអមតុលាការកំពូល ដែលត្រូវបានជំនំជម្រះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ តុលាការកំពូលបានសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះវណ្ណាវី វជ្ជន: ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ(ដែលកំពុងជាប់ឃុំ )។ ហើយបានសម្រេចតម្កល់ទុកជាបានការនូវខ្លឹមសារក្នុងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបងកន្លងមក។

ជនរងគ្រោះឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាមន្ត្រីនគរបាលចូលនិវត្តន៍)ដែលត្រូវកូនដើមប្រើកាំបិតចាក់សម្លាប់

បន្ថែមពីលើនោះ តុលាការកំពូលក៏បានបិទការតវ៉ាផងដែរចំពោះជនជាប់ចោទ។
សូមរំលឹកថាសំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះ គឺបានកើតឡើងកាលពីព្រលប់ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកមានឈ្មោះ វណ្ណាវី វជ្ជន:ហៅដែន ភេទប្រុសអាយុ៣៦ឆ្នាំ កម្រឹតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យានៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានធ្វើអំពើព្រហើនកោងកាច ប្រើអាវុធគំរាមអាយុជីវិតលើជនរងគ្រោះច្រើនសា។

ជនរងគ្រោះឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាមន្ត្រីនគរបាលចូលនិវត្តន៍)ដែលត្រូវកូនដើមប្រើកាំបិតចាក់សម្លាប់

លុះថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗជាច្រើនកន្លែងដើម្បីកុំអោយអាចតដៃបាន ។

ចំណែកជនរងគ្រោះមានឈ្មោះហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (ជាមន្ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ត្រូវជាឪពុកចុងដែលចិញ្ចឹមកូននេះតាំងពីតូចរហូតបានរៀនចប់នៅក្រៅប្រទេស ។

ក្រោយឃាតកម្មដ៏សាហាវព្រៃផ្សៃនេះបានកើតឡើង សមត្ថកិច្ចនគរបាលចម្រុះបានស្រាវជ្រាវ រួចចាប់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការសាលាដំបូងខេត្តបាត់ដំបង ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ:១៥៩០ ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ។

តមក តុលាការសាលាដំបូងនិងសាលាឧទ្ធរណ៍នៅបាត់ដំបង បានបើកសវនាការនិងសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់គុកអស់មួយជីវិតនិងអោយចេញសំណងជំងឺចិត្ត៦០០លានរៀល ។

ក្រោយតុលាការទាំងពីរថ្នាក់សម្រេចដូចខាងលើក៍ដោយ ក៏ខាងជនជាប់ចោទនិងក្រុមគ្រួសារនៅតែចិញ្ចឹមចិត្តមិនទទូលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេតនិងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ ហើយបានប្តឹងសាទុក្ខទៅតុលាការកំពូល ។

ទោះជាយ៉ាងណាក៏ដោយ តាមអង្គហេតុ អង្គច្បាប់ ជាមួយនឹងសំណាញ់ច្បាប់ នៅចុងក្រោយនេះ ជនរងគ្រោះនិងក្រុមគ្រួសារបន្តទទួលបាននូវយុត្តិធម៌គួរជាទីពេញចិត្ត។
ចុងក្រោយ ក្នងនាមដើមបណ្តឹងរដ្ឋប្បវេណីនិងជាកូនស្រីអតីតមន្រ្តីនគរបាលដែលស្លាប់ ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងគោរពជូនពរចំពោះថ្នាក់ដឹកនាំ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចមន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ទាំងអស់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ រួចកាត់ក្តីផ្តល់យុត្តិធម៌។

នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត ភាពកក់ក្តៅក្នុងសម័យសុខសន្តិភាព ការអភិវឌ្ឍ ហើយបញ្ជក់យ៉ាងច្បាស់ថាយុត្តិធម៌ត្រូវតែមាននិងផ្តល់ជូនដល់ជនរងគ្រោះ។ ចំណែកជនជាប់ចោទ ក៏ត្រូវតែទទួលបាននូវផលដែលខ្លួនបានប្រព្រឹត្តល្មើសផងដែរគឺជាប់គុកអស់មួយជីវិត ។

ក្រុមគ្រួសារជនរងគ្រោះបានបន្តថា: ពួកខ្លួនពិតជារំភើប សោមនស្សរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះ ឯកឧត្តមជីវ កេង ប្រធានតុលាការកំពូល ,លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃអយ្យការអមតុលាការកំពូល ,ឯកឧត្តម អឿង សៀង ប្រធានក្រុមប្រឹក្សានិងឯកឧត្តមតំណាងអយ្យការព្រមទាំងសមាជិក, ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាឧទ្ធរណ៍បាត់ដំបង , ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា បាត់ដំបងព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្នុងសមត្ថកិច្ចនៅគ្រប់សាលាជម្រះក្តីទាំងអស់ ។

ក៏ដូចជាអាជ្ញាធរដែនដីនិងឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកស្នងការនគរបាលខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចនគរបាល ក៏ដូចជាអ្នកពាក់ព័ន្ធគ្រប់ថ្នាក់ដែលបានបំបែកសំណុំរឿងនិងផ្តល់យុត្តិធម៌ពិតប្រាកដដល់នាងខ្ញុំនិងក្រុមគ្រួសារជាស្ថាពរ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ៕