ប្រែសម្រួល៖ ស្រីនិច

វ៉ាស៊ីនតោន៖ អវកាសយានិកពីរនាក់ដែលជាប់នៅលើអវកាសអស់រយៈពេលជាងប្រាំបួនខែទីបំផុតបានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅថ្ងៃអង្គារ (ថ្ងៃទី១៨ ខែមីនា) បន្ទាប់ពីយានរបស់ពួកគេបានផ្តាច់ខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ (ISS)។
យានអវកាស SpaceX ដែលដឹកលោក Butch Wilmore និងលោកស្រី Suni Williams បានផ្តាច់ខ្លួនចេញពីស្ថានីយអវកាសនៅម៉ោង ៥.០៥ នាទីព្រឹក GMT ដោយបញ្ចប់បេសកកម្មដ៏យូរអង្វែងរបស់ពួកគេដែលបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សទូទាំងពិភពលោក។
អវកាសយានិករបស់ណាសា (NASA) ទាំងពីរនាក់មានអវកាសយានិកអាមេរិកឈ្មោះ Nick Hague និងអវកាសយានិករុស្ស៊ី Aleksandr Gorbunov រួមដំណើរផងដែរ។
ក្រុមនេះកំពុងរៀបចំខ្លួនសម្រាប់ការធ្វើដំណើរទៅកាន់ផែនដីដ៏វែងឆ្ងាយចំនួន ១៧ ម៉ោង ហើយពួកគេត្រូវបានអនុញ្ញាតឱ្យប្តូរពីសម្លៀកបំពាក់អវកាសទៅពាក់សម្លៀកបំពាក់ដែលមានផាសុកភាពជាងមុន។
ប្រសិនបើការធ្វើដំណើរដំណើរការទៅយ៉ាងរលូន យានអវកាសនឹងដាក់ពង្រាយឆត្រយោងរបស់ខ្លួននៅតាមឆ្នេរសមុទ្ររដ្ឋហ្វ្លរីដា ដើម្បីចុះចតចូលក្នុងមហាសមុទ្រប្រហែលម៉ោង ៩.៥៧ នាទីយប់ GMT នៅថ្ងៃអង្គារ (ព្រឹកថ្ងៃពុធ ម៉ោង ៥.៥៧ នាទីព្រឹក ម៉ោងសិង្ហបុរី) ពេលដែលនាវាសង្គ្រោះមួយនឹងទៅយកក្រុមអវកាសយានិក។
លោក Wilmore និងលោកស្រី Williams បានហោះទៅកាន់មន្ទីរពិសោធន៍អវកាសកាលពីខែមិថុនា ឆ្នាំមុន ក្នុងបេសកកម្មដែលគ្រោងថានឹងត្រូវធ្វើដំណើរទៅនិងត្រឡប់វិញក្នុងរយៈពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការសាកល្បងយានអវកាស Starliner របស់ក្រុមហ៊ុន Boeing ក្នុងការហោះហើរជាមួយក្រុមអវកាសយាត្រីជាលើកដំបូង។
ប៉ុន្តែយានអវកាសនោះបានជួបបញ្ហាប្រព័ន្ធបញ្ជាចលនា ហើយត្រូវបានចាត់ទុកថាមិនសមរម្យក្នុងការធ្វើដំណើរយកពួកគេត្រឡប់មកវិញទេ ដោយយានបានត្រឡប់មកវិញដោយគ្មានអ្នកដំណើរ។
អតីតអ្នកបើកបរយន្តហោះកងទ័ពជើងទឹកលោក Wilmore និងលោកស្រី Williams ដែលមានអាយុ ៦២ និង ៥៩ ឆ្នាំរៀងគ្នា ត្រូវបានប្តូរឱ្យចូលរួមក្នុងបេសកកម្ម Crew-9 របស់ NASA-SpaceX ដែលមានយានអវកាស Dragon ហោះទៅកាន់ ISS កាលពីខែកញ្ញាឆ្នាំមុនជាមួយក្រុមដែលមានសមាជិកពីរនាក់ មិនមែនបួននាក់ដូចធម្មតានោះទេ ដើម្បីបង្កើតកន្លែងសម្រាប់អវកាសយានិកដែល “ជាប់” នៅទីនោះទាំងពីរនាក់។
បន្ទាប់មក នៅព្រឹកថ្ងៃអាទិត្យ ក្រុមជំនួសដែលហៅថា Crew-10 បានភ្ជាប់ទៅនឹងស្ថានីយ ហើយការមកដល់របស់ពួកគេត្រូវបានស្វាគមន៍ជាមួយនឹងស្នាមញញឹមទូលាយនិងការឱបលាគ្នា ខណៈពេលដែលពួកគេអណ្តែតតាមច្រកចូល។
ការមកដល់របស់ក្រុម Crew-10 បានបើកផ្លូវឱ្យលោក Wilmore និងលោកស្រី Williams ចាកចេញ រួមជាមួយលោក Hague និងលោក Gorbunov។
បន្ទាប់ពីទទួលបានការឱបគ្នាយ៉ាងកក់ក្តៅពីក្រុមដែលនៅសល់លើ ISS ក្រុមទាំងបួននាក់បានចូលទៅក្នុងយានអវកាស ហើយបិទច្រកចូលរបស់វានៅថ្ងៃអង្គារ។
លោក Hague បាននិយាយថា “សហការីនិងមិត្តភក្តិជាទីស្រឡាញ់ដែលនៅសល់លើស្ថានីយ … យើងនឹងនៅរង់ចាំអ្នក។ ក្រុម Crew-9 កំពុងត្រឡប់ទៅផ្ទះវិញ”។
- “ភាពធន់អស្ចារ្យ”
ការស្នាក់នៅរបស់លោក Wilmore និងលោកស្រី Williams លើសពីការប្តូរវេនស្តង់ដា ៦ ខែនៅ ISS ប៉ុន្តែមានចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមកំណត់ត្រារបស់អាមេរិកសម្រាប់រយៈពេលនៃបេសកកម្មតែមួយ។
លោក Frank Rubio កាន់កំណត់ត្រាខ្ពស់បំផុតនៅឆ្នាំ ២០២៣ ដោយស្នាក់នៅអស់រយៈពេល ៣៧១ ថ្ងៃ ខណៈដែលកំណត់ត្រាពិភពលោកនៅតែជាកម្មសិទ្ធិរបស់អវកាសយានិករុស្ស៊ី Valeri Polyakov ដែលបានចំណាយពេល ៤៣៧ ថ្ងៃជាប់ៗគ្នានៅលើស្ថានីយ Mir។
នោះធ្វើឱ្យវាក្លាយជា “រឿងធម្មតា” ទាក់ទងនឹងហានិភ័យសុខភាព យោងតាមមតិរបស់លោកស្រី Rihana Bokhari នៃមជ្ឈមណ្ឌលសម្រាប់វេជ្ជសាស្ត្រអវកាសនៅមហាវិទ្យាល័យ Baylor។
បញ្ហាប្រឈមដូចជាការបាត់បង់សាច់ដុំនិងឆ្អឹង ការប្រែប្រួលសារធាតុរាវក្នុងខ្លួន និងការសម្របខ្លួនឡើងវិញទៅនឹងទំនាញផែនដី ត្រូវបានយល់ដឹងនិងគ្រប់គ្រងយ៉ាងល្អ។
លោកស្រី Bokhari បានប្រាប់ AFP ថា “មនុស្សដូចជាលោកស្រី Suni Williams ពិតជាត្រូវបានគេស្គាល់ថាចូលចិត្តហាត់ប្រាណខ្លាំង ដូច្នេះខ្ញុំជឿថាគាត់ហាត់ប្រាណច្រើនជាងអ្វីដែលគាត់ត្រូវធ្វើតាមការណែនាំទៀត”។
ទោះយ៉ាងណាក៏ដោយ លក្ខណៈមិនបានរំពឹងទុកនៃការស្នាក់នៅយូរអង្វែងរបស់ពួកគេ – ឆ្ងាយពីគ្រួសាររបស់ពួកគេ និងដំបូងឡើយដោយគ្មានការផ្គត់ផ្គង់ដែលត្រូវបានរៀបចំគ្រប់គ្រាន់ – បានទាក់ទាញចំណាប់អារម្មណ៍និងការអាណិតអាសូរពីសាធារណជន។
លោក Joseph Keebler អ្នកចិត្តវិទ្យានៅសាកលវិទ្យាល័យ Embry-Riddle Aeronautical បានប្រាប់ AFP ថា “ប្រសិនបើអ្នករកឃើញថាអ្នកទៅធ្វើការនៅថ្ងៃនេះ ហើយអ្នកនឹងជាប់នៅក្នុងការិយាល័យរបស់អ្នកសម្រាប់រយៈពេល ៩ ខែខាងមុខ អ្នកប្រហែលជានឹងមានការភ័យខ្លាច”។
“បុគ្គលទាំងនេះបានបង្ហាញនូវភាពធន់ដ៏អស្ចារ្យ”។
- លោក TRUMP ចូលរួមមតិ
ការស្នាក់នៅដោយមិនបានរំពឹងទុករបស់ពួកគេក៏បានក្លាយជាប្រធានបទប្រឈមមុខនយោបាយមួយផងដែរ ដោយប្រធានាធិបតី Donald Trump និងទីប្រឹក្សាជិតស្និទ្ធរបស់លោក Elon Musk ដែលដឹកនាំក្រុមហ៊ុន SpaceX បានលើកឡើងជាញឹកញាប់ថា អតីតប្រធានាធិបតី Joe Biden បានបោះបង់ចោលអវកាសយានិកទាំងនោះ និងបដិសេធផែនការជួយសង្គ្រោះកាលពីមុន។
លោក Trump បានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទថា “ពួកគេបានភ្លេចអវកាសយាត្រីទាំងនោះដោយគ្មានកិត្តិយស ពីព្រោះពួកគេចាត់ទុកវាជាព្រឹត្តិការណ៍គួរឱ្យអាម៉ាស់ខ្លាំងណាស់សម្រាប់ពួកគេ”។
ការចោទប្រកាន់បែបនេះបានបង្កឱ្យមានការតវ៉ាជាខ្លាំងក្នុងសហគមន៍អវកាស ជាពិសេសខណៈពេលដែលលោក Musk មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ ហើយផែនការរបស់ NASA សម្រាប់ការត្រឡប់មកវិញរបស់អវកាសយាត្រីនៅតែមិនផ្លាស់ប្តូរ ចាប់តាំងពីការប្តូរបេសកកម្មទៅ Crew-9។
លោក Trump ក៏បានទាក់ទាញចំណាប់អារម្មណ៍ផងដែរចំពោះសម្តីចំលែករបស់លោក ដោយលោកបានហៅលោកស្រី Williams ដែលជាអតីតអ្នកបញ្ជាការនាវានៃកងទ័ពជើងទឹកដ៏ឆ្នើមម្នាក់ ថាជា “ស្ត្រីដែលមានសក់ដ៏ចំឡែក” និងបានសន្មត់អំពីទំនាក់ទំនងផ្ទាល់ខ្លួនរវាងអ្នកទាំងពីរ។
លោកបាននិយាយនៅក្នុងសន្និសីទកាសែតនៅសេតវិមានថ្មីៗនេះថា “ពួកគេត្រូវបានទុកចោលនៅទីនោះ ខ្ញុំសង្ឃឹមថាពួកគេចូលចិត្តគ្នាទៅវិញទៅមក ប្រហែលជាពួកគេស្រឡាញ់គ្នា ខ្ញុំមិនដឹងទេ”៕
ប្រភព៖ AFP/rl
