អន្តរជាតិ

លោកត្រាំនឹងធ្វើការហៅទូរសព្ទទៅកាន់លោកពូទីន ក្នុងការសាកល្បងសមត្ថភាពចរចា

ប្រែសម្រួល៖ ស-សម្បត្តិ

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារ (ថ្ងៃទី១៨ ខែមីនា) ក្នុងការព្យាយាមបញ្ចុះបញ្ចូលភាគីម្ខាងទៀតឱ្យទទួលយកការឈប់បាញ់ក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងឈានទៅរកការបញ្ចប់ជម្លោះដែលបានអូសបន្លាយជាង៣ឆ្នាំនេះ។

ការហៅទូរសព្ទដែលមានភាពរសើបនេះ នឹងក្លាយជាការសាកល្បងជំនាញក្នុងការចរចាដែលលោកត្រាំតែងអួតអាង និងជាការសាកល្បងទំនាក់ទំនងដែលលោកបានចាត់ទុកថាមានតម្លៃជាមួយមេដឹកនាំរុស្ស៊ី ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តប្រពៃណីរបស់សហរដ្ឋអាមេរិកមានការព្រួយបារម្ភ។

“ធាតុផ្សំជាច្រើននៃកិច្ចព្រមព្រៀងចុងក្រោយត្រូវបានឯកភាព ប៉ុន្តែនៅមានចំណុចច្រើនទៀត” លោកត្រាំបានថ្លែងនៅក្នុងការប្រកាសលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ។

“រៀងរាល់សប្តាហ៍មានការស្លាប់ទាហាន ២,៥០០នាក់ មកពីភាគីទាំងសងខាង ហើយវាត្រូវតែបញ្ចប់ឥឡូវនេះ។ ខ្ញុំរង់ចាំការហៅទូរសព្ទទៅកាន់ប្រធានាធិបតីពូទីនយ៉ាងខ្លាំង។”

ប្រទេសអ៊ុយក្រែន ដែលលោកត្រាំធ្លាប់បានពិពណ៌នាថាពិបាកធ្វើការជាមួយជាងរុស្ស៊ី បានយល់ព្រមទៅលើសំណើសម្រាកការប្រយុទ្ធរយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ “យើងទទួលបានការប្តេជ្ញាល្អពីអ៊ុយក្រែនកាលពីសប្តាហ៍មុន” រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ាកូ រូប៊ីអូ បានប្រាប់កម្មវិធី “The Guy Benson Show” នៅលើវិទ្យុ Fox News កាលពីថ្ងៃចន្ទ។

“ពួកគេបានយល់ព្រមឈប់បាញ់ និងផ្លាស់ប្ដូរទៅការពិភាក្សាអំពីរបៀបបញ្ចប់សង្គ្រាមនេះជាអចិន្ត្រៃយ៍។ ឥឡូវយើងត្រូវទទួលបានអ្វីមួយប្រហាក់ប្រហែលគ្នានេះពីរុស្ស៊ីផងដែរ” លោក រូប៊ីអូ បានថ្លែង។ “យើងនឹងដឹងច្រើនថ្ងៃស្អែកបន្ទាប់ពីប្រធានាធិបតីបានសន្ទនាជាមួយលោកពូទីន។ ហើយសង្ឃឹមថាយើងនឹងឈាន​ដល់ទីតាំងដែលល្អប្រសើរជាងមុន។”

លោកត្រាំបានបង្ហើបអំពីទិដ្ឋភាពដែលនឹងបង្កើតផែនការសន្តិភាពរយៈពេលវែង រួមមានការចុះចាញ់ទឹកដីដោយទីក្រុងគីវ និងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរដែលទំនងជាកត្តាសំខាន់នៅក្នុងការចរចា។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេឡេនស្គី បាននិយាយជាប្រចាំថា អធិបតេយ្យភាពនៃប្រទេសរបស់លោកមិនអាចចរចាបានទេ ហើយរុស្ស៊ីត្រូវតែចុះចាញ់ទឹកដីដែលខ្លួនបានកាន់កាប់។ រុស្ស៊ីបានកាន់កាប់ឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្នគ្រប់គ្រងតំបន់ភាគខាងកើតអ៊ុយក្រែនភាគច្រើនចាប់តាំងពីឈ្លានពានប្រទេសនេះក្នុងឆ្នាំ២០២២។

លោកពូទីនបាននិយាយថា ការឈ្លានពានយោធារបស់លោកទៅកាន់អ៊ុយក្រែន គឺដោយសារការពង្រីកអង្គការណាតូ (NATO) បានគំរាមកំហែងសន្តិសុខរុស្ស៊ី ហើយបានទាមទារឱ្យអ៊ុយក្រែនបោះបង់ក្តីប្រាថ្នាក្នុងការចូលជាសមាជិកណាតូ។

លោកក៏បាននិយាយថា រុស្ស៊ីត្រូវតែរក្សាការគ្រប់គ្រងទឹកដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់ ទណ្ឌកម្មរបស់លោកខាងលិចគួរត្រូវបានបន្ធូរបន្ថយ ហើយទីក្រុងគីវត្រូវតែរៀបចំការបោះឆ្នោតប្រធានាធិបតី។ លោកហ្សឡេនស្គី ដែលត្រូវបានជ្រើសតាំងក្នុងឆ្នាំ២០១៩ បច្ចុប្បន្នគ្រប់គ្រងក្រោមច្បាប់អាជ្ញាសឹក ដែលលោកបានដាក់ចេញដោយសារសង្គ្រាម។

  • លោកពូទីនជាអ្នកចរចាដ៏រឹងមាំ

លោកត្រាំ ដែលបានសន្យាកាលនៅជាបេក្ខជនប្រធានាធិបតីថានឹងបញ្ចប់សង្គ្រាមនេះក្នុងរយៈពេលរហ័ស២៤ម៉ោង ប្រឈមមុខនឹងអ្នកចរចាដ៏លំបាកគឺលោកពូទីន ដែលលោកហ្សេឡេនស្គីបានអះអាងថាមិនគោរពតាមកិច្ចព្រមព្រៀងទេ។

“មានគ្រោះថ្នាក់ដែលលោកនឹងព្យាយាមបង្កើតសំឡេងរំខានច្រើនក្នុងការសន្ទនាជាមួយប្រធានាធិបតីត្រាំ ធ្វើពុតយល់ព្រមអំពីអ្វីមួយខណៈពេលដែលកំពុងទាមទារការលះបង់កាន់តែច្រើនពីភាគីអ៊ុយក្រែន” លោកស្រី ម៉ារៀ ស្នីហ្គូវ៉ាយ៉ា ជាសមាជិកជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមានមូលដ្ឋាននៅវ៉ាស៊ីនតោន បានថ្លែង។

“ករណីអាក្រក់បំផុតគឺថា លោកពូទីនទទួលបានជោគជ័យក្នុងការលក់កិច្ចព្រមព្រៀងអនាគតដែលទាក់ទាញអ្វីមួយទៅកាន់លោកត្រាំ” លោកស្រីបាននិយាយ។

លោកត្រាំបាននាំសហរដ្ឋអាមេរិកឱ្យខិតជិតទីក្រុងមូស្គូចាប់តាំងពីចូលកាន់តំណែង ខណៈពេលដែលបែកចេញពីសម្ព័ន្ធមិត្តជាមួយនឹងពន្ធនាំចូលនិងការលើកឡើងអំពីការភ្ជាប់កាណាដា និងការគ្រប់គ្រងលើប្រទេសហ្គ្រីនលែន។

លោកបានបង្ហាញពីសាច់ញាតិភាពមួយប្រភេទជាមួយលោកពូទីន ប៉ុន្តែរដ្ឋបាលរបស់លោកបានបង្ហាញសញ្ញានាពេលថ្មីៗនេះពីឆន្ទៈក្នុងការបង្កើនសម្ពាធលើក្រឹមឡាំងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។

លោកត្រាំបានជួបប្រជុំដ៏ច្រើនជាមួយលោកហ្សេឡេនស្គីនៅសេតវិមានកាលពីខែមុន ដែលបានបែកធ្លាយមួយផ្នែកដោយសារលោកត្រាំ និងអនុប្រធានាធិបតីលោក ចេឌី វែន យល់ឃើញថាលោកហ្សេឡេនស្គីមិនបានបង្ហាញការដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក។

លោកហ្សេឡេនស្គីបានចោទប្រកាន់លោកពូទីនថាបន្តសង្គ្រាម ដោយនិយាយថា នៅពេលដែលមេដឹកនាំរុស្ស៊ីនិយាយជាមួយលោកត្រាំនៅថ្ងៃអង្គារ លោកនឹងបានដឹងអំពីសំណើឈប់បាញ់រយៈពេល៣០ថ្ងៃអស់រយៈពេលមួយសប្តាហ៍ហើយ។

លោកត្រាំបាននិយាយថា លោកនឹងនិយាយជាមួយលោកពូទីននៅព្រឹកថ្ងៃអង្គារ។ មន្ត្រីសេតវិមានបានបដិសេធមិនបញ្ជាក់ពេលវេលាជាក់លាក់នៃការហៅទូរសព្ទ ខណៈពេលកត់សម្គាល់ពីភាពខុសគ្នានៃម៉ោងរវាងរដ្ឋធានីវ៉ាស៊ីនតោននិងទីក្រុងមូស្គូ៕

ប្រភព៖ Reuters/dc