សន្ដិសុខសង្គម

រថយន្តបើកបុក​ម៉ូតូ​​បុគ្គលិក​ក្រុមហ៊ុន​ធនាគារ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើត​ហេតុ​

ដោយ៖ ស-សម្បត្តិ

ភ្នំពេញ​៖​  រថយន្ត​ម៉ាកTOYOTA​ PRIUS​ មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​ម៉ាក PCX ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើត​ហេតុ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៩យប់​ ថ្ងៃ​ទី​១៦ខែ​មីនា​ ឆ្នាំ​២០២៥ ​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ ​ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ សង្កាត់​ពន្សាំង ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​ ។

សពជន​រង​គ្រោះ​មាន​ឈ្មោះ​ ប៊ុន​ សុគន្ធ​ ភេទ​ប្រុស ​អាយុ​៣៦ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ធនាគារ​ រស់នៅ​ភូមិ​ត្នោត​ខ្ពស់​ សង្កាត់​ពន្សាំង ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​ ។

បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា៖​ នៅ​មុន​ពេល​កើត​ហេតុ​ គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ PCX ពណ៌​ក្រហម ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HB-7162 បើក​តាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ ក្នុង​ទិដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ ។លុះ​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ ក៏​ស្រាប់​តែ​គេឃើញ​រថយន្ដ​ម៉ាក​TOYOTA​ PRIUS ​ពណ៌​ខ្មៅ​ពាក់ផ្លាក​លេខ​ភ្នំពេញ​2BW-7121 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​បេតុង​ចេញ​ពី​បុរី​ ក្នុង​ទិសដៅ​ពី​ជើងទៅ​ត្បូង​ឆ្លង​ផ្លូវ​ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ផ្លោង​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ​ខណៈ​គ្រោះថ្នាក់​ភ្លាមៗ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ឃាត់​អ្នក​បើក​បរ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​យក​ទៅ​សួរនាំ​ផង​ដែរ​។ បន្ទាប់​មកប្រជាពលរដ្ឋ​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដើម្បី​មក​កន្លែង​កើតហេតុ​ភ្លាមៗ​ផង​ដែរ​  ហើយ​ក្រុម​គ្រួសារ​ជនរងគ្រោះបាន​និយាយប្រាប់​ថា​ជនរងគ្រោះ​គាត់​ទើប​មក​ពី​កម្មវិធី​នៅ​ម្តុំ​ចោមចៅ​។

ក្រោយ​ពេល​កើត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញមកធ្វើការ​វាស់​វែង​និង​យក​រថយន្ត​ ព្រម​ទាំង​ម៉ូតូ​ជន​រងគ្រោះ​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះ​ស្រាយថ្ងៃ​ក្រោយ​ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​លិខិត​ប្រគល់​ឲ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕