សន្ដិសុខសង្គម

ឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឈុន យ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោស កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចជនរងគ្រោះរស់នៅ ដែលបង្កដោយជនសង្ស័យឈ្មោះ ប៉ាល់ ចាន់ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានធ្វើសកម្មភាពយកដែកទីបវាយទៅលើជនរងគ្រោះចំនួន០២ដែកទីប បណ្ដាលឱ្យរងរបួសបែកក្បាល និងត្រូវចំដៃឆ្វេងចំនួន០១កន្លែង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៧ និង០០នាទី ថ្ងៃខែឆ្នាំ ដដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាល់ ចាន់ឡា រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ ថា : ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានវាយជនរងគ្រោះពិតប្រាកដមែន ដោយសារទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងប្រមូលសម្ភារកន្លែងធ្វើការទុក។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយកាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕