សន្ដិសុខសង្គម

រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿងបានក្រឡាប់ធ្លាក់ជម្រាលភ្នំគិរីរម្យខេត្តកំពង់ស្ពឺ៖ មនុស្ស២០នាក់រងរបួសធ្ងន់-ស្រាល

ដោយ : បន្ទាយ

កំពង់ស្ពឺ ៖ រថយន្ដទេសចរណ៍ប្រភេទ៤៥កៅអីមួយគ្រឿង បានក្រឡាប់ធ្លាក់ជម្រាលលភ្នំគិរីរម្យ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបណ្ដាលឲ្យមនុស្សប្រមាណ២០នាក់ រងរបួសធ្ងន់ ស្រាល។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវចំណោតក្បែររមណីយដ្ឋានវីរៈប៊ុនថាំ (ខ្នងភ្នំគិរីរម្យ) ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ករណីក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរនេះ គឺបណ្តាលឲ្យមនុស្ស១០នាក់បានរងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុ រថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានដឹកអ្នករបួសធ្ងន់ចំនួន១០នាក់យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកត្រែងត្រយឹង និងខ្លះបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ដោយឡែកអ្នករងរបួសស្រាល ត្រូវបានដឹកបញ្ជូនតាមរយៈរថយន្តសង្គ្រោះ២គ្រឿង របស់មន្ទីរពេទ្យបង្អែកស្រុក។

ចំពោះជនរងគ្រោះគឺជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានជួលរថយន្តក្រុងប្រភេទ៤៥កៅអីខាងលើមកលេងជាក្រុមនៅលើខ្នងភ្នំគិរីរម្យ ហើយបន្ទាប់មកក៏បន្តដំណើរទៅលេងទីតាំងកម្សាន្តវីរៈប៊ុនថាំ ដែលទើបស្ថាបនារួចរាល់ថ្មី ក្រោយមកក៏ជួបឧបទ្ទវហេតុគ្រោះថ្នាក់ពេលវិលត្រឡប់មកវិញ។ ករណីក្រឡាប់ធ្លាក់រថយន្តចូលជ្រោះនេះ គឺផ្តើមចេញពីការដាច់ហ្រ្វាំងពេលចុះចំណោតខ្លាំង។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ចេញរថយន្តក្រុងទៅដឹកពលរដ្ឋទាំងអស់ដោយខ្លះទៅសង្គ្រោះ និងខ្លះទៀតត្រឡប់ទៅផ្ទះវិញ៕