សន្ដិសុខសង្គម

ម៉ូតូ​បើកបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យ​របួស​ធ្ងន់​ធ្ងរ​

ភ្នំពេញ​:​ ស្រី្ត​ម្នាក់បាន​រង​របួស​ធ្ងន់​​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ពេល​ដើរ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​ពេញ​ទំហឹង​កាលពីវេលា​ម៉ោង​៩យប់​ថ្ងៃ​ទី​១៦ខែ​មីនា​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ​ក្នុង​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីសាក្សី​បាន​ឲ្យ​ដឹងថា៖​  នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ស្រី្ត​ជាអ្នករើសអេតចាយ​ដើរ​ឆ្លង​ផ្លូវ​ពី​ត្បូង​មក​ជើង​បាន​ពាក់​កណ្ដាល​ផ្លូវ​ខណៈពេល​នោះ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីម​សង់ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1HQ-6737ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ក្នុង​ទិសដៅ​ពី​លិច​មក​កើតក្នុង​ល្បឿន​លឿន​រួច​វាក់អឺគេច​មិន​ផុត​ជ្រុល​ទៅ​បុក​ស្រី្ត​ខាងលើ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ផ្លូវ​សន្លប់​ ​ចំណែក​ម៉ូតូ​ដួល​ និងអ្នក​បើក​បររង​របួស​ស្រាល។ ​

ក្រោយកើតហេតុ ​ស្រ្តីរងគ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ជួយ​សង្រ្គោះ​បឋម​លើក​ដាក់​ម៉ូតូ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​ឯកជនមួយ​​ជិតកន្លែង​កើត​ហេតុ​ តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ខាង​មន្ទីរ​ពេទ្យ​មិន​ហ៊ាន​ទទួល​មើល ​ខាង​សាច់​ញាតិ​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​វិញ​។

ក្រោយកើត​ហេតុ​គេឃើញ​ខាង​សមត្ថកិច្ច​មូលដ្ឋានចុះ​មក​កន្លែង​កើត​ហេតុ​ធ្វើ​ការ​បាញ់​ថ្នាំ​ និងយក​ម៉ូតូ​បង្ក​ខាង​លើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​រង់​ចាំ​ផ្នែក​ចរាចរណ៍​ធ្វើ​ការ​វាស់​វែង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ថ្ងៃ​ក្រោយ​៕

ដោយ៖ សហការី