ដោយ : បន្ទាយ
សៀមរាប : គ្រោះធម្មជាតិខ្យល់កន្ដ្រាក់ និងរន្ទះបាញ់បង្កឡើងកាលពីល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ នៅស្ទើរគ្រប់ក្រុង ស្រុកទូទាំងខេត្តសៀមរាប បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋជិត២០០គ្រួសារ រងរបួស៧នាក់ និងដួលដើមឈើ៧១ដើម និងប៉ះពាល់សំណង់ ,ទ្រព្យសម្បត្តិផ្សេងទៀតជាច្រើនកន្លែង។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចូលរួមរំលែកទុក្ខលំបាក សោកស្តាយចំពោះការរងរបួសមនុស្ស បង្កខូចខាត ប៉ះពាល់បង្កពីបាតុភូតខ្យល់កន្ត្រាក់បក់បោកចូល រន្ទះបាញ់ដល់ក្រុង និងស្រុកមួយចំនួន។
លោកបន្តថា : រដ្ឋបាលខេត្ត សហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនឹងចុះពិនិត្យជួយឲ្យបាន។លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់មើលថែទាំអ្នករងរបួសទាំងទាំងឡាយទាន់ពេលវេលា ។
ចំណែកឯលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានក្នុងស្រុកថា : គ្រោះថ្នាក់ធម្មជាតិខ្យល់កន្ដ្រាក់ រន្ទះបាញ់នាល្ងាចថ្ងៃទី១៦ខែមីនាឆ្នាំ២០២៥ បានបង្កខូចខាត ប៉ះពាល់ដល់មូលដ្ឋានក្រុង ស្រុកចំនួន១០នៃខេត្តសៀមរាបដូចជា៖ ក្រុងសៀមរាប, ក្រុងរុនតាឯក ស្រុកពួក, ស្រុកប្រាសាទបាគង, ស្រុកជីក្រែង, ស្រុកអង្គរជុំ, ស្រុកស្វាយលើ, ស្រុកអង្គធំ, ស្រុកបន្ទាយស្រី និងស្រុកសូទ្រនិគម ។
ជាមួយគ្នានេះ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តសៀមរាបបានឲ្យដឹងថា: គិតត្រឹមម៉ោង៩យប់ថ្ងៃនេះ ឧបទ្ទេវហេតុខ្យល់កន្ដ្រាក់នេះបានបង្កឲ្យប៉ះពាល់ និងខូចខាតដូចខាងក្រោម៖ ទី១៖ ប្រជាពលរដ្ឋប៉ះពាល់ចំនួន១៧៨គ្រួសារ , ទី១ ខូចខាតផ្ទះសំបែង (រលំផ្ទះ/ទ្រេត) សរុបចំនួន១១ខ្នង, ទី៣៖ ប៉ះពាល់ផ្ទះសំបែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន១៦០ខ្នង, ទី៤ ប៉ះពាល់ដំបូលព្រះវិហារចំនួន១ខ្នង, ទី៥៖ ប៉ះពាល់អគាររដ្ឋបាល ចំនួន២ខ្នង,ទី៦៖ ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈចំនួន២ខ្នង, ទី៧៖ ប៉ះពាល់រោង/តូប ចំនួន៦កន្លែង, ទី៨៖ រលំ/បាក់ដើមឈើ ចំនួន៧១ដើម, ទី៩ បណ្តាលឲ្យរបួស៧នាក់ (ស្រី៣នាក់) និងពុំមានអ្នកស្លាប់ ព្រមទាំងផលប៉ះពាល់ផ្សេងទៀតដូចជា រលំបង្គោលភ្លើងលម្អផ្លូវ, រលំ-បាក់មែកឈើលើដងផ្លូវ៕
