ដោយ : បន្ទាយ

ព្រំដែនកម្ពុជា ថៃ ៖ ព្រឹត្តិការណ៍រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ មានការចូលរួមរត់ពីអត្តពលិកកម្ពុជា-ថៃ រាប់រយនាក់បានធ្វើឡើងកាលពីព្រលឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ កន្លងមកដោយចេញដំណើរពីមុខច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -បានណងអៀន ឆ្លងស្ពាននៃប្រទេសទាំង២ ទៅកាន់ទីតាំងប្រារព្ធពិធីក្នុងទឹកដីព្រះរាជណាចក្រថៃ ចម្ងាយ៦គីឡូម៉ែត្រ ។
ក្នុងនោះមានវត្តលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ និងលោក Tull Traisorat ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានការចូលរួមពីលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកប៉ះរិនញ៉ា ពោធិសាត អភិបាលខេត្តស្រះកែវ និងមន្ត្រី កងកម្លាំង អ្នកពាក់ព័ន្ធរាប់រយនាក់ ។
លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានឲ្យដឹងថា : ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កម្ពុជា-ថៃ បង្ហាញពីសក្ខីភាពមួយដ៏ច្បាស់លាស់ អំពីភាពជិតស្និទ្ធ រឹងមាំ នៃទំនាក់ទំនង កិច្ចសហប្រត្តិបត្តិការរវាងពលរដ្ឋ រដ្ឋបាល …ប្រទេសទាំងពីរ ។
ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត រវាងទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ការចូលរួមចំណែកក្នុងការជំរុញរក្សាសន្តិភាព ការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ។
តាមរយៈនៃការរៀបចំព្រឹត្តិការណ៍រត់ឆ្លងដែននៃប្រទេសទាំងពីរភាគីកម្ពុជា-ថៃ ភាគីទាំង២ ក៏បានប្ដេជ្ញា បន្តពង្រឹង ពង្រឹកថែរក្សានូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ រួមគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗតាមព្រំដែន ដោយរក្សាបាននូវព្រំដែនសន្តិភាពពិសេសទប់ស្កាត់នូវការចរាចរគ្រឿងញៀននៅតាមព្រំដែនទាំង២ផងដែរ។
សូមរំលឹកថា : កំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជា ថៃក្នុងឆ្នាំ ២០២៤ ដែលមាន ១០ពាន់លានដុល្លារ ពោលកើនឡើងជាង២ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២៣៕
