អន្តរជាតិ

អ្នកច្បាប់ជំរុញឲ្យរដ្ឋបាលត្រាំបោះបង់ផែនការសម្លាប់សត្វទីទុយ ដោយលើកឡើងថាវានឹងចំណាយច្រើនពេក

ប្រែសម្រួល៖ ស្រីនិច
ក្រុមអ្នកច្បាប់ពីរគណបក្សកាលពីថ្ងៃចន្ទ (ទី១០ មីនា) បានជំរុញឲ្យរដ្ឋបាលត្រាំបោះបង់ផែនការក្នុងការសម្លាប់សត្វទីទុយប្រភេទឈ្លានពានចំនួនជាង ៤៥០.០០០ ក្បាលនៅក្នុងព្រៃនៅឆ្នេរខាងលិច ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សត្វបក្សីទាំងនេះមិនឲ្យរំខានដល់ប្រភេទទីទុយតូចជាងមួយទៀត ដែលកំពុងប្រឈមនឹងការផុតពូជ។

អ្នកច្បាប់ទាំង ១៩ រូប ដឹកនាំដោយតំណាងរាស្ត្រសាធារណរដ្ឋ Troy Nehls ជាអភិរក្សនិយមនៃរដ្ឋតិចសាស និងតំណាងរាស្ត្រប្រជាធិបតេយ្យ Sydney Kamlager-Dove ជាសេរីនិយមនៃរដ្ឋកាលីហ្វ័រញ៉ា បានអះអាងថាការសម្លាប់នឹងមាន “តម្លៃខ្ពស់ហួសហេតុ” និងចំណាយ ៣.០០០ ដុល្លារក្នុងមួយក្បាល។

ពួកគេបានសួរថាតើការបាញ់សម្លាប់នឹងជួយដល់ប្រជាជននូវអ្វីដែរឬទេ ដែលជាប្រធានបទចម្រូងចម្រាសអស់រយៈពេលយូរដោយសារការរឹតត្បិតការកាប់ឈើនៅក្នុងជម្រកព្រៃរបស់សត្វបក្សីទាំងនេះចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងទីទុយនៅកាលីហ្វ័រញ៉ា ដែលមានទំនាក់ទំនងជិតស្និទ្ធ។

ទីងទុយឆ្នូតគឺជាសត្វដើមនៃអាមេរិកខាងកើត និងបានចាប់ផ្តើមលេចឡើងនៅភាគពាយព្យនៃប៉ាស៊ីហ្វិកនៅទសវត្សរ៍ឆ្នាំ ១៩៧០។ ពួកវាបានជំនួសទីទុយអុចជាច្រើនយ៉ាងរហ័ស ដែលជាសត្វបក្សីតូចជាងដែលត្រូវការទឹកដីធំជាងដើម្បីបន្តពូជ។

យោងតាមមន្ត្រីសហព័ន្ធ ទីទុយឆ្នូតប្រមាណ ១០០.០០០ ក្បាលកំពុងរស់នៅក្នុងតំបន់ដែលមានទីទុយអុចតែប្រមាណ ៧.១០០ ក្បាលប៉ុណ្ណោះ។

ក្រោមផែនការរបស់សេវាកម្មជលផលនិងសត្វព្រៃសហរដ្ឋអាមេរិកដែលត្រូវបានអនុម័តកាលពីឆ្នាំមុន អ្នកបាញ់ដែលបានទទួលការបណ្តុះបណ្តាលនឹងមានគោលដៅបាញ់ទីទុយឆ្នូតអស់រយៈពេល ៣០ ឆ្នាំនៅទូទាំងផ្ទៃដីអតិបរមាប្រមាណ ៦០.០០០ គីឡូម៉ែត្រក្រឡានៅរដ្ឋកាលីហ្វ័រញ៉ា អូរេហ្គន និងវ៉ាស៊ីនតោន។

ផែនការនេះមិនរួមបញ្ចូលការប៉ាន់ប្រមាណតម្លៃទេ។ ប៉ុន្តែអ្នកច្បាប់បាននិយាយនៅក្នុងលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Doug Burgum ថាវាអាចកើនឡើងដល់ ១,៣ ពាន់លានដុល្លារ ដោយផ្អែកលើការប៉ាន់ប្រមាណចំណាយពីជំនួយឧបត្ថម្ភដែលបានផ្តល់ដល់កុលសម្ព័ន្ធជនជាតិដើមអាមេរិក Hoopa Valley នៅរដ្ឋកាលីហ្វ័រញ៉ាដើម្បីសម្លាប់ទីទុយឆ្នូតរហូតដល់ ១.៥០០ ក្បាល។

“នេះគឺជាការប្រើប្រាស់ប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកដ៏មិនសមរម្យនិងមិនមានប្រសិទ្ធភាព” អ្នកច្បាប់បានសរសេរ។ “ផែនការថ្មីបំផុតនេះគឺជាឧទាហរណ៍នៃរដ្ឋាភិបាលសហព័ន្ធរបស់យើងដែលកំពុងព្យាយាមជំនួសធម្មជាតិ និងគ្រប់គ្រងលទ្ធផលបរិស្ថានដោយចំណាយធំ។”

អ្នកនាំពាក្យនៃសេវាកម្មជលផលនិងសត្វព្រៃសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណួរអំពីការប៉ាន់ប្រមាណតម្លៃនិងកម្មវិធីយកទីងមូងចេញទេ។ ផែនការរបស់ទីភ្នាក់ងារបានអំពាវនាវឲ្យយកទីងមូងឆ្នូតចំនួនជាង ២.៤០០ ក្បាលចេញនៅឆ្នាំនេះ ហើយចំនួននោះនឹងកើនឡើងដល់ជាង ១៥.៥០០ ក្បាលប្រចាំឆ្នាំចាប់ពីឆ្នាំ ២០២៧។

អ្នកវិទ្យាសាស្ត្រអស់រយៈពេលជាច្រើនឆ្នាំកំពុងបាញ់ទីងមូងឆ្នូតជាលក្ខណៈពិសោធន៍ ហើយមន្ត្រីនិយាយថាលទ្ធផលបង្ហាញថាយុទ្ធសាស្ត្រនេះអាចបញ្ឈប់ការថយចុះនៃទីងមូងអុច។ គិតត្រឹមឆ្នាំមុន ទីងមូងឆ្នូតប្រមាណ ៤.៥០០ ក្បាលត្រូវបានសម្លាប់នៅឆ្នេរខាងលិចដោយអ្នកស្រាវជ្រាវចាប់តាំងពីឆ្នាំ ២០០៩។

ការសម្លាប់ប្រភេទសត្វបក្សីមួយដើម្បីសង្គ្រោះប្រភេទផ្សេងទៀតបានបំបែកអ្នកការពារសត្វព្រៃ និងរំលឹកឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមកដើម្បីសង្គ្រោះត្រីសាល់ម៉ុននៅឆ្នេរខាងលិចដោយសម្លាប់សត្វសិង្ហសមុទ្រនិងសត្វកុក។ ឬនៅពេលដែលសត្វ cowbird ដែលពងស៊ុតនៅក្នុងសំបុកនៃសត្វ warbler ត្រូវបានសម្លាប់ដើម្បីអភិរក្សសត្វ warbler។ ការយកទីទុយឆ្នូតចេញនឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតបែបនេះទាក់ទងនឹងសត្វបក្សីដែលជាអ្នកបរបាញ់ ដែលបានធ្វើរហូតមកដល់ពេលនេះ យោងតាមអ្នកស្រាវជ្រាវនិងអ្នកការពារសត្វព្រៃ។

ទីទុយឆ្នូតបានមកដល់ភាគពាយព្យនៃប៉ាស៊ីហ្វិកតាមរយៈទីវាលធំៗ ដែលដើមឈើដាំដោយអ្នកតាំងទីលំនៅបានផ្តល់ឱកាសឲ្យពួកវាមានជំហរ ឬតាមរយៈព្រៃបូរេអ៊ាល់នៃប្រទេសកាណាដា ដែលបានក្លាយជាកន្លែងកក់ក្តៅជាងនិងងាយស្រួលរស់នៅដោយសារការប្រែប្រួលអាកាសធាតុ តាមការលើកឡើងរបស់អ្នកស្រាវជ្រាវ។

ការរីករាលដាលរបស់ពួកវាបានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងស្តារទីងមូងអុចឡើងវិញអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលពីមុនបានផ្តោតលើការការពារព្រៃដែលពួកវារស់នៅ។ វារួមបញ្ចូលទាំងការរឹតត្បិតការកាប់ឈើក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Bill Clinton ដែលបានបង្កើតឲ្យមានជម្លោះនយោបាយដ៏ល្វីងជូរចត់ និងបានជួយបន្ថយការថយចុះនៃទីទុយងអុចជាបណ្តោះអាសន្ន៕
ប្រភព៖ AP/zl