ដោយ៖ សុខុម
ស្ទឹងត្រែង៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលខេត្តស្ទឹងត្រែងបង្រ្កាបបាន ជ័រអាភៀនរាប់សិបគីឡូក្រាម និងបន្តឃាត់ខ្លួនសង្ស័យចំនួន៨នាក់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹង កាលពីថ្ងៃទី១៥មីនាថាប្រតិបត្តិការបង្រ្កាបជ័រអាភៀនខាងលើនេះ គឺធ្វើឡើងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តដឹកនាំ សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឱ្យដឹងទៀតថា តាមការស្រាវជ្រាវស៊ើបអង្កេតបទល្មើសដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែនពីឡាវ មកកម្ពុជា។ ពីដំបូងសមត្ថកិច្ចឃាត់ចំនួន៦នាក់ ក្នុងនោះមានជនជាតិថៃ ៥នាក់ ស្រី១នាក់ និងបុរសជនជាតិឡាវ ១នាក់។
ជនសង្ស័យជនជាតិថៃនិងឡាវ សរុប៦នាក់ពួកគេសុទ្ធតែមានលិខិតឆ្លងដែន។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមានរថយន្តចំនួន២គ្រឿង, ជ័រអាភៀនចំនួន ៥បាវ (មិនទាន់ថ្លឹង)
ទូរសព្ទ ៦គ្រឿង។
ក្រោយធ្វើការសាកសួរជនសង្ស័យសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជនជាតិចិនពីរនាក់បន្ថែមទៀតនៅខេត្តព្រះសីហនុ ចំណុចការ៉ាសសាំង Sokimex ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វត្ថុតាងរថយន្តចំនួន ០២គ្រឿង ទូរសព្ទដៃ។
ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន ៨ នាក់ មាន៣សញ្ជាតិ ក្នុងនោះ(ថៃ៥នាក់ ឡាវ១នាក់ ចិន២នាក់)រួមទាំងជ័រអាភៀន ច្រើនគីឡូក្រាមបានបន្តនីតិវិធីទៅតុលាការ។
សមត្ថកិច្ចបង្ហើបឱ្យដឹងថាជ័រអាភៀននេះ ក្រុមឧក្រិដ្ឋជនយកទៅដើម្បីផលិតជាគ្រឿងញៀនដែលគេនិយមហៅថា យ៉ាម៉ា,ម៉ាទឹកកក យ៉ាម៉ាគ្រាប់ ឬថ្នាំញៀនផ្សេងទៀត គឺអាចផលិត
បានច្រើនណាស់។
ករណីបង្រ្កាប គ្រឿងញៀននេះ វាមិនមែនកើតឡើងជាលើកទី១ទេសម្រាប់ខេត្តស្ទឹងត្រែង។ កន្លងមក សមត្ថកិច្ចបង្រ្កាបបានច្រើននិងឃាត់ខ្លួនជនសង្ស័យមានខ្មែរ និង ជនបរទេស៕
