ដោយ : បន្ទាយ

បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តនិងសហការីរួមជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្ត , មន្ទីរសុខាភិបាលខេត្តព្រមទាំងអង្គភាព,អ្នកពាក់ព័ន្ធប្រមាណ៤ពាន់នាក់នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៥ បានប្រារព្ធការអបអរការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅមុខអគារធំនៃសាលាខេត្តនិងរៀបក្បួនដង្ហែដោយចេញពីសាលាខេត្ត កាត់តាមវិថីសំខាន់ៗចំកណ្តាលទីប្រជុំជនខេត្ត នាក្រុងសិរីសោភ័ណ។
លោក នៅ ចំរើន ប្រធានមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យអោយដឹងថា: ការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ
និងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ មានចំនួន៦ជាប់ជាជ័យលាភីក្នុងឆ្នាំ២០២៤ ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាស្ថាបនិកសន្តិភាព បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងនោះមាន ការកែលម្អការផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍន៍ធនធានមនុស្ស និងកំណែទម្រង់បៀវត្ស។
ក្នុងឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកគតិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ,លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តន៍ការប្រឡងប្រជែងសេវាសាធារណៈគំរូជាវិស័យអាទិភាព០២គឺ វិស័យអប់រំ និងវិស័យសុខាភិបាល។
លោកនៅ ចំរើន ថ្លែងបន្តថា: កន្លងមកការជ្រើសរើស និងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ គិតត្រឹមឆ្នាំ២០២៤ ការប្រឡងប្រជែងបានអនុវត្តបាន៣លើក ។លើកទី១ នៅឆ្នាំ២០១៨ សម្រាប់ខេត្តបន្ទាយមានជ័យទទួលបានជ័យលាភីលើវិស័យសុខាភិបាលបានទៅលើមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3) ជាប់ចំណាត់ថ្នាក់លេខ២ ។
ការងារប្រកួតប្រជែងត្រូវបានផ្អាកដោយវិបត្តិសាកល ជម្ងឺកូវីដ១៩ ។
ក្រោមម្លប់សុខសន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនោះ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានរៀបចំដាក់ឲ្យដំណើរការឡើងវិញនូវការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូចាប់ពីឆ្នាំ២០២៣ ដល់បច្ចុប្បន្ន។
ក្នុងឆ្នាំ២០២៣ កន្លងមក ខេត្តបន្ទាយមានជ័យមានអង្គភាពដែលបានប្រឡងជាប់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺមណ្ឌលសុខភាពបុស្បូវ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១០ ក្នុងចំណោម មណ្ឌលសុខភាពជាង៣ពាន់នៅទូទាំងប្រទេស។
តាមអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងប្រកាសអន្តរក្រសួង ឆ្នាំ២០២៤ រវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជននិងកីឡា និងប្រកាសអន្តរក្រសួងមួយទៀតឆ្នាំ២០២៤ដែរ រវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានកំណត់យកអង្គភាពកម្រិតវិទ្យាល័យ និងសាលាមត្តេយ្យសិក្សា ក្នុងវិស័យអប់រំ និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1) កម្រិត២ (CPA2) និងកម្រិត៣ (CPA3) ក្នុងវិស័យសុខាភិបាលត្រូវបានកំណត់ជាអង្គភាពគោលដៅសម្រាប់ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ។
ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពទាំងនេះ ត្រូវបានអនុវត្តផ្អែកលើសូចនាករលម្អិតដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរងនៃលក្ខណៈវិនិច្ឆ័យ គោលសំខាន់ៗចំនួន៨ ។
យន្តការសម្រាប់អនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលមាន០៣ កម្រិតគឹ (កម្រិតទី១)នៅថ្នាក់ជាតិ (កម្រិតទី២)នៅថ្នាក់រាជធានី -ខេត្តនិង (កម្រិតទី៣)នៅថ្នាក់ក្រុង -ស្រុក- ខណ្ឌ។
ជាលទ្ធផលអង្គភាពវិស័យអប់រំដែលបានស្នើឡើងដោយគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកគណៈកម្មការវាយតម្លៃថ្នាក់ជាតិមានចំនួនសរុប៩៤ អង្គភាព។ក្នុងនោះសម្រាប់កម្រិតវិទ្យាល័យចំនួន៤៩អង្គភាពនិងសាលាមត្តយ្យសិក្សា ចំនួន៤៥អង្គភាពនិងវិស័យសុខាភិបាលចំនួនសរុប៨២ អង្គភាព ។
សម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPA1)ចំនួន៣១អង្គភាព។ មន្ទីរពេទ្យបង្អែកប់កម្រិត២ (CPA2) ចំនួន២៩ អង្គភាព និងមន្ទីរពេទ្យបង្អែកកម្រិត៣ (CPA3) ចំនួន ២២ អង្គភាព។
ក្រោយពីការវាយតម្លៃយ៉ាងល្អិតល្អន់ សង្គតិភាពទៅតាមនីតិវិធីដែលបានកំណត់និងក្រោយពីការធ្វើបទបង្ហាញនៅថ្នាក់ជាតិ ខេត្តបន្ទាយមានជ័យ មានអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន០៦ ។
ក្នុងនោះវិស័យអប់រំមាន០២ អង្គភាពរួមមាន : ១-សាលាមត្តេយ្យសិក្សាធនធានកកោះ ជាប់ចំណាត់ថ្នាក់លេខ៤ ។២- សាលាមតេយ្យសិក្សាធនធានគយម៉ែង ជាប់ចំណាត់ថ្នាក់លេខ៨ ។
ដោយឡែក អង្គភាពទទួលពានរង្វាន់សាលារៀនគំរូ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្នាំ២០២៣-២០២៤ រួមមាន : ៣- វិទ្យាល័យហ៊ុន សែន ខ្លាកូន ។៤-វិទ្យាល័យសិរីសោភ័ណ ។ ៥-វិទ្យាល័យភ្នំធំ ។៦-សាលាបឋមសិក្សាសាមគ្គីមានជ័យ ។ ៧-សាលាបឋមសិក្សាស្រះរាំង ។៨-សាលាបឋមសិក្សាស្រះជីក ។
ចំណែកឯ វិស័យសុខាភិបាលមាន០៤ អង្គភាព គឺ១-មន្ទីរពេទ្យបង្អែកសិរីសោភ័ណ (CPA1) ជាប់ចំណាត់ថ្នាក់លេខ២ ។២-មន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ(CPA2)ជាប់ចំណាត់ថ្នាក់លេខ៣ ។៣-មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី (CPA3)ជាប់ចំណាត់ថ្នាក់លេខ៦ និង៤-មន្ទីរពេទ្យ
បង្អែកម៉ាឡៃសន្តិភាព (CPA1) ជាប់ចំណាត់ថ្នាក់លេខ ៧។
ក្នុងនោះ ក៏ផ្តល់រង្វាន់ដល់កុមារា ផុង វិវឌ្ឍន៍សិស្សថ្នាក់ទី៧«C» វិទ្យាល័យសិរ,ិសោភ័ណ ជ័យលាភីលេខ១ ទូទាំងប្រទេស ផ្នែកស្មូតកំណាព្យ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២៥ ផងដែរ ។
ក្នុងនាមតំណាងជាប្រតិបត្តិករដែលទទួលសហការអនុវត្តសេវាសាធារណ: ហើយទទួលបានជ័យលាភី លោកវេជ្ជបណ្ឌិត អ៊ាង តារាវុធ ប្រធានមន្ទីរពេទ្យបង្អែកសិរីសោភ័ណមានក្តីរំភើប សោមនស្ស និងថ្លែងអំណរគុណដល់បុគ្គលិក អ្នកពាក់ព័ន្ធដែលបានខិតខំនិងសហការរហូតអោយអង្គភាពទទួលបានជ័យលាភីដូច្នេះ ។ក៏សូមគោរពថ្លែងអំណរគុណដល់គណៈកម្មការវាយតម្លៃថ្នាក់ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងថ្នាក់ជាតិដែលផ្តល់ការវាយតម្លៃនិងពានរង្វាន់ទាំងនេះ ។
ជាពិសេស សូមគោរពថ្លែងអំណរគុណនិងដឹងគុណសម្តេចតេជោហ៊ុន សែន ស្ថាបនិកសន្តិភាព-អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ,សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាក់ព័ន្ធ ដែលជំរុញលើកទឹកចិត្តនិងផ្តល់ការទទួលស្គាល់ស្នាដៃរបស់អង្គភាពនិងមន្ត្រីយើងខ្ញុំក្នុងការខិតខំបំពេញការងារ។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: នេះគឺជាសក្ខីកម្មនៃសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដែលមិនអាចប្រកែកបានក្រោមការដឹកនាំតនិងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តនិងការប្តេជ្ញាចិត្តខ្ពស់របស់លោក លោកស្រី នាយក នាយិកា ប្រធាន បុគ្គលិកនិងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍ មន្ទីរ ជំនាញ និងរដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ទើបអាចទទួលបានលទ្ធផលតាមលក្ខណៈវិនិច្ឆ័យគោលទាំង៨ នៅពេលនេះ។
លោកអ៊ុំ រាត្រី ថ្លែងបន្តថា: ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងបានប្រែក្លាយឱ្យអង្គភាពផ្ដល់សេវាសាធារណៈទាំងអស់ ទៅជាអង្គភាពផ្តល់សេវាសាធារណៈដោយគុណភាព សាកសិទ្ធភាព សង្គតិភាព ក្នុងការផ្តល់សេវាឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋប្រកបដោយទំនុកចិត្តស្របតាមពាក្យស្លោករបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន “មន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ មិនមែនជាម្ចាស់រាស្ត្រឡើយ” ៕
